សហរដ្ឋអាមេរិក គ្រោងប្រកាសកញ្ចប់ជំនួយយោធា ៤២៥ លានដុល្លារសម្រាប់អ៊ុយក្រែន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a9-73

a8-79

អន្តរជាតិ៖ នៅថ្ងៃសុក្រនេះ (ម៉ោងនៅវ៉ាស៊ីនតោន) រដ្ឋបាលលោកចូ បៃដិន ប្រធានាធិបតីអាមេរិកមានផែនការប្រកាសពីការផ្ដល់កញ្ចប់ជំនួយយោធាទំហំទឹកប្រាក់ ៤២៥ លានដុល្លារសម្រាប់អ៊ុយក្រែន ក្នុងនោះរួមមានទាំងរ៉ុក្កែតប្រឆាំងយន្ដហោះដ្រូន និងគ្រាប់មីស៊ីលផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ កញ្ចប់ជំនួយយោធាខាងលើត្រូវបានរំពឹងថានឹងមិនមានមីស៊ីលរយៈចម្ងាយ ATACMS បន្ថែមនោះទេ។ Reuters ដោយផ្អែកលើឯកសារមួយដែលខ្លួនបានឃើញ និងប្រភពពីមន្ត្រីអាមេរិកម្នាក់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានឱ្យដឹងទៀតថា កញ្ចប់ជំនួយយោធាខាងលើនឹងមានរួមបញ្ចូលមីស៊ីល បំពាក់ឡាស៊ែរប្រាប់ទិសមានទំហំទឹកប្រាក់ ៣០០ លានដុល្លារ ដើម្បីបាញ់យន្ដហោះដ្រូន។ មូលនិធិសម្រាប់មីស៊ីលទាំងនេះនឹងត្រូវដកចេញពីកម្មវិធី Ukraine Security Assistance Initiative (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលលោក បៃដិន ទិញអាវុធពីក្រុមហ៊ុនអាវុធអាមេរិក ជាជាងដកអាវុធចេញពីឃ្លាំងស្តុក។ ចំណែកកញ្ចប់ជំនួយយោធានៅសល់ ១២៥ លានដុល្លារនឹងត្រូវចំណាយលើការផ្ដល់មីស៊ីលបន្ថែមសម្រាប់ប្រព័ន្ធមីស៊ីល NASAM HIMARS គ្រាប់កាំភ្លើងធំ ១០៥ និង ១៥៥មីលីម៉ែត្រ ព្រមទាំងអាវុធប្រឆាំងរថក្រោះជាដើម។ គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមនៅអ៊ុយក្រែនផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២ មកសហរដ្ឋអាមេរិកបានផ្ដល់ជំនួយយោធាទំហំ ៤៤ ពាន់លានដុល្លារហើយទៅឱ្យអ៊ុយក្រែន៕

Comments

Related posts