សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងការថែទាំផ្លូវជាតិលេខ៥ និងផ្លូវដទៃទៀតឱ្យបានល្អប្រសើរ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២២ ១១ ២០២៣

b-28

MC៖ សម្តេចមហាបវរធិបតី ហ៊ុន  ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យ ក្រសួងស្ថានប័នពាក់ព័ន្ធ ត្រូវពង្រឹងការថែទាំផ្លូវជាតិលេខ៥ និងជួសជុលផ្លូវដទៃទៀតឱ្យបានល្អប្រសើរ ដើម្បីធានាដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋប្រកបដោយភាពងាយស្រួល និងមានសុវត្ថិភាព។
  ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍មួយចំនួន ដល់ក្រសួងស្ថានប័ននិងភាគីពាក់ព័ន្ធដើម្បីយកទៅអនុវត្ត ឱ្យកាន់តែមាន ប្រសិទ្ធភាព ទី១ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ នៃបណ្ដាខេត្តនៅ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រូវកំណត់យន្តការ និងចាត់វិធានការឱ្យបានតឹងរ៉ឹងបំផុត ក្នុងការថែរក្សាផ្លូវ ជាតិនេះ ឱ្យមានគុណភាពល្អប្រសើរសម្រាប់អ្នកដំណើរ។ នៅក្នុងករណីដែលមានការខូចខាតណាមួយ សូមជួសជុលឱ្យបានឆាប់រហ័សនិងចៀសវាងការបណ្ដោយឱ្យមានការខូចខាតធ្ងន់ធ្ងរទៅថ្ងៃក្រោយ។ សម្តេចធិបតីបញ្ជាក់ថា អនុសាសន៍នេះ គឺមិនមែនសម្រាប់តែផ្លូវជាតិលេខ៥នោះទេ គឺសូមអនុវត្តនៅគ្រប់ បណ្ដាផ្លូវ ស្ពាន និងទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងស្ថាប័ន ពាក់ព័ន្ធត្រូវបង្កើតយន្តការរួម ដើម្បីឃ្លាំមើលនិងជួសជុលជាប្រចាំ នូវគុណភាពសំណង់ ហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់ឱ្យបានល្អប្រសើរជានិច្ច។ ទី២ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវពង្រឹងសុវត្ថិភាពនៅតាមដងផ្លូវ ជាពិសេសត្រូវពង្រឹងលើផ្លាកសញ្ញាចរាចរណ៍ និងកែសម្រួលលំហូរ ចរាចរណ៍ជាដើម ដើម្បីចៀសវាង ឬធ្វើយ៉ាងណា កាត់បន្ថយឱ្យបាននូវហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។ ទី៣ ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ត្រូវពង្រឹងការបន្ស៊ីគ្នារវាងគម្រោង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនីមួយៗ ជាពិសេសការធ្វើផ្លូវ ស្ពាន បណ្ដាញលូ បណ្ដាញទឹក និងប្រព័ន្ធ អគ្គិសនី ឱ្យស្របទៅតាមប្លង់គោលមួយ ដើម្បីចៀសវាងការធ្វើរៀងៗខ្លួន ដែលនាំឱ្យខាតបង់ដល់ថវិកាជាតិ ថវិកាជំនួយ និងបង្កផលលំបាកដែលមិនចាំបាច់ដល់ប្រជាពលរដ្ឋ។ សម្តេចធិបតី  ក៏បានសំណូមពរដល់ បងប្អូនប្រជាពលរដ្ឋ អ្នកប្រើប្រាស់ផ្លូវថ្នល់ សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដោយត្រូវប្រើ ប្រាស់គន្លងផ្លូវឱ្យបានត្រឹមត្រូវ មិនត្រូវបើកលើសល្បឿនកំណត់ និងប្រុងប្រយ័ត្នជានិច្ចរាល់ពេលធ្វើដំណើរ នៅតាមដងផ្លូវ។ជាងនេះទៅទៀត  ក្រសួងស្ថានប័ន ពាក់ព័ន្ធ ត្រូវចូលរួមទប់ស្កាត់ឱ្យបានដាច់ខាត នូវការ ដឹកជញ្ជូនលើសទម្ងន់កំរិតកំណត់ ត្រូវត្រួតពិនិត្យជាប្រចាំនូវលក្ខណៈបច្ចេកទេសយានយន្តឱ្យបានជាប់ ជាប្រចាំ ដើម្បីធានាការប្រើប្រាស់ផ្លូវបានយូរអង្វែង និងធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដែលធ្វើ ដំណើរនៅលើដងផ្លូវ។ «ខ្ញុំតែងតែលើកនៅក្នុងគ្រប់វេទិកាទាំងអស់ រដ្ឋជាអ្នកធានានូវហេដ្ឋារចនាសម្ព័ន្ធ ច្បាប់ចរាចរណ៍ ជាដើម ប៉ុន្តែការប្រើប្រាស់សូមឱ្យ នូវការអនុវត្តប្រតិបត្តិសូមឱ្យវិស័យឯកជននិងប្រជាពលរដ្ឋ ជួយគ្រប់ គ្រងគ្នាដើម្បីធ្វើ។ អ៊ីចឹងខ្ញុំសង្ឃឹមថាទាំងយន្តការរដ្ឋ ទាំងប្រជាពលរដ្ឋទាំងវិស័យឯកជន រួមគ្នាដើម្បី ថែរក្សាផ្លូវឈាមរបស់យើង ថែរក្សាផ្លូវឈាមរបស់យើងដែលជួយយើងទាំងអស់គ្នា បើយើងដឹកធ្ងន់បាន មួយឆ្នាំផ្លូវនេះខូច វានឹងធ្វើឱ្យខាតពេលវេលារបស់បងប្អូនដដែល។  ឥឡូវនេះភ្លឺរលើបរលោង ដូចនេះ រាល់ការដឹកជញ្ជូននិងធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ ដូច្នេះកិច្ចការប៉ុន្មានចំណុចនេះ សូមបន្តយកចិត្ត ទុកដាក់ឲ្យមានប្រសិទ្ធភាព៕

Comments

Related posts