ភ្ញៀវទេសចរបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលបានដើរឆ្លងកាត់ស្ពានហាលប្រាសាទអង្គរវត្ត ក្រោយពេលបើកដំណើរការឡើងវិញ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៧ ខែវិច្ឆិកា

ឆ្នាំ២០២៣

IMG_1307

IMG_1305

IMG_1306

IMG_1308

IMG_1298

 

MC. ក្រោយពីបើក សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងមួយថ្ងៃៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាច្រើនរយនាក់ដើរឆ្លងកាត់ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើម្បីចូលទៅទស្សនាប្រាសាទអង្គរវត្ត បានពោលពាក្យកោតសរសើរចំពោះអាជ្ញាធរជាតិអប្សរា ដែលបានខិតខំប្រឹងប្រែងជួសជុល និងអភិរក្ស ស្ពានហាលនេះបានល្អប្រសើរឡើងវិញ។ 

អ្នកយកព័ត៌មានយើងប្រចាំខេត្តសៀមរាបធ្វើសេចក្តីរាយការណ៍!

លោកតា កាយ កាន អាយុ៧៨ឆ្នាំ មកពីខេត្តកំពង់ធំ បានបង្ហាញអារម្មណ៍រីករាយក្រោយរូបលោកតា បានដើរឆ្លងកាត់ស្ពានហាលសាជាថ្មី ដោយលោកតារៀបរាប់ថា គាត់ធ្លាប់ឆ្លងកាត់ស្ពានហាលនេះតាំងពីឆ្នាំ ២០០៥ ដែលកាលណោះ ស្ពាននេះមានស្ថានភាពបាក់បែក និងស្រុតដោយកន្លែងពិបាកធ្វើដំណើរ។ ប៉ុន្តែពេលនេះ គាត់បានដើរលើស្ពានបុរាណម្តងទៀត ឃើញថា មានភាពរឹងមាំឡើងវិញ ព្រមទាំងធ្វើឱ្យ ភ្ញៀវដែលមកលេងអង្គរងាយស្រួលធ្វើដំណើរជាងមុន។លោកតាយល់ថា កាជួសជុលស្ពានហាលឱ្យ ប្រសើរឡើងវិញនេះ គឺបានថែរក្សាទុកស្នាដៃរបស់បុព្វបុរសខ្មែរឱ្យនៅគង់វង្សបានយូរអង្វែង សម្រាប់កូន ចៅ ជំនាន់ក្រោយៗទៀតបានឃើញ។

សំឡេង៖ ខ្ញុំធ្លាប់មកតាំងពីមិនទាន់ធ្វើកើត ដើរឆ្លងពីដុំថ្មមួយទៅដុំថ្មមួយ ខ្ញុំមកតាំង២០០៥ ហើយក្រោយ មកក៏មករហូត ហើយឥឡូវដើរស្រួលហើយ ហើយក៏អរគុណរាជរដ្ឋាភិបាលដែលបានសាងស្ពាន ឱ្យប្រជាពលរដ្ឋដើរកម្សាន្តបានយ៉ាងស្រួល។

ចំណែក លោកស្រី Linda និង អ្នកស្រី Hidi ជនជាតិអាមេរិក ដែលបានដើរឆ្លងកាត់ស្ពានហាល ជាលើក ដំបូង បានបង្ហាញការចាប់អារម្មណ៍លើសំណង់ប្រាសាទបុរាណដ៏អច្ឆរិយៈរបស់ប្រទេសកម្ពុជានេះ ពិសេស គឺការជួសជុលថែទាំស្ពានហាលនេះជាដើម។ 

ភ្ញៀវទេសចរបរទេសទាំងពីររូប បង្ហាញអារម្មណ៍រំភើប ដោយចាត់ទុកថា រូបគាត់ទាំងពីរ មានសំណាង ណាស់ ពីព្រោះដំណើរកម្សាន្តនៅរមណីយដ្ឋានអង្គរ ស្របពេលសំណង់ស្ពានហាលបានជួសជុលរួចរាល់ ហើយបានដើរឆ្លងកាត់ជាលើកដំបូង។

សំឡេង៖មានចំណាប់អារម្មណ៍ខ្លាំង ដោយសារការថែរក្សានិងអភិរក្សបានល្អសម្រាប់មនុស្សជំនាន់ ក្រោយៗទៀត ហើយគាត់មានសំណាងណាស់ដែលទើបតែបើកហើយបានឆ្លងកាត់។

សូមជ្រាបផងដែរថា ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត បានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងមកនេះ៕

Comments

Related posts