អ្នកវិភាគសង្គម និងប្រធានសហជីព គាំទ្រអនុសាសន៍នាយករដ្ឋមន្ត្រី ក្នុងការដាក់ចេញយុទ្ធនាការប្រឡងប្រណាំង “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ”

វិទ្យុជាតិកម្ពុជា៖

 

អ្នកវិភាគសង្គម លោកបណ្ឌិត យង់ ពៅ លើកឡើងថា​ ការចាប់ផ្តើមយុទ្ធនាការប្រឡងប្រណាំង “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ​ចាប់ពីឆ្នាំ២០២៤ គឺជារឿងល្អដែលអាចឲ្យយើងធ្វើបណ្តើកែលម្អ​បណ្តើ ដើម្បីទទួលបាននូវ​ភាព​សុខដុមនីយកម្ម​នៃទំនាក់ទំនងវិជ្ជាជីវៈសម្រាប់ទាំងភាគីនិយោជក និងភាគីនិយោជិត។​ ទន្ទឹមនេះ លោកបណ្ឌិត យង់ ពៅ យល់ឃើញថា ការបណ្តុះបណ្តាលជំនាញបន្ថែមដល់កម្មករនិយោជិតឲ្យចំទៅ​នឹងការងា​រដែលពួកគេ​កំពុង​ធ្វើ​ស្រាប់ គឺជារឿងចាំបាច់ដែលវាជាផ្នែកមួយនៃការធ្វើ​ឲ្យប្រសើរឡើង​នូវលក្ខខណ្ឌការងារ និ​ង​ទំនាក់​ទំនង​វិជ្ជា​ជីវៈ។ លោកពន្យល់បន្ថែមថា ការបណ្តុះបណ្តាលជំនាញបន្ថែមឲ្យចំដល់កម្មករនិយោជិតនេះ​ មិន​សំដៅ​តែ​សម្រាប់វិស័យ​កាត់ដេរ​​ទេ​ ប៉ុន្តែសម្រាប់រោងចក្រសហគ្រាសគ្រប់វិស័យ។

 

ចំណែក ប្រធានសម្ព័ន្ធសហជីពជាតិ លោក ហ្វា សាលី លើកឡើងនៅក្នុងកិច្ចសម្ភាសន៍​ជាមួយអ្នកសារព័ត៌មាន​នាពេល​ថ្មីនេះដែរ​ថា ការអនុវត្តការងារជាក់ស្តែងគឺមិនអាចមានភាពរលូនគ្រប់ពេលវេលានោះទេ ប៉ុន្តែលោក​មើល​ឃើញ​ថា ទំនាក់​​ទំនង​ការងារ​រវាងភាគីនិយោជក និងកម្មករនិយោជិត នាពេលបច្ចុប្បន្នមានភាពយោគយល់គ្នា​ និងមានភាព​សុខដុម ជាមួយគ្នាកាន់តែល្អប្រសើ។ លោកឡើកឡើងថា ភាគីនិយោជកបានសម្រួល​លក្ខខណ្ឌការងារ​កាន់តែ​ប្រសើរ​ជាង​​​មុន​ដល់កម្មករនិយោជិត  ដូចជាការអនុញ្ញាតឲ្យកម្មករ​និយោជិតដែលមានពិការភាព និងស្ត្រីមានផ្ទៃពោះ អាចចូល​ធ្វើការ រឺចេញធ្វើការយឺតជាង​កម្មករនិយោជិត​ធម្មតាពី១៥នាទី ទៅ២០នាទីជាដើម។  ទោះជាយ៉ាងណា លោកស្នើដល់​ភាគី​និយោជកបន្តការយកចិត្តទុកដាក់បន្ថែម​ដល់កម្មករ​និយោជិត​ និងមានភាពយោគយល់​គ្នាក្នុងការដោះស្រាយ​បញ្ហា​នៅក្នុងរោងចក្រសហគ្រាស។    

 

