បទយកការណ៍៖ ស្ពានហាលប្រាសាទអង្គរវត្ត គឺជាតឹកតាងប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបានជួសជុលរួចរាល់និងដាក់ឱ្យប្រើប្រាស់

អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ៖ ដោយលោកស្រី ធៀង ស្រីមុំ
ដូចដែលលោកអ្នកបានជ្រាបហើយថា៖ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថ្មីៗនេះ ក្រោមព្រះរាជាធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជាជាច្រើនរូបទៀត។ បន្ទាប់ពីពិធីសម្ពោធបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ អន្តរជាតិ អាចធ្វើដំណើរឆ្លងកាត់លើស្ពានបុរាណមួយនេះឡើងវិញ បន្ទាប់ពីបានបិទ ដើម្បីធ្វើការជួសជុលនាពេលកន្លងមក។
   សូមអញ្ជើញលោកអ្នកនាងស្តាប់បទយកការណ៍របស់វិទ្យុជាតិកម្ពុជាស្តីពី៖ ស្ពានហាលប្រាសាទអង្គរវត្ត គឺជាតឹកតាងប្រវត្តិសាស្ត្រថ្មី មួយទៀតដែលបានជួសជុលរួចរាល់និងដាក់ឱ្យប្រើប្រាស់ដូចតទៅ៖
លោកអ្នកនាងស្តាប់ជាទីមេត្រី !
ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត មានប្រវែង១៩០ម៉ែត្រ ទទឹង១១,៦០ម៉ែត្រ និងកម្ពស់៤ម៉ែត្រ បានកសាងពីថ្មបាយក្រៀមក្រាលដោយកម្រាលថ្មភក់ និងលម្អដោយបង្កាន់ដៃនាគយ៉ាងល្អឯក ដែលជាច្រកចូលដ៏សំខាន់របស់ប្រាសាទអង្គរវត្ត។ ដោយសារកត្តាអាយុកាល សង្រ្គាម ធម្មជាតិ និងកត្តាមនុស្ស ធ្វើឱ្យរចនាសម្ពន្ធរបស់ស្ពានហាល បានរងការខូចខាតទ្រុឌទ្រោមជាបន្តបន្ទាប់។ ក្នុងអំឡុងទសវត្សរ៍ទី៦០ សាលាបារាំងចុងបូព៌ា ដែលមានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការអភិរក្សតំបន់អង្គរសម័យនោះ បានជួសជុលស្ពាននេះមួយចំហៀងខាងត្បូងរួចរាល់ជាស្ថាពរ។ ចំណែកចំហៀងខាងជើង មានប្រវែង១៩០ម៉ែត្រ ទទឹង៥,៥ម៉ែត្រទៀត គឺមិនទាន់បានជួសជុលនៅឡើយទេ។ ទើបតែនៅក្នុងឆ្នាំ១៩៩៦ អាជ្ញាធរជាតិអប្សរា សហការជាមួយសាកលវិទ្យាល័យ សូហ្វីយ៉ានៃប្រទេសជប៉ុន បានចាប់ផ្តើមគម្រោងជួសជុលស្ពានហាលនេះ ដោយចំណាយពេលវេលា ជួសជុលជាបន្តបន្ទាប់ទើបសម្រេចបានជោគជ័យនៅក្នុងឆ្នាំ២០២៣នេះ។
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា បានមានប្រសាសន៍ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានហាលខាងលិចប្រាសាទអង្គរវត្តថា៖ ចាប់តាំងពីឆ្នាំ១៩៩៥ នៃការបង្កើតអាជ្ញាធរជាតិអប្សរា និងការចុះបញ្ជីប្រាសាទអង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ក្នុងឆ្នាំ១៩៩២ មកអាជ្ញាធរជាតិអប្សរា បានខិតខំបំពេញការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងអន្តរជាតិ ក្នុងការអភិរក្ស និងអភិវឌ្ឍន៍តំបន់បេតិកភណ្ឌវប្បធម៌អង្គរ ជាសម្បត្តិមនុស្សជាតិដ៏ល្បីល្បាញគ្មានពីរលើលោក។កិច្ចការងារនេះទទួលបានកិត្តិសព្ទ និងការទទួលស្គាល់យ៉ាងទូលំទូលាយនៅគ្រប់រូបភាព ពីសាធារណជនជាតិ និងអន្តរជាតិ ហើយបានក្លាយជាគោលដៅទេសចរណ៍ដែលប៉ងប្រាថ្នាជាងគេ នៅក្នុងតំបន់អាស៊ី និងលើពិភពលោក។

