រដ្ឋមន្រ្ដីក្រសួងអប់រំ ថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការធ្វើឱ្យការ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបានជោគជ័យ

 

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៨ វិច្ឆិកា ២០២៣

IMG_1317

IMG_1322

IMG_1319

IMG_1318

IMG_1321

IMG_1320

 

  MC៖ រដ្ឋមន្រ្ដីក្រសួងអប់រំ បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការអនុវត្តតាមបទបញ្ញត្តិ និងសេចក្ដីណែនាំរបស់ក្រសួងអប់រំ នៅពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣ ធ្វើឱ្យការប្រឡងនេះទទួលបានជោគជ័យតាមការគ្រោងទុក។ 

    ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា រយៈពេល២ថ្ងៃនៃដំណើរការនៃ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ចប់ទៅដោយរលូន។ ឯកឧត្ដមបណ្ឌិត បានបន្ដថា ដំណើរការនៃការប្រឡងនេះបានប្រព្រឹត្តទៅដោយរលូន ដោយមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ដោយនៅតាមមណ្ឌលប្រឡងមានដំណើរការល្អ មានសភាព ស្ងប់ស្ងាត់ និងរបៀបរៀបរយល្អ ព្រមទាំងបានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំ។ ទោះបីជានៅតាមបណ្តាខេត្តមួយចំនួនមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនបានប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។

«ក្នុងនាមក្រសួងអប់រំ យុវជន និងកីឡា ខ្ញុំសូមថ្លែងអំណរគុណដល់គណៈមេប្រយោគទូទាំងប្រទេស គណៈអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ ប្រធានមណ្ឌល គណៈកម្មការកណ្ដាល គណៈកម្មការទស្សនៈទាន គណៈកម្មការអនុរក្ស សហភាពសហព័ន្ធយុវជនកម្ពុជា អង្គភាពប្រឆាំងអំពើពុករលួយ មន្ត្រីសុខាភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការអនុវត្តតាមបទបញ្ញត្តិនិងសេចក្ដីណែនាំរបស់ក្រសួងអប់រំ ដោយការយកចិត្តទុកដាក់ និងមានទំនួលខុសត្រូវខ្ពស់ ដើម្បីឱ្យដំណើរការសំណេរ និងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយជោគជ័យ និងសូមឱ្យបុគ្គលិកអប់រំដែលត្រូវចូលរួមក្នុងដំណើរការកំណែ ក៏ដូចជាដំណើរការស្រង់បូកពិន្ទុ បន្តអនុវត្តតួនាទីភារកិច្ចដោយហ្មត់ចត់ ដើម្បីឱ្យការប្រឡងធានាបាននូវគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលបាន»។

  សូមបញ្ជាក់ថា តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និង នៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំយុវជន និងកីឡា facebook.com/moeys. gov.kh៕

Comments

Related posts