ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្នើឱ្យរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ពង្រីកទីផ្សារការងារ

វិទ្យុជាតិកម្ពុជា៖
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រសហ្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានស្នើឱ្យព្រះរាជាណាចក្រអារាប៊ីសាអូឌីត ពង្រីកវិសាលភាពទីផ្សារការងារជាមួយកម្ពុជា។ នេះ គឺជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងជំនួបផ្លូវការជាមួយនឹងឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូតអារាប៊ីសាអូឌីតនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្នុងជំនួបប្រកបដោយភាពរីករាយ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការពង្រីកទីផ្សារការងារពីវិស័យអតិពលកម្មទៅវិស័យដែលប្រើប្រាស់កម្លាំងជំនាញ នឹងមានភាពទាក់ទាញសម្រាប់ពលរដ្ឋកម្ពុជាជាង។ 
ជាការឆ្លើយតប ឯកអគ្គរាជទូតអារាប៊ីសាអូឌីត បានទទួលយកសំណើររបស់ឯកឧត្តមរដ្ឋមន្ត្រី ហើយថានឹងបញ្ជូនសំណើរនេះទៅកាន់រដ្ឋាភិបាលរបស់ខ្លួនដើម្បីពិចារណា និងសម្រេច។ 

សូមបញ្ជាក់ថា ក្រៅពីបញ្ហាសំខាន់ខាងលើ ភាគីទាំងពីរ ក៏បានពិភាក្សាពីទំនាក់ទំនងរវាងប្រទេសទាំងពីរដែលកាន់តែស្អិតរមួត និងរីកចម្រើនធំធាត់ចាំបន្តទៀត បន្ទាប់ពីព្រះរាជាណាចក្រទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នាលើការបញ្ជូនពលករបម្រើការងារតាមផ្ទះកាលពីឆ្នាំ២០១៦។ 

ក្នុងជំនួបពិភាក្សាប្រកបដោយភាពរីករាយ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារាប៊ីសាអូឌីត ដែលបានមើលថែរក្សាពលរដ្ឋកម្ពុជាដែលកំពុងបម្រើការងារនៅទឹកដីអារ៉ាប៊ីសាអូឌីតផងដែរ។ 

យ៉ាងណាក៏ដោយមុននឹងបញ្ចប់ភាគីទាំងពីរ បានប្តេជ្ញាជំរុញទំនាក់ទំនងប្រទេសទាំងពីរលើវិស័យការងារឱ្យកាន់តែស្អិតរមួតបន្ថែមទៀតតាមរយៈទំនាក់ទំនងរវាងប្រជាជននិងប្រជាជន៕MLVT8373 (1)MLVT8333

Comments

Related posts