ជើងខ្លាំងថ្មីកម្ពុជា ធន់ តុបផេង វ៉ៃស្មើពិន្ទុជាមួយជើងខ្លាំងថៃទួន ប៉េ ខណ:ជើងខ្លាំងថ្មី រិទ្ធី សុផាត ចាញ់ជើងខ្លាំងថ្មីថៃ បា ប៊ូ ដោយពិន្ទុ


វិទ្យុជាតិកម្ពុជា

a8-87

a12-55

a9-79

a10-59

a11-58
អ្នកប្រដាល់គុនខ្មែរជើងខ្លាំងថ្មីកម្ពុជា ធន់ តុបផេង បានវ៉ៃស្មើពិន្ទុជាមួយជើងខ្លាំងថៃទួន ប៉េ (Toun Pe) ខណ:ជើងខ្លាំងជើងចាស់កម្ពុជា វ៉ាន់ វឿន វ៉ៃឈ្នះជើងខ្លាំងជើងចាស់ថៃ រ៉ាំ បូ (Ram Bo) ដោយពិន្ទុ ហើយជើងខ្លាំងថ្មីកម្ពុជា រិទ្ធី សុផាត ចាញ់ជើងខ្លាំងថ្មីថៃ បា ប៊ូ (Ba Bou)ដោយពិន្ទុ ក្នុងការជួបប្រកួតគ្នាលើសង្វៀនកងយោធពលខេមរភូមិន្ទប៉ុស្តិ៍លេខ៥(TV5) កាលពីយប់ថ្ងៃអាទិត្យ ទី ១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
អ្នកប្រដាល់ជើងខ្លាំងជើងថ្មីកម្ពុជា ធន់ តុបផេង នៃក្លិបកងយោធពលខេមរភូមិន្ទ គេមិនអាចយកឈ្នះលើ ទួន ប៉េ ដែលជាអ្នកប្រដាល់មួយរូប ដែលធ្លាប់មកប្រកួតនៅស្រុកខ្មែរ ញឹកញាប់មកហើយ ហើយមានអ្នកប្រដាល់ជើងចាស់កម្ពុជា មិនតិចរូបទេ ដែលត្រូវអ្នកប្រដាល់ថៃរូបនេះ បង្រ្កាបបានតែអ្នកប្រដាល់ឆ្លងដែនរូបនេះបានឃ្លាតពីសង្វៀនស្រុកខ្មែរ មួយរយៈពេល ហើយទើបតែពេលនេះ គេបង្ហាញខ្លួនមកវិញ។
អ្នកប្រដាល់ថៃ ទួន ប៉េ ជាអ្នកប្រដាល់ ដែលមានប្រវត្តិប្រកួតចំនួន ១០៩ ដង ឈ្នះ ៨០ ដង ចាញ់ ២០ ដង ស្មើពិន្ទុ ៩ ដង និងវាយគូប្រកួតឲ្យសន្លប់ បានចំនួន ២០ ដងនោះ គេពិតជាអ្នកប្រដាល់ ដែលមានផ្លែវ៉ៃចេញល្អ រហ័ស និងរបាំងការពាររបស់គេ ក៏មាំល្អដែរ។ ដោយសារដូច្នេះហើយ ទើបអ្នកប្រដាល់កម្ពុជា ធន់ តុបផេង ដែលជាអ្នកប្រដាល់ជំនាន់ក្រោយ និង ប្រវត្តិប្រកួតតិចជាងនោះ ពុំអាចយកឈ្នះលើរូបគេ(ទួន ប៉េ)បាន គឺបានត្រឹមស្មើពិន្ទុប៉ុណ្ណោះ។ ធន់ តុបផេង មានប្រវត្តិប្រកួតចំនួន ៧៦ ដង ក្នុងនោះប្រកួតឈ្នះចំនួន ៥០ ដង ចាញ់ ២៣ ដង ស្មើពិន្ទុ ៣ ដង និងវាយគូប្រកួតឲ្យសន្លប់ បានចំនួន ២២ ដង។
