សហគ្រាសអេកូឡូស៊ី ខ្លាត្រីស្នើសុំកិច្ចសហប្រតិបត្តិការបន្តលើការស្តារប្រព័ន្ធអេកូឡូស៊ី និងការអភិរក្សខ្លាត្រីជាមួយសហគមន៍មូលដ្ឋាន

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១០ ១១ ២០២៣

x4-26

x6-18

x5-23

លោកស្រី វ៉ាន់នីសា ហឺរេន មូញូ (Vanessa Herranz Munoz) ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រីបានស្នើសុំការគាំទ្រពីក្រសួង បរិស្ថាន  ក្រោមកិច្ចសហប្រតិបត្តិការបន្ត លើការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី នៅតាមតំបន់គោលដៅដែលរួមមាន ដែនជម្រក សត្វព្រៃពាមក្រសោប តំបន់ជីវ:ចម្រុះកំពង់ស្មាច់ តំបន់បឹងឆ្មារ៉ាមសារ និងតំបន់រ៉ាមសារស្ទឹងត្រែង ។ ការស្នើកិច្ចសហការបន្តនេះ ធ្វើ ឡើងនៅទីស្តីការក្រសួង នារសៀលថ្ងៃទី ១០ វិច្ឆិកា ឆ្នាំ២០២៣ ។

ជាការឆ្លើយតប ឯកឧត្តមបណ្ឌិត
អ៊ាង សុផល្លែត បានគូសបញ្ជាក់ថា ក្រសួងនឹងគាំទ្រលើការស្តារ និងពង្រឹងឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី ។ ពីព្រោះការងារនេះ គឺស្ថិតក្នុងយុទ្ធសាស្រ្តចក្រាដែលក្រសួង បរិស្ថាននឹងដាក់ចេញនៅថ្ងៃទី១៥ វិច្ឆិកា ២០២៣ខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតដាក់ឱ្យប្រើប្រាស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ។

ជាមួយគ្នានេះ ដើម្បីភាពស្អាត ភាពបៃតង និងចីរភាពដែលជាមុំសំខាន់នៅក្នុងយុទ្ធសាស្រ្តចក្រា ក្រសួង បរិស្ថានបានដាក់ចេញនូវយុទ្ធនាការបឋមចំនួន២ ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងយុទ្ធនាការដាំ និងស្តារព្រៃឈើឡើងវិញ។  ថ្វីបើសកម្មភាពដែលក្រសួងបរិស្ថានបានកំពុងអនុវត្ត មានភាពសាមញ្ញ តែទទួលបានការគាំទ្រដោយបេះដូងពីប្រជាពលរដ្ឋកម្ពុជា ជាពិសេសសិស្សានុសិស្សប្រមាណជិត ៣លាននាក់ ។ ការគាំទ្រគឺជាចលករជំរុញឱ្យកម្ពុជាឈានក្លាយ ទៅជាប្រទេសអាព្យាក្រឹតកាបូន តាមរយៈការចែកជូនកូនឈើជូនប្រជាពលរដ្ឋឱ្យបាន ១លាន៣០ ម៉ឺនដើមក្នុងមួយឆ្នាំ ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញ បង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ។

សូមរម្លឹកជូនថា Cambodian Fishing Cat Project បានចុះបញ្ជីជាផ្លូវការជា សហគ្រាស អេកូឡូស៊ី ខ្លាត្រី ខូអិលធីឌី (Fishing Cat Ecological Enterprise) មានបេសកកម្ម ការពារ ស្តារ និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដីសើមនៅកម្ពុជា ដើម្បីធានាការអភិរក្សជីវចម្រុះ សុខភាពល្អ ធន់នឹងការប្រែប្រួលអាកាសធាតុ និងការគាំទ្រភាពសុខដុមរមនានៃធម្មជាតិ និងមនុស្ស ៕

Comments

Related posts