ពិព័រណ៍ការងារដែលផ្តល់ឱកាសការងារជាង ២ម៉ឺនកន្លែងពីក្រុមហ៊ុន សហគ្រាសជាង១៥០ បានចាប់ផ្តើមហើយ

 

ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣ ដែលផ្តល់ឱកាសការងារចំនួនជាង ២ម៉ឺនកន្លែងដល់យុវជនពីក្រុមហ៊ុន រោងចក្រ និងសហគ្រាសធំៗចំនួន ១៥០ បានចាប់ផ្តើមហើយនៅថ្ងៃទី១០ ខែវិច្ឆិកា នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ពិព័រណ៍ការងាររយៈពេល២ថ្ងៃ ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែវិច្ឆិកា នេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរួមគ្នារវាងទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ក្រោមការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) អង្គការភីផលអិននិត ខេមបូឌា (People in Need Cambodia) និងអង្គការស្វីសខនថាក់(Swiss Contact)។

ពិព័រណ៍ការងារនេះមានគោលបំណងបន្តរក្សាតុល្យភាពក្នុងទីផ្សារការងារតាមរយៈការជួយជ្រោមជ្រែងនិយោជក ដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្ម និងអ្នកស្វែងរកការងារធ្វើ និងបង្កើតឱ្យមានកន្លែងជួបជុំគ្នាដ៏ធំ និងងាយស្រួលរវាងអ្នកស្វែងរកការងារ និយោជក អ្នកផ្តល់ការអប់រំបណ្ដុះបណ្ដាល និងដៃគូពាក់ព័ន្ធនានា ដើម្បីធ្វើការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មានទីផ្សារការងារ។

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ក្នុងពិធីបើកពិព័រណ៍ការងារនេះថា ក្នុងឆ្នាំ២០២៣នេះ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួន១៥០ ដែលស្មើនឹង ១៨៨បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង២ម៉ឺនកន្លែង នៅក្នុងវិស័យនាំមុខសំខាន់ៗហើយរំពឹងថាមានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ៣ម៉ឺននាក់។

វិស័យនាំមុខសំខាន់ៗទាំងនោះ មានដូចជា ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនិងធានារ៉ាប់រង សេវាកម្មលក់ដុំនិងរាយ ទេសចរណ៍និងបដិសណ្ឋារកិច្ច ម្ហូបអាហារនិងភេសជ្ជៈ អចលនទ្រព្យនិងសំណង់ ទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌មានវិទ្យា ឧស្សាហកម្ម និងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗ។

ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិនេះត្រូវបានបានរៀបចំអស់រយៈពេល១២ឆ្នាំកន្លងមក។ បើក្រឡេកថយក្រោយនៅឆ្នាំ២០១១ ប្រៀបធៀបនឹងបច្ចុប្បន្នេះ ឃើញថា ពី១ឆ្នាំទៅ១ឆ្នាំ ពិព័រណ៍ការងារនេះតែងតែត្រូវបានយកចិត្តទុកដាក់និងចាប់អារម្មណ៍ពីដៃគូពាក់ព័ន្ធនានាកាន់តែច្រើនទៅៗ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០១១ ដែលជាឆ្នាំចាប់ផ្តើមដំបូង ស្តង់មានតែចំនួន៣០ប៉ុណ្ណោះ ហើយអ្នកដែលបានទៅទស្សនាមានតែចំនួនប្រមាណ៥ ០០០នាក់ ហើយឱកាសការងារមានតែ២ ០០០កន្លែង។ 

ឯកឧត្តមរដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ប៉ុន្តែ ជាក់ស្តែង នៅថ្ងៃនេះ គឺយើងមានស្តង់ដែលចូលរួមពីក្រុមហ៊ុនឯកជននានានេះគឺរហូតដល់ទៅ១៥០ក្រុមហ៊ុន បូកជាមួយនឹងស្ថាប័នពាក់ព័ន្ធ ហើយនិងអង្គការផ្សេងៗគឺយើងមានរហូត១៨៨ស្តង់ ដែលនេះជាការបង្ហាញឱ្យឃើញថា កើនឡើងយ៉ាងគំហុកតែម្តង។ រីឯឱកាសការងារដែលយើងមានត្រឹមតែ២ ០០០ នៅក្នុងឆ្នាំ២០១១ ប៉ុន្តែនៅក្នុងពិព័រណ៍ការងារលើកនេះ យើងមានឱកាសការងាររហូតដល់ទៅជាង ២ម៉ឺនកន្លែង»។

