រដ្ឋមន្រ្ដីក្រសួងការងារ អំពាវនាវឱ្យយុវជនចាប់យកជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ នាពេលខាងមុខ

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

a18-12

ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអំពាវនាវឱ្យយុវជនចាំយកការបណ្តុះ បណ្តាលជំនាញបច្ចេកទេស ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារនាពេលខាងមុខ ដែលស្របតាមបដិវត្ដន៍ ឧស្សាហកម្ម៤.០។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍៖ឯកឧត្ដម ហេង សួរ រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ អះអាងថា ចាប់ពីពេលនេះតទៅ វិស័យបច្ចេកវិទ្យានឹងបញ្ជ្រាបចូលនៅគ្រប់ទីកន្លែងទាំងអស់តែម្ដង បន្ទាប់ពីបច្ចេកវិទ្យាកាន់តែទំនើប ដែលតម្រូវឱ្យយុវជនត្រូវមានចំណេះ និងជំនាញច្បាស់លាស់ ។
ការអះអាងរបស់ឯកឧត្ដម ហេង សួរធ្វើឡើងក្នុងពិធីពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ នាព្រឹកថ្ងៃទី១០ ខែវិច្ឆិកា នៅមជ្ឈមណ្ឌលកោះពេជ្រ ។
ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងការងារ បានណែនាំឱ្យយុវជនឬកម្មករ ត្រូវចេះបង្កើនសមត្ថភាព និងជំនាញមុននឹង ចូល និង បំពេញការងារនៅក្នុងក្រុមហ៊ុន រោងចក្រសហគ្រាស ដើម្បីអាចមានសមត្ថភាពទាំងជំនាញ និង បច្ចេកវិទ្យា ក្នុងការបំពេញការងារមានម៉ាស៊ីនទំនើប និងប្រើប្រាស់កុំព្យូទ័របានយ៉ាងងាយស្រួល។
ជាមួយគ្នានោះ ឯកឧត្ដមរដ្ឋមន្រ្ដីបានស្នើឱ្យក្រុមហ៊ុន និងរោងចក្រសហគ្រាស សុំចូលរួមសហការ ឱ្យបុគ្គលិករបស់ខ្លួនមានឱកាស ដើម្បីចេញទៅបន្ដការសិក្សារៀនសូត្រជំនាញបន្ថែមផងដែរ ។
ទន្ទឹមនឹងនេះ ក្រសួងនឹងខិតខំផ្ដល់ឱកាសបណ្ដុះបណ្ដាលបុគ្គលិក និងកម្មករនៅពេលយប់ ឬចុងសប្ដាហ៍ ដើម្បីបង្កើនសមត្ថភាពជូនពួកគាត់។
ឯកឧត្ដមបានបញ្ជាក់ថា ក្រោយការបណ្ដុះបណ្ដាលរួច ពួកគាត់អាចបំពេញការងារជូនក្រុមហ៊ុន កាន់តែ មានប្រសិទ្ធភាពខ្ពស់ ដោយមិនចាំបាច់ស្វែងរកបុគ្គលិកជំនាញនោះទេ។

សូមបញ្ជាក់ថា សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា បានដាក់គោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” គឺជាពាក្យស្លោកគន្លឹះសម្រាប់ក្រុមការងារទទួលបន្ទុកលើការបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី ក្នុងទិសដៅផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាម ឱ្យចំគោលដៅ ព្រមទាំងប្រកបដោយសមត្ថភាព និងជំនាញ ស្របតាមតម្រូវការការងារ និងទីផ្សារផងដែរ៕

Comments

Related posts