កម្ពុជា អត្រាគ្របដណ្តប់អនាម័យជនបទបានកើនដល់ប្រមាណ៨៥ភាគរយ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៣ ១១ ២០២៣

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់បន្តសហការគ្នា ដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទឱ្យកាន់តែប្រសើរឡើងថែមទៀត ខណៈនៅទូទាំងប្រទេសសម្រេចបានប្រមាណ ៨៥ភាគរយ ហើយលើការងារនេះ។
តាមរយៈសារលិខិត ក្នុងឱកាសអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៣ ខែវិច្ឆិកា ជាថ្ងៃប្រារព្ធទិវាជាតិលើកកម្ពស់អនាម័យជនបទ ដើម្បីជាសារក្រើនរំលឹកដាស់តឿនដល់បងប្អូនប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យយល់ដឹង អំពីសារៈសំខាន់ និងចូលរួមធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអនាម័យនៅជនបទ ដើម្បីឈានទៅសម្រេចតាម គោលដៅកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាសម្រាប់ការកសាង និងការការពារមាតុភូមិឆ្នាំ២០២៣-២០២៨ ក្នុងការបន្តជំរុញការអនុវត្តផែនការសកម្មភាពផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ជនបទឱ្យសម្រេចអត្រាគ្របដណ្តប់ ៩០% នៅឆ្នាំ២០២៣ និង ១០០% នៅឆ្នាំ២០៣០ សំដៅឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ បញ្ហាប្រឈមក្នុងតំបន់ និងវិសមភាពនៃការទទួលបានសេវា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា រយៈពេលជិត ១០ឆ្នាំចុងក្រោយនេះ អត្រាកំណើននៃការទទួលបានសេវាអនាម័យមានការកើនឡើងយ៉ាង ឆាប់រហ័សគួរឱ្យកត់សម្គាល់ ដោយអត្រាកំណើនជាមធ្យមប្រមាណ ៥% ក្នុងមួយឆ្នាំ ហើយត្រូវបានទទួលស្គាល់ជាសកលថា ជាប្រទេសនាំមុខគេក្នុងការពន្លឿនអត្រាគ្របដណ្ដប់អនាម័យ និងការកាត់បន្ថយការបន្ទោបង់ពាសវាលពាសកាល ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោក។ នាពេលបច្ចុប្បន្ននេះ អត្រាគ្របដណ្តប់អនាម័យ ជនបទនៅព្រះរាជាណាចក្រកម្ពុជាបានកើនដល់ប្រមាណ៨៥%។លើសពីនេះខេត្តចំនួន ៦ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រេចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល រួមមាន៖ ខេត្តស្វាយរៀង ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង និងខេត្តកែប។ ជាមួយគ្នានេះដែរ មានភូមិចំនួន ៧ ៣៩៧ ឃុំចំនួន ៦៥៤ ស្រុក ចំនួន ៥៩ ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា វឌ្ឍនភាពគួរជាទីមោទនៈនេះ គឺកើតឡើងពីការយកចិត្តទុកដាក់និងការខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ រាជរដ្ឋាភិបាល ការចូលរួមសហការយ៉ាងជិតស្និទ្ធពីដៃគូអភិវឌ្ឍន៍ អង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និង ការចូលរួមសហការយ៉ាងសកម្មពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសបានឆ្លុះបញ្ចាំងអំពីកម្រិតយល់ដឹងរបស់ ប្រជាជនអំពីសារៈសំខាន់នៃការប្រតិបត្តិអនាម័យផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រុមការងារបច្ចេក ទេសវិស័យផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យជនបទទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងប្រជាពលរដ្ឋ នៅតំបន់ជនបទ ដែលបានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មការងារ លើកកម្ពស់អនាម័យជនបទ នាពេលកន្លងមក។ បន្ថែមពីនោះទៀត សូមលើកទឹកចិត្តឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បន្តសហការគ្នាដើម្បីជំរុញការងារលើកកម្ពស់អនាម័យជនបទ ឱ្យកាន់តែប្រសើរឡើង និងមានប្រសិទ្ធភាពថែមទៀត៕photo_2023-11-11_09-06-19photo_2023-11-13_08-11-40 (2)photo_2023-11-13_08-11-40 (3)photo_2023-11-13_08-11-40photo_2023-11-13_08-11-41photo_2023-11-13_08-11-42photo_2023-11-13_08-11-43

Comments

Related posts