សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មករ និយោជិត ប្រៀបបានដូចជាថាមពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ

 

វិទ្យុជាតិកម្ពុជា  ៖ ស៊ឹង សុផារី ០៧.១១.២០២៣

IMG_20231107_072056_342

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្មករ និយោជិត ប្រៀបបានដូចជាថាមពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ ព្រោះនៅពេលកម្មករ និយោជិត មានសមត្ថភាពកាន់តែខ្លាំង នោះកម្លាំងសេដ្ឋកិច្ចជាតិក៏កាន់តែខ្លាំងទៅតាមនោះផងដែរ ។
ក្នុងពិធីបន្តជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ជាង១៥០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ នាថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ជីវភាពរស់នៅ និងសុខទុក្ខរបស់កម្មករ-និយោជិតទាំងអស់ គឺតែងតែត្រូវបានយកចិត្តទុកដាក់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការរៀបចំគោលនយោបាយគាំទ្រជាប់ជាប្រចាំ ជាពិសេសការបង្កើត និងពង្រីកការងារឱ្យកាន់តែច្រើន បង្កើតបរិយាកាសលក្ខខណ្ឌការងារល្អ របបសន្តិសុខសង្គម និងគាំពារលើជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងការព្យាយាមបង្កើនប្រាក់បៀវត្សអប្បបរមា បូកនឹងអត្ថប្រយោជន៍ផ្សេងៗផងដែរ ។
សម្តេចធិបតីបញ្ជាក់ថា អត្ថប្រយោជន៍ទាំងនេះ ក៏នឹងត្រូវបន្តផ្តល់ជូន និងពង្រឹងបន្ថែមជូនដល់កម្មករ-និយោជិតទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ខណៈដែលកម្មករ កម្មការិនី និយោជក គឺជាចំណុចអាទិភាពដ៏សំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ។
 « អរគុណចំពោះបងប្អូនទាំងអស់កម្មករកម្មការិនីទាំងអស់ ថ្នាក់ដឹកនាំសហគ្រាស រោងចក្រ គ្រប់កម្លាំងទាំងអស់ ដែលបានរួមគ្នានៅក្នុងការជំរុញកម្លាំងសេដ្ឋកិច្ចរបស់កម្ពុជា តាមវិស័យរៀងៗខ្លួន តាមរោងចក្រ សហគ្រាសនីមួយៗ គឺជាចលករ សំខាន់ ជាថាមពលសំខាន់ ដែលអាចហៅបានថា ដូចជាថ្មមួយដែលជួយឱ្យប្រទេសដើរទៅមុខ ដូច្នេះថ្មកាន់តែខ្លាំង កម្លាំងថាមពលរបស់ប្រទេសកាន់តែកើន ដូច្នេះថ្មនេះដែរ លុះត្រាណាតែធាតុផ្សំ ថាមពលនៅក្នុងនោះ គឺជាកម្លាំងបងប្អូន ដែលជាកម្លាំងផលិតនៅទីនេះ បងប្អូនដែលជាកម្មករនិយោជិត និយោជក ផ្នែករដ្ឋបាល សន្តិសុខ គ្រប់ផ្នែកទាំងអស់ ដែលបានរួមគ្នាធ្វើការងារ ជំរុញកម្លាំងពលកម្ម ដោយសុខដុមរមនាបង្កើតនូវបរិស្ថានសម្រាប់ទាក់ទាញនៅប្រទេសរបស់យើងដើម្បីបានផលឈ្នះ ឈ្នះ ទាំងអស់គ្នា បងប្អូនក៏បានការងារ បង្កើនចំណូល និងអត្ថប្រយោជន៍ផ្សេងៗ ក្រុមហ៊ុន រោងចក្រ ក៏បានចំណូលនិងប្រាក់ចំណេញ ការងារផ្សេងៗ សេដ្ឋកិច្ចជាតិយើងក៏មានចំណូលចូល តាមរយៈការនាំចេញពន្ធនិងផ្សេងៗទៀត ដែលយកទៅចំណាយលើការចំណាយ ក្នុងសង្គម ជួយដល់ប្រជាពលរដ្ឋដទៃទៀត ដូច្នេះបងប្អូននៅទីនេះក៏ដូចជាបងប្អូននៅទូទាំងប្រទេស បានចូលរួមក្នុងសកម្មភាពនេះខ្លាំងខ្លាំងណាស់ » ។
ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់កម្មករ-និយោជិតទាំងអស់ ដែលបានផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា ក្នុងការបន្តដឹកនាំ និងបម្រើប្រជាពលរដ្ឋបន្តទៅទៀត ដែលនេះពិតជាបានបញ្ជាក់អំពីជំនឿជឿជាក់ ភាពរីករាយ និងភាពកក់ក្តៅចំពោះគោលនយោបាយដ៏ជាក់លាក់របស់ សម្តេចតេជោ ហើយដែលត្រូវបានបន្តអនុវត្តដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន និងទៅអនាគត ៕

Comments

Related posts