មានប្រសាន៍ក្នុងពិធីនេះ ឯកឧត្តម គង់ ច័ន្ទវាសនា អនុប្រធាន ស.ស.យ.ក. រាជធានីភ្នំពេញ បានលើកទឹកចិត្តដល់យុវជនចាប់ផ្តើមបង្កើន ឬបន្តបង្កើនក្តីស្រមៃ ឬក្តីសុបិន្តផ្ទាល់ខ្លួនដើម្បីឈោងចាប់យកឱកាសការងារដែលខ្លួនស្រឡាញ់ពេញចិត្តសម្រាប់កសាងជីវភាព និងអនាគតរបស់ខ្លួន ជាពិសេសឱកាសការងារដែលពិព័រណ៍នេះនឹងផ្តល់ជូន។

ឯកឧត្តមបានលើកទឹកចិត្តដល់យុវសិស្សដែលកំពុងត្រៀមខ្លួនចាប់យកឱកាសសិក្សាទៅឧត្តមសិក្សា ឬការបណ្តុះបណ្តាលបច្ចេកទេស ថ្នាក់បរិញ្ញាបត្ររង ឬវគ្គបណ្តុះបណ្តាលជំនាញខ្លីៗបន្តខិតខំស្វែងយល់បន្ថែមអំពីតម្រូវការនៃទីផ្សារទាំងបច្ចុប្បន្ន និងអនាតដើម្បីត្រៀមលក្ខណៈ និងធ្វើការសម្រេចចិត្តបានកាន់តែល្អប្រសើរសម្រាប់អនាតការងារ។ ឯកឧត្តមបន្ថែមថា ការយល់ដឹងពីទីផ្សារការងារនឹងជួយយុវសិស្ស និងក្រុមគ្រួសារក្នុងការសន្សំសំចៃពេលវេលា និងធនធានថវិកាពីការរៀនតាមគ្នា ពីការរៀនដើម្បីតែរៀនពីការរៀនដោយគ្មានគោលដៅច្បាស់លាស់។ 

ឯកឧត្តម គង់ ច័ន្ទវាសនា មានប្រសាសន៍ថា៖ «សូមផ្លាស់ប្តូរទម្លាប់ ផ្លាស់ប្តូរការគិតមកជារៀនឱ្យជាប់ រៀនឱ្យចេះ និងរៀនឱ្យមានការងារធ្វើ ដូចដែលសម្តេចធិបតីនាយករដ្ឋមន្ត្រី លោកធ្លាប់មានប្រសាសន៍លើកឡើង និងជំរុញលើកទឹកចិត្តបងប្អូន។ សូមបងប្អូនកុំមើលស្រាលការងារជំនាញសាមញ្ញៗ។ ការរៀនខ្លះមិនទាមទារសញ្ញាបត្រខ្ពស់ទេ មិនទាមទារឱ្យប្អូនៗចំណាយពេលរាប់ឆ្នាំបួន ប្រាំឆ្នាំក្នុងការសិក្សាទេ ប៉ុន្តែងាយស្រួលក្នុងការរកការងារធ្វើ បានប្រាក់ខែច្រើន និងអាចជួយឱ្យប្អូនៗ បង្កើត ឬចាប់ផ្តើមមុខរបរមួយដោយខ្លួនឯងសម្រាប់អនាគតប្អូនៗបានក្នុងរយៈពេលដ៏ខ្លីទៀតផង»។ឯកឧត្តមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជននិងដៃគូអភិវឌ្ឍន៍នានាបន្ត និងបង្កើនការចូលរួមចំណែកបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាព ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនតាមរយៈកម្មវិធីចំណេះដឹង ចំណេះធ្វើពាក់ព័ន្ធនឹងបច្ចេកវិទ្យា វិទ្យាស្ត្រ និងឌីជីថលនីយកម្ម ដើម្បីបន្តផ្តល់ឱកាសដល់យុវជនក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារការងារ និងការវិវឌ្ឍនៃអាជីពស្របតាមគុណវឌ្ឍិរៀងៗខ្លួន។

ទំព័រហ្វេសប៊ុកទីភ្នាក់ងារ NEA បានឱ្យដឹងថា សម្រាប់ទិដ្ឋភាពនៅតាមបញ្ជររបស់ក្រុមហ៊ុន សហគ្រាស និងស្ថាប័នធំៗ នាព្រឹកថ្ងៃទី១នៃពិព័រណ៍ការងារ និងផលិតភាពជាតិនេះ យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារធ្វើយ៉ាងច្រើនកុះករបានទៅចូលទស្សនា និងដាក់ពាក្យស្វែងការងារជាមួយក្រុមហ៊ុនដែលពួកគាត់ពេញចិត្ត។

