រាជរដ្ឋាភិបាលបានដាក់ទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឆ្ពោះទៅទិសខាងកើត

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១៥ ១១ ២០២៣

photo_2023-11-16_09-54-33

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា រាជរដ្ឋាភិបាលបានដាក់ទិសដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឆ្ពោះទៅទិសខាងកើត ដែល ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវជាតិលេខ១ នឹងទទួលបានផលប្រយោជន៍ជាច្រើន ក្នុងការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានកោះនរា នារសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា កាលពីសតវត្សរ៍ទី៨០ឬ៩០ ទិសខាងកើតនៃរាជធានីភ្នំពេញ មិនទាន់រីកចម្រើន នោះទេ បន្ទាប់ពីស្ពានជ្រោយចង្វារ ចាប់ផ្តើមតភ្ជាប់ជំហានដំបូង បានរុញកំណើនសេដ្ឋកិច្ចប្រជាពលរដ្ឋឱ្យមានការរីកចម្រើន។
សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត បានបន្តថា បន្ទាប់ពីការសាងសង់ស្ពានព្រែកព្នៅនិងស្ពានជ្រោយចង្វារបន្ថែមមួយទៀត សេដ្ឋកិច្ចខាងកើតទន្លេនៅបណ្តោយផ្លូវជាតិលេខ៦A បានរីកចម្រើនខ្លាំង ធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងជីវភាពធូរធារ។
សម្តេចមហាបវរធិបតី  ហ៊ុន ម៉ាណែត  បានបញ្ជាក់ថា ការតភ្ជាប់ស្ពានកោះនរា រួមផ្សំជាមួយនឹងការគ្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ខណៈគ្រោងនឹងសាងសង់ស្ពានចំនួន៣ខ្សែបន្ថែមទៀត រួមមាន ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ពីផ្សាររាត្រីទៅអរិយក្សត្រ ស្ពានឆ្លងកាត់ទន្លេបាសាក់ពីចាក់អង្រែក្រោម-ព្រែកប្រា និងស្ពាននៅចាក់អង្រែលើទៀតនោះ វាអាចបញ្ចៀសក្នុងការកកស្ទះចរាចរណ៍និងជំរុញសេដ្ឋកិច្ចឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត។  
 « អ៊ីចឹងយើងសង្ឃឹមថា បើស្ពានទាំងអស់នេះភ្ជាប់បន្ថែមទៀត វានឹងជំរុញសេដ្ឋកិច្ចនៅទិសខាងកើត បន្ថែមលើផ្លូវជាតិលេខ៦A តែសំខាន់នៅផ្លូវជាតិលេខ១នេះ និងបន្តថែមទៀត ព្រមទាំងផ្លូវល្បឿនលឿនភ្នំពេញ បាវិតថែមទៀត អ៊ីចឹងសរសៃឈាមនៃការតភ្ជាប់ផ្លូវគោក ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់យើងទាំងស្ពាន និងជំរុញកំណើនសេដ្ឋកិច្ចជាពិសេសតាមបណ្តោយផ្លូវជាតិនេះ អ្នកច្បារអំពៅទៅដល់ស្ពានអ្នកលឿងនិងឃើញផ្លែផ្កា នៃសេដ្ឋកិច្ចនិងការរីកចម្រើនក្នុងតំបន់របស់ខ្លួន នេះហើយជាអ្វីដែលសំខាន់ »៕

Comments

Related posts