ឥណ្ឌាសន្យាជួយជំរុញអ្នកទេសចរ និងអ្នកវិនិយោគមកកម្ពុជា

 

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៧ ១១ ២០២៣

IMG_1286

IMG_1289

IMG_1287

 

លោកជំទាវបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade)  ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា បានសន្យាថា នឹងខិតខំជំរុញ ព្រមទាំងកៀរគរអ្នកទេសចរ អ្នកវិនិយោគឥណ្ឌាមកកម្ពុជាឱ្យបានកាន់តែច្រើន ខណៈពលរដ្ឋឥណ្ឌាជាច្រើនចាប់អារម្មណ៍ជាខ្លំាង ក្នុងការធ្វើដំណើរមកទស្សនាកម្ពុជា ជាពិសេសសំណង់ប្រាសាទបុរាណនៅកម្ពុជា ដែលជាស្ថាបត្យកម្ម បុរាណដ៏ល្អឯក។ 

ការសន្យានេះធ្វើឡើងក្នុងឱកាសចូលជួបសម្តែងការគួរសម សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកជំទាវ ឯកអគ្គរដ្ឋទូត ក៏បានសន្យាថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ជាពិសេសក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី លើការលើកកម្ពស់សមត្ថភាព និងផ្តល់ភាព អង់អាចដល់កុមារី យុវតី និង ស្រ្តី។ ជាមួយគ្នានេះ ឥណ្ឌាក៏នឹងបន្តសហការជាមួយកម្ពុជា លើការបណ្តុះ បណ្តាល និងផ្លាស់ប្តូរលើវិស័យរួមមាន បច្ចេកវិទ្យា កសិកម្ម អប់រំ វប្បធម៌ ថាមពល ការជួយអភិរក្ស ប្រាសាទបុរាណ ជាដើម។ 

សម្តេចប្រធានរដ្ឋសភា បានធ្វើការវាយតម្លៃថា បេសកកម្មការទូតរបស់លោកជំទាវនាពេលនេះ ពិតជា មានសារៈសំខាន់ខ្លាំង ស្របពេលដែលពិភពលោកមានភាពមិនប្រាកដប្រជា ផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងប្រឈមមុខនឹងបញ្ហាជាច្រើន មានជាអាទិ៍ ការប្រែប្រួលអាកាសធាតុ និងការប្រកួតប្រជែងភូមិសាស្រ្ត នយោបាយរបស់មហាអំណាច យ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងការទូតកម្ពុជានិងឥណ្ឌា នៅតែឈររឹងមាំ ជាមួយគ្នាគ្រប់កាលៈទេសៈនិ ងបាននាំមកនូវការរីកចម្រើនលូតលាស់លើគ្រប់វិស័យ ដែលជា ផលប្រយោជន៍ យ៉ាងច្រើនជូនប្រទេសនិងប្រជាជនទាំងសងខាង។ សមិទ្ធផលជាច្រើនបានកើតចេញពីទំនាក់ទំនងដ៏ស្អិតល្មួតរវាងប្រទេសទំាងពីរ រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ វប្បធម៌ អរិយធម៌ សាសនា ការអប់រំ ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។ 

សម្តេចរដ្ឋសភាធិបតី បានបង្ហាញក្តីរំភើបរីករាយជាខ្លំាង នូវលទ្ធផលនៃជំនួបរវាងលោកជំទាវឯកអគ្គរដ្ឋទូត និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីដើមខែតុលា កន្លងទៅថ្មីៗនេះ ជាពិសេស លើការឯកភាពគ្រោងឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌាមកកាន់កម្ពុជាក្នុងពេលឆាប់ៗនេះ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ប្រទេសឥណ្ឌា ជួយបណ្តុះបណ្តាលផ្នែកព័ត៌មានវិទ្យា ដល់សិស្សនិស្សិតកម្ពុជា ក៏ដូចជាមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជាផងដែរ៕

Comments

Related posts