ចំពោះប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ស៊ីខៅឌូ (CCAWDU) លោក គង់ អាទិត្យ យល់​ឃើញ​ថា កម្មវិធីប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” គឺជាការបង្កើតសន្តិភាព​ក្នុង​វិស័យ​ឧស្សាហកម្មដែលត្រូវមានភាគីនិយោជក ភាគីនិយោជិត និងភាគីរាជរដ្ឋាភិបាលចូលរួម។ លោកចង់​ឲ្យភាគី​ទាំងអស់​ចូលរួមស្តាប់យោបល់គ្នា និងត្រូវមានសម្លេងសំណូមពរពិតរបស់ភាគីនិយោជិត ដោយសារនៅពេល​ដែលយើង​អាចដឹងព័ត៌មានពិត រឺបញ្ហាមុនពេលសកម្មភាពកើតឡើង គឺយើងនឹងអាចគ្រប់គ្រងស្ថានការណ៍បាន។ 

 

គួរបញ្ជាក់ថា កម្មវិធីប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” គឺជាការងារ​អាទិភាពមួយ ក្នុង​ចំណោមការងារអាទិភាពចំនួន៦ ដែលសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យ​ក្រសួងការ​ងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តចំពោះមុខ​ក្នុង​ឆ្នាំ២០២៣។

នៅ​ក្នុង​ពិធីជួប​សំណេះសំណាលជាមួយកម្មករនិយោជិតនៃរោងចក្រសហគ្រាសក្នុងខេត្តកណ្តាល កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣​​ ​ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា កម្មវិធីប្រឡងប្រណាំងពានរង្វាន់ “សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយ” ដែលនឹងចាប់ផ្តើមធ្វើនៅឆ្នាំ២០២៤ នឹងធ្វើឲ្យ​និយោជក និងកម្មករ​និយោជិតកាន់តែមានភាពសុខដុមរមនាក្នុងភាពជាដៃគូ និងជាមូលធនដែលគាំទ្រគ្នាទៅវិញ​ទៅមក​ដែល​ជម្រុញ​​​ដល់​ភាព​រីកចម្រើន​របស់រោងចក្រសហគ្រាស និងផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា ក្រសួងការងារ និងបណ្តុះ​បណ្តាលវិជ្ជាជីវៈ បានបង្កើតក្រុមការងារដើម្បីរៀបចំយន្តការវាយតម្លៃនិងកំណត់​លក្ខណវិនិច្ឆ័យ   “សហគ្រាសមួយ ជា​សហគមន៍​សុខសាន្តមួយ” ដោយក្រសួងកំពុងពិគ្រោះយោបល់ និងសហការជាមួយ​ដៃគូសង្គម សំដៅឈានទៅការដាក់ចេញយុទ្ធនាការប្រឡងប្រណាំងចាប់ពីឆ្នាំ២០២៤។ កម្មវិធីនេះ នឹងជួយ​ពង្រឹង​​ដល់អធិការកិច្ចការងារ​និងពង្រីកវិសាល​ភាព​ក្រុមប្រឹក្សាអាជ្ញាកណ្តាលដែលជាយន្តការត្រីភាគី​ក្នុងការ​ដោះ​ស្រាយ​វិវាទការងារនៅកម្ពុជា ក៏ដូចជាការពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និងប្រសិទ្ធភាពនៃគម្រោងរោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជារបស់អង្គការ​ ILO ផងដែរ៕D44D13EC-4ECF-44D7-80ED-3BB15F8D8D59622EBB27-E164-4B83-ADE4-2DBD59550ED0F73062DA-DFEA-4FDE-902F-A2158E24B88B4E2B6986-F120-4312-AA76-233C67B5BF75F73062DA-DFEA-4FDE-902F-A2158E24B88B4E2B6986-F120-4312-AA76-233C67B5BF75193BD1F8-21C0-49F5-B0F2-4E3E8740F6536EEAE627-69A3-40F3-97CA-DCFA68688BC0

Comments

Related posts