កម្ពុជាមានថ្ងៃនេះ មិនអាចកាត់ផ្តាច់បានពីការលះបង់របស់អតីតយុទ្ធជនកាលពីអតីតកាលនោះទេ

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

បាត់ដំបង៖ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ថ្លែងថា កម្ពុជាមានថ្ងៃនេះ មិនអាចកាត់ផ្តាច់បានពីការលះបង់របស់អតីតយុទ្ធជនកាលពីអតីតកាលនោះទេ ដែលមានគុណក្នុងបុព្វហេតុជាតិមាតុភូមិពេលជួបភ្លើងសង្គ្រាមផ្ទៃក្នុង ។

ក្នុងឱកាសចុះជួបសំណេះសំណាល សួរសុខទុក្ខ ចែកអំណោយ និងគ្រាប់ពូដំណាំតាមរយៈកម្មវិធីស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់អតីតយុទ្ធជនកម្ពុជា ដែលមានជីវភាពខ្វះខាត និងងាយរងគ្រោះដោយសារទឹកជំនន់ជាង១០០គ្រួសារ នៅស្រុកគាស់ក្រឡ ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បាននាំនូវសេចក្តីនឹករលឹក និងការសាកសួរសុខទុក្ខ ពីសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា ជូនដល់អតីតយុទ្ធជនទូទាំងខេត្តបាត់ដំបង។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានរំលឹកពីគុណសម្បត្តិរបស់អតីតយុទ្ធជនគ្រប់រូបក្នុងបុព្វហេតុជាតិមាតុភូមិពេលជួបភ្លើងសង្គ្រាមផ្ទៃក្នុង។ នាយឧត្តមសេនីយ៍ បានអះអាងថា អតីតយុទ្ធជនគ្រប់រូប គឺសុទ្ធតែបានសាងគុណបំណាច់យ៉ាងធំធេងក្នុងបុព្វហេតុជាតិមាតុភូមិពោលគឺសមិទ្ធផលដែលកម្ពុជាមាននាពេលបច្ចុប្បន្នមិនអាចកាត់ផ្តាច់បានពីការលះបង់របស់អតីតយុទ្ធជនកាលពីអតីតកាលនោះទេ។

ដើម្បីជាការតបស្នងចំពោះគុណបំណាច់របស់អតីតយុទ្ធជន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការរស់នៅរបស់អតីតយុទ្ធជន ក្នុងនោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជូននូវគោលនយោបាយជាច្រើនដើម្បីរួមចំណែកលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនគ្រប់រូបឱ្យកាន់តែល្អប្រសើរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានជំរុញឱ្យអាជ្ញាធរ មន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ត្រូវពន្លឿនការកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ តបណ្ដាញទឹក និងអគ្គិសនីឱ្យបានលឿនដើម្បីសម្រួលដល់ការរស់នៅរបស់គ្រួសារអតីតយុទ្ធជន។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម បានណែនាំឱ្យថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ឱ្យបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជន ត្រូវបែងចែកភារកិច្ចគ្នា ចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទ្ធជាមួយអតីតយុទ្ធជនតាមខ្នងផ្ទះនីមួយៗ។

ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម បានណែនាំដល់អាជ្ញាធរខេត្តបាត់ដំបងត្រូវចាត់ចែងរៀបចំផ្ដល់ពាងទឹក និងភ្ជួររាស់ដីជូនគ្រួសារអតីតយុទ្ធជនទាំងអស់ដើម្បីដាំដុះបង្កបង្កើនផលដំណាំផ្សេងៗឱ្យបានទាន់ពេលវេលាសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃ៕402555116_893297838824082_7871698233506185991_n

Comments

Related posts