ក្រុមហ៊ុន RMA Group ដែលជាក្រុមហ៊ុនមេលំដាប់អន្តរជាតិដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធធំៗ៣ ដែលបាននិងកំពុងដំណើរការនៅក្នុងប្រទេសកម្ពុជា គឺក្រុមហ៊ុន RMA Cambodia, EFG Cambodia និង Comin Khmere បានចូលរួមពិព័រណ៍ការងារ និងផលិតភាពជាតិនេះ។ ក្រុមហ៊ុន RMA Cambodia ក៏បានប្រកាសផ្តល់ឱកាសការងារ និងកម្មសិក្សាការងារជាង ២០០ កន្លែងសម្រាប់យុវជន សិស្ស និស្សិត និងអ្នកស្វែងរកការងារ។ ជាមួយគ្នានេះដែរ ធនាគារខេប៊ីប្រាសាក់ (KB PRASAC Bank) បានប្រកាសផ្តល់ឱកាសការងារចំនួន៣០០កន្លែង នៅក្នុងពិព័រណ៍ការងារនេះផងដែរ។

ក្រុមហ៊ុន អិលអូអិលស៊ី (LOLC) ដែលបានចូលរួមក្នុងពិព័រណ័នេះដែរ បានបង្ហោះសារក្នុងហ្វេសប៊ុកថា៖ «ឱកាសការងារជាច្រើនកន្លែងកំពុងរង់ចាំអ្នក! កុំភ្លេចមកកាន់ស្តង់ អិលអូអិលស៊ី លេខS42,S43 ទាំងអស់គ្នាដើម្បីទទួលបានការពិភាក្សាការងារ ជាមួយការដាក់ពាក្យភ្លាម សម្ភាសន៍ភ្លាម! ទទួលបានឱកាសការងារភ្លាមៗ! ជាពិសេសទទួលបានកាដូអនុស្សវរីយ៍ជាច្រើនទៀតពី អិលអូអិលស៊ី»។

ចំណែកក្រុមហ៊ុន Cellcard ក៏បានបង្ហោះសារក្នុងហ្វេសប៊ុកនាថ្ងៃទី១០ វិច្ឆិកា ថា៖ «តោះ ! មកមើលពីសកម្មភាពដែលក្រុមការងាររបស់យើងបានផ្ដិតយកទិដ្ឋភាពសំខាន់ៗពីកម្មវិធី ពិព័រណ៍ការងារ និងផលិតភាពជាតិ ដែលជាមហាព្រឹត្តិការណ៍ដ៏ធំជាងគេប្រចាំឆ្នាំ២០២៣ ទាំងអស់គ្នាណា៎! កុំភ្លេចមកលេងស្តង់ Cellcard នៅល្ងាចនេះ និងថ្ងៃស្អែក ដើម្បីទទួលបានការប្រឹក្សា និង ការផ្តល់យោបល់ព័ត៌មានពីឱកាសការងារថ្មីៗ»។

ក្រសួងការពារជាតិក៏បានចូលរួមក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិនេះផងដែរ។ ក្នុងពិព័រណ៍នោះ មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដែលជាអង្គភាពចំណុះក្រសួងការពារជាតិ បានតាំងបង្ហាញសម្ភារៈបម្រើឱ្យប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ (UN) រូបភាព និងវីដេអូលទ្ធផលការងារដែលសម្រេចបានរយៈពេលកន្លងមក ព្រមទាំងមានជាសម្លៀកបំពាក់កងទ័ពមួកខៀវ សម្រាប់សិស្សនិស្សិតដែលមានបំណងចង់ស្លៀកពាក់ថតរូបជាអនុស្សាវរីយ៍ផងដែរ។

ពិព័រណ៍ការងារនេះក៏មានការរៀបចំផងដែរនូវសិក្ខាសាលាផលិតភាព ដើម្បីលើកកម្ពស់ការយល់ដឹង ស្តីពីការបង្កើនផលិតភាពការងារដោយមានការចែករំលែកចំណេះដឹង និងបទពិសោធន៍ពីវាគ្មិនជំនាញជាច្រើន៕8B25A734-1DF0-4D8B-8715-163660BA48136D49234F-39C7-461F-AA6D-D936130ADFDB8F17743F-4A5F-4BED-9952-E326FAAE0DC7B9DFC13E-70C8-4AC7-A6CB-04773A946FC6F7DE4126-6D39-4BD7-8FEB-D91A1318322F

Comments

Related posts