លោកជំទាវមានប្រសាសន៍ថា៖ កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សជួសជុល និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរ បេតិកភណ្ឌពិភពលោក មិនអាចប្រព្រឹត្តទៅប្រកបដោយផ្លែផ្កាទេ ប្រសិនបើគ្មានកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយនឹងស្ថាប័នជាតិ និងអន្តរជាតិ ជាពិសេសរាជរដ្ឋាភិបាលជប៉ុន ក៏ដូចជាស្ថាប័ន-គ្រឹះស្ថានសាធារណៈ និងវិស័យឯកជនជប៉ុន។
សំឡេង១« មកទល់បច្ចុប្បន្ននេះ ថវិកាជំនួយរបស់ប្រទេសជប៉ុនដើម្បីអង្គរ បានកើនឡើងច្រើនជាងមួយរយលានដុល្លារអាមេរិក។ បន្ថែមពីលើនេះទៀត ជប៉ុនក៏បានគិតគូរដល់ការបណ្ដុះបណ្ដាលធនធានមនុស្សផងដែរ។ ចាប់ពីឆ្នាំ១៩៩៣មក រដ្ឋាភិបាលជប៉ុន បានឧបត្ថម្ភគាំទ្រជាច្រើនលានដុល្លារអាមេរិក សម្រាប់កម្មវិធីបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពវិជ្ជាជីវៈ ក្នុងវិស័យបុរាណវិទ្យា និងស្ថាបត្យកម្មនៅសាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈភ្នំពេញ និងនៅអាជ្ញាធរជាតិនានា។ បច្ចុប្បន្ន អ្នកជំនាញខ្មែរទាំងនោះ កំពុងបម្រើការក្នុង វិស័យបេតិកភណ្ឌវប្បធម៌។ ក្រៅពីកម្មវិធីពង្រឹងសមត្ថភាពវិជ្ជាជីវៈខាងលើ អ្នកជំនាញខ្មែរជាច្រើនរូបទៀត សុទ្ធតែធ្លាប់បាន ហើយនិងកំពុងទទួលការបណ្ដុះបណ្ដាលកម្រិតមធ្យម អនុបណ្ឌិត និងបណ្ឌិត ទាំងនៅ តាមការដ្ឋានផ្ទាល់ ទាំងនៅតាមសាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសជប៉ុន»។

លោកជំទាវមានប្រសាសន៍បន្តថា៖ ការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ទម្រាំបានបញ្ចប់ជាស្ថាពរបានប្រើប្រាស់រយៈពេលសរុបចំនួន១៩ឆ្នាំ ដោយចែកចេញជាពីរដំណាក់កាល។ ដំណាក់កាលទី១ ប្រើប្រាស់រយៈពេលអស់១២ឆ្នាំ ពីឆ្នាំ១៩៩៦ ដល់ឆ្នាំ២០០៧។ និងដំណាក់កាលទី២ ប្រើប្រាស់អស់រយៈពេល៧ឆ្នាំ ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៣នេះ។លោកជំទាវថា៖ ការសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានហាលប្រាសាទអង្គរវត្ត គឺជាតឹកតាងប្រវត្តិសាស្ត្រថ្មីមួយទៀត នៃកិច្ចសហការរវាងប្រទេសទាំងពីរ កម្ពុជា- ជប៉ុន ហើយស្ពាននេះបានបើកដំណើរការឱ្យប្រើប្រាស់ឡើងវិញជាផ្លូវការ ចាប់ពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣តទៅ។               សំឡេង២« ដំណើរការ ជួសជុលដំណាក់កាលទី១ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត សម្រេចបានជោគជ័យ ប្រវែង៩៣ម៉ែត្រ ជួសជុលដោយក្រុមជំនាញផ្នែកស្ថាបត្យកម្ម ដឹកនាំដោយលោកសាស្ត្រាចារ្យ Masao Katagn នៃសាកលវិទ្យាល័យNihon និងសាស្ត្រាចារ្យយ៉ូស៊ីអាគី អ៊ីស៊ីហ្គាវ៉ា ប្រធានមជ្ឈមណ្ឌលអាស៊ី -ដើម្បីការ សិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាលធនធានមនុស្ស។ ដំណាក់កាលទី២ សម្រេចបាន ៩៩ម៉ែត្រ ដឹកនាំ សហការជួសជុសជាមួយអ្នកជំនាញការខ្មែរ ដោយលោកសាស្ត្រាចារ្យ សាតូ មីវា (Satoru MīWA) និង សាស្ត្រាចារ្យយ៉ូស៊ីអាគី អ៊ីស៊ីហ្សាវា នៃមជ្ឈមណ្ឌលអាស៊ី ដើម្បីការសិក្សាស្រាវជ្រាវ និងបណ្តុះបណ្តាល ធនធានមនុស្ស។ ក្នុងដំណើរការនេះ ជាលទ្ធផល ថ្មភក់ និងថ្មបាយក្រៀម ជាច្រើនពាន់ដុំ ត្រូវបានរៀបចំឡើងវិញ ដោយចំណាយថវិកាជាច្រើនរយលានយ៉េន និងជួយបណ្ដុះបណ្ដាលផ្នែកអភិរក្ស ជូនអ្នកជំនាញកម្ពុជាបានលើសពី ៣០នាក់ ក្នុងគោលដៅដើម្បីឱ្យជនជាតិខ្មែរ អាចរៀបចំជួសជុលប្រាសាទ និងស្រាវជ្រាវដោយខ្លួនឯង »។photo_2023-11-07_11-29-21
ព្រះតេជគុណ ឧបតិស្សោ ពត ផុន ព្រះជន្ម៨០ព្រះវស្សា គង់នៅវត្តរស្មីសូរិយារោងគោ ស្ថិតក្នុងឃុំខ្ចាស់ ស្រុកសូទ្រនិគម ដែលបាននិមន្តមកទស្សនា ប្រាសាទអង្គរវត្ត មានពុទ្ធដីកាថា៖ ព្រះអង្គធ្លាប់បានឆ្លងកាត់ស្ពានបុរាណមួយខ្សែនេះ តាំងពីសម័យសង្គមចាស់មក គឺនៅពេលមិនទាន់បិទ ដើម្បីជួសជុល។ព្រះអង្គ មានព្រះទ័យសប្បាយរីករាយ ដែលបានឃើញស្ពានបុរាណខាងលិចប្រាសាទអង្គរវត្ត បានជួសជុលរួចរាល់ ហើយបើកឱកាសឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ចូលទស្សនាប្រាសាទអង្គរវត្តឡើងវិញ។  
សំឡេង៣« បានឃើញនូវស្ពានដែលបានជួសជុលជាស្ថាពរហើយអាត្មាក៏ត្រេកអររីករាយជាខ្លាំង ព្រោះថាសមិទ្ធផលរបស់យើង ដែលបុព្វបុរសបានបន្សល់ទុកឱ្យយើង មកទល់ឥឡូវនេះហើយមានការខូចខាត ធ្វើដំណើរចុះឡើងមិនបានភ្ញៀវទាំងក្នុង និងក្រៅប្រទេស មិនអាចឆ្លងកាត់បាន ឥឡូវបានជួសជុលរួចជាស្ថាពរហើយ អាត្មាមានចិត្តរីករាយជាខ្លាំង។ឃើញថាវាស្អាតជាងមុន ព្រោះកាលមុនវាខូចខាត វាមានជង្ហុក ឥឡូវបានរាបស្មើស្អាតហើយ អាចទទួលភ្ញៀវទាំងក្នុងនិងក្រៅប្រទេសធ្វើដំណើរចុះឡើងបាន »។photo_2023-11-07_11-46-14