ចំណែក អ្នកប្រដាល់ជើងចាស់កម្ពុជា វ៉ាន់ វឿន ក្លិបឃ្លាំងមឿងកីឡា បានប្រកួតឈ្នះដោយពិន្ទុ លើអ្នកប្រដាល់ជើងខ្លាំងជើងចាស់ថៃ រ៉ាំ បូ (Ram Bo) ក្នុងការជួបប្រកួតគ្នា ប្រភេទទម្ងន់ ៥៧ គីឡូក្រាម។ វ៉ាន់ វឿន ធ្លាប់គ្រងមេដាយសំរិទ្ធស៊ីហ្គេម គេជាអ្នកប្រដាល់ ដែលមានជង្គង់រហ័ស កែង មុត តែជើងក្រោមរបស់គេ ជ្រាយបន្តិច។ ឯ រ៉ាំ បូ ជាអ្នកប្រដាល់មិនមែនងាយស្រួលយកឈ្នះប៉ុន្មាននោះទេ វ៉ាន់ វឿន ទម្រាំបានឈ្នះពិន្ទុលើគេនោះ គឺឡើងទ្រោមខ្លួនមិនតិចដែរទេ ។ រ៉ាំ បូជា អ្នកប្រដាល់ ដែលចូលចិត្តវ៉ៃប្ដូរ ហើយការទាត់ចេញរបស់គេ ស៊ីតែកញ្ចឹង ក គូប្រកួតប៉ុណ្ណោះ។ អ្នកប្រដាល់ថៃ រូបនេះ មានប្រវត្តិ ប្រកួតចំនួន ៨៥ ដង ឈ្នះ ៦០ ដង ចាញ់ ២២ ដង ស្មើពិន្ទុ ៣ ដង វាយគូប្រកួតឲ្យសន្លប់ បាន ១២ ដង ខណ:ដែលវ៉ាន់ វឿនគេមានប្រវត្តិប្រកួត ចំនួន ៦៨ ដង ឈ្នះ ៥៨ ដង ចាញ់ ៨ ដង ស្មើពិន្ទុ ២ ដង និងវាយគូប្រកួតឲ្យសន្លប់បាន ៣១ ដង ។
ចំពោះអ្នកប្រដាល់ជើងថ្មីកម្ពុជាមួយរូបទៀត គឺ រិទ្ធី សុផាត ក្លិប Super Fight ដែលមានប្រវត្តិប្រកួត ចំនួន ៣៥ ដង ឈ្នះ ២៤ ដង ចាញ់ ៩ ដង ស្មើ ២ ដង និងវាយគូប្រកួតឲ្យសន្លប់ បានចំនួន ១១ ដង បានវ៉ៃចាញ់ អ្នកប្រដាល់ថៃ បា ប៊ូ (Ba Bou) ដោយពិន្ទុ ក្នុងការជួបប្រកួតគ្នាប្រភេទទម្ងន់៦៣,៥០គីឡូក្រាម។
ស្ថានភាពប្រកួតរបស់អ្នកប្រដាល់ថៃ បា ប៊ូ គឺគេមានកលល្បិច ល្អ រហ័ស ជាងអ្នកប្រដាល់ជើងថ្មីកម្ពុជា រិទ្ធី សុផាត ។ បា ប៊ូ មិនធ្លាប់មានប្រវត្តិប្រកួតនៅស្រុកខ្មែរនោះទេ តែគេមានប្រវត្តិប្រកួត ចំនួន ៧០ ដង ឈ្នះ ៥០ ដង ចាញ់ ១៨ ដងស្មើពិន្ទុ ២ ដង និងវាយគូប្រកួតឲ្យសន្លប់ បានចំនួន ៨ ដង។
ចំពោះការប្រកួតរវាងអ្នកប្រដាល់រួមជាតិវិញនោះ ទូច ប្រុសណុច ក្លិបមេសថ្ងក ខេត្តស្វាយរៀង បានផ្តួលអ្នកប្រដាល់ សុវណ្ណកុមារ ក្លិបនាគរាជចតុមុខ ក្រសួងមហាផ្ទៃ ឲ្យសន្លប់ក្នុងទឹកទី១ ក្នុងការប្រកួតប្រភេទទម្ងន់ ៥៤ គីឡូក្រាម។ រីឯ អ្នកប្រដាល់ពុទ្ធ សំបូរ ក្លិបតាឡីដំរីមានរិទ្ធ ក៏ផ្តួលអ្នកប្រដាល់រឿម វណ្ណៈ ក្លិបនាគរាជនាំសំណាង ឲ្យសន្លប់ក្នុងទឹកទី១ដែរ ក្នុងការប្រកួតគ្នាប្រភេទទម្ងន់ ៦១ គីឡូក្រាម៕

Comments

Related posts