ក្រោយរងសម្ពាធ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស សម្រេចដកតំណែងរដ្ឋមន្រ្តីមហាផ្ទៃ ដែលជាផ្នែកនៃការរុះរើគណៈរដ្ឋមន្រ្តីទ្រង់ទ្រាយធំ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b13-1

b14

អន្តរជាតិ៖ ប្រភពពីរដ្ឋាភិបាលចក្រភពអង់គ្លេសបានឱ្យដឹងថា លោក Rishi Sunak នាយករដ្ឋមន្រ្តីអង់គ្លេសបានសម្រេច បណ្តេញលោកស្រី Suella Braverman រដ្ឋមន្រ្តីមហាផ្ទៃរបស់លោកចេញពីតំណែង ដែលវាគឺជាផ្នែកមួយនៃការរុះរើគណៈរដ្ឋមន្រ្តី បន្ទាប់ពីលោកស្រីបានរិះគន់ថា ប៉ូលិសប្រកាន់ជំហរលម្អៀងទៅលើចលនាបាតុកម្មគាំទ្រប៉ាឡេស្ទីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ ប្រភពខាងលើបានអះអាងថា ដោយស្ថិតក្រោមសម្ពាធពីក្រុមសមាជិកសភាបក្សប្រឆាំង និងសមាជិកនៃគណបក្សកាន់អំណាចរបស់លោកផ្ទាល់ ដែលទាមទារចង់ឱ្យដកតំណែងលោកស្រី Braverman។ លោក Sunak បានសម្រេចចិត្តធ្វើយ៉ាងដូច្នោះដោយបានស្នើសុំឱ្យលោកស្រីចាកចេញពីរដ្ឋាភិបាល ហើយលោកស្រី Braverman ក៏បានទទួលយកសំណើនោះ។ លោក James Cleverly រដ្ឋមន្រ្តីការបរទេសអង់គ្លេសត្រូវបានតែងតាំងជារដ្ឋមន្រ្តីមហាផ្ទៃថ្មី។ បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកលោក David Cameron អតីត នាយករដ្ឋមន្រ្តីអង់គ្លេស នឹងត្រូវក្លាយជារដ្ឋមន្រ្តីការបរទេសជំនួសលោក Cleverly។ គួរបញ្ជាក់ថា ការដកតំណែងរដ្ឋមន្រ្តីមហាផ្ទៃអង់គ្លេសនេះកើតមានឡើងស្របពេលដែលគណបក្សកាន់អំណាចអង់គ្លេសបានឱ្យដឹងថា ការរុះរើទ្រង់ទ្រាយធំមួយ នៃរដ្ឋមន្រ្តីកំពូលៗរបស់រដ្ឋាភិបាលលោក Sunak កំពុងតែប្រព្រឹត្តទៅ ខណៈវាគឺជាការរុះរើលើកដំបូងបំផុតគិតចាប់តាំងពីលោកបានឡើងកាន់អំណាចកាលពីខែតុលា ឆ្នាំ២០២២។ លោកស្រី Braverman ត្រូវបានតែងតាំងជា រដ្ឋមន្រ្តីមហាផ្ទៃក្រោយពេលលោក Sunak ក្លាយជានាយករដ្ឋមន្រ្តី៕

Comments

Related posts