ចំណែកលោក ហ៊ីង ហំ រស់នៅភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ ក្រុងសៀមរាប ជាកម្មករ ដែលបានចូលរួមចំណែក ក្នុងកិច្ចការងារជួសជុលស្ពានហាលប្រាសាទអង្គរវត្ត តាំងពីដំណាក់កាលដំបូងមក បានឱ្យដឹងថា៖ ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត ដើមឡើយ             រងការខូចខាតទ្រុឌទ្រោមខ្លាំងគួរឱ្យកត់សម្គាល់ ដោយតួស្ពានបានទ្រេត ថ្មរងការបែកបាក់ដោយអន្លើៗ។ បន្ទាប់ពីការជួសជុលជាបន្តបន្ទាប់ របស់ក្រុមអ្នកជំនាញ ធ្វើឱ្យរចនាសម្ពន្ធនៃស្ពានទាំងមូលអាចឈររឹងមាំឡើងវិញ រហូតបញ្ចប់ការជួសជុលជាស្ថាពរ។ ភ្ញៀវទេសចរអាចឆ្លងកាត់ចូលទស្សនាប្រាសាទ តាមច្រកដ៏សំខាន់មួយនេះបានឡើងវិញ។
សំឡេង៤« វាទ្រុឌវាផ្អៀងមួយចំហៀង ថ្មប៉ាក់ប៉ើកគ្មានដើរកើតទេ ដើរទៅវារអិល ឥឡូវវាចូលដូចបុរាណវិញហើយ គួរតែចូលរួមថែរក្សាឱ្យបានគង់វង្សតកូនតចៅ  »។photo_2023-11-07_11-46-24
ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលនៅក្នុងព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត  កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ថា៖  ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ថ និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ នៃមហាវិរៈក្សត្រសម័យអង្គរ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមានតម្លៃជាសកលពិតប្រាកដ។
សំឡេង៥« ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ថ និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ នៃមហាវិរៈក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងមានតម្លៃជាសកលពិតប្រាកដ។ ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យ ជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូត ដ៏ស្និទ្ធស្នាល ក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះ រវាងប្រទេសកម្ពុជានិងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូង ក្នុងឆ្នាំ១៩៥៣។ កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍរមណីយដ្ឋានអង្គរប្រកបដោយចីរភាព នាពេលកន្លងមក ពិតណាស់ផ្តើមចេញពីការចូលរួម របស់គ្រប់ភាគីពាក់ព័ន្ធនានាទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសជប៉ុន »។photo_2023-11-07_11-47-07
លោកអ្នកនាងស្តាប់ជាទីមេត្រី!

ក្នុងដំណើរការជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ដំណាក់កាលទី២កន្លងមក អាជ្ញាធរជាតិអប្សរា និងគ្រឹះស្ថានអប់រំសូហ្វីយ៉ា បានសហការ និងព្រមព្រៀងបំពេញនូវកាតព្វកិច្ច      រៀងៗខ្លួន រួមមាន ៖
អាជ្ញាធរជាតិអប្សរា បានទទួលបន្ទុកថវិកាសរុបចំនួនជាង៨២ម៉ឺន ដុល្លារអាមេរិក ( ៨២០.០៧១) ដោយមិនទាន់គិត ដល់បន្ទុកចាំបាច់មួយចំនួនទៀត ដើម្បីចំណាយលើអ្នកបច្ចេកទេស ពលករសម្រាប់ការដ្ឋាន អ្នកដឹកនាំការដ្ឋានខ្មែរ ផ្គត់ផ្គង់ប្រេងឥន្ធនៈ ការថែទាំជួសជុលរថយន្តស្ទូច និងទិញសម្ភារៈចាំបាច់នានា សម្រាប់ដំណើរការការដ្ឋាន។ល។ គ្រឹះស្ថានអប់រំសូហ្វីយ៉ា បានផ្ដល់អ្នកជំនាញការជប៉ុន និងថវិកា ដើម្បីទិញសម្ភារៈ និងឧបករណ៍ ព្រមទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ដំណើរការការដ្ឋាន ដែលបានចំណាយថវិកាសរុបជាង ៦៨០០០ ដុល្លារអាមេរិកក្នុង១ឆ្នាំ។ រីឯរដ្ឋាភិបាលជប៉ុន បានប្រើប្រាស់ថវិកាសរុបចំនួន៩១លានយ៉េន ប្រហែលជា៧៥ ម៉ឺនដុល្លារអាមេរិក ក្រោមទម្រង់ជំនួយជាសម្ភារៈ និងគ្រឿងបរិក្ខារទំនើបៗសម្រាប់ដំណើរការការដ្ឋានជួសជុលនេះ។ សម្ភារៈ និងបរិក្ខារទាំងនោះ រួមមាន ម៉ាស៊ីនស្ទូចថ្ម១គ្រឿង, រថយន្តស្ទូចថ្ម ៤០តោន១គ្រឿង, រថយន្តមានដងស្ទូច២គ្រឿង, ម៉ាស៊ីនស្ទូចថ្មខ្នាតតូច២គ្រឿង, ម៉ាស៊ីនភ្លើង២គ្រឿង, ពន្លាកដាប់ថ្មចំនួន ៥០០, ម៉ាស៊ីនកាត់ និងផ្លែកាត់ជាច្រើនគ្រឿងទៀត សម្រាប់ប្រើប្រាស់ក្នុងគម្រោងនេះ និងគម្រោងដទៃទៀត របស់អាជ្ញាធរជាតិអប្សរានៅតំបន់អង្គរ នាពេលអនាគត។
សូមជម្រាបផងដែរថា ដោយគិតគូរខ្ពស់អំពីសុវត្ថិភាពរបស់ភ្ញៀវទេសចរ ដែលបានផ្តោតការចាប់អារម្មណ៍ទៅលើតែសម្រស់របស់ស្ពាន ដែលទើបជួសជុលរួចរាល់ និងប្រាង្គប្រាសាទអង្គរវត្តដ៏ទាក់ទាញនោះ ភ្ញៀវអាចនឹងភ្លេចខ្លួនដើរហួសតួស្ពាន បណ្តាលឱ្យធ្លាក់ទឹក បង្កជាគ្រោះថ្នាក់ទៅវិញ។ ដូច្នេះហើយទើបអាជ្ញាធរជាតិអប្សរាបានរៀបចំដាក់របា សុវត្ថិភាព នៅសងខាងនៃតួស្ពានហាល មានលក្ខណៈជាបង្កប់ ស្ទើរតែមិនអាចមើលឃើញនឹងភ្នែកឡើយ។ ប៉ុន្តែនៅពេលដើរចូលទៅកៀក ភ្ញៀវទេសចរនឹងទទួលបានការពញ្ញាក់អារម្មណ៍ ឱ្យបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើដំណើរ។
មួយវិញទៀត ដោយការព្រួយបារម្ភអំពីភាពសឹករេចរឹលរបស់ថ្ម ទៅថ្ងៃអនាគត ដោយសារកំណើនរបស់ភ្ញៀវធ្វើដំណើរឆ្លងកាត់នោះ អាជ្ញាធរជាតិអប្សរា នៅតែរក្សាទុក ស្ពានបណ្តែតទឹកឱ្យបន្តដំណើរការដដែល ដោយកំណត់ទិសដៅធ្វើដំណើរផ្សេងៗគ្នា គឺស្ពានហាលនឹងអនុញ្ញាតឱ្យភ្ញៀវធ្វើដំណើរឆ្លងចូលទៅទស្សនាប្រាសាទអង្គរវត្ត ចំណែកស្ពានបណ្តែតទឹកជាទិសដៅសម្រាប់ភ្ញៀវចាកចេញពីការទស្សនាប្រាសាទមកវិញ៕photo_2023-11-07_11-29-23photo_2023-11-07_11-51-33photo_2023-11-07_11-51-32photo_2023-11-07_11-29-22photo_2023-11-07_11-29-23 (2)photo_2023-11-07_11-51-34photo_2023-10-31_09-25-28photo_2023-10-31_09-25-27photo_2023-10-31_09-25-24photo_2023-10-31_09-25-21

Comments

Related posts