ក្រុមអ្នកសារព័ត៌មាន ប្តេជ្ញាបន្ដចូលរួមផ្សព្វផ្សាយព័ត៌មានពីរបបអាហារដែលមានសុខភាព និងការកាត់បន្ថយជាតិអំបិល ដល់ប្រជាពលរដ្ឋ

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២២ វិច្ឆិកា ២០២៣

c3-16

c5-11

c4-13

c1-16

c7-12

c2-17

c6-12

c8-9

MC៖ ក្រុមអ្នកសារព័ត៌មាន បានប្តេជ្ញាបន្ដចូលរួមផ្សព្វផ្សាយព័ត៌មានពីរបបអាហារដែលមានសុខភាព និងការកាត់បន្ថយជាតិអំបិល ដល់ប្រជាពលរដ្ឋ ដើម្បីឱ្យពួកគាត់ទទួលបានសុខភាពល្អ។
លោក ហង់ នី ជាមន្ត្រីសារព័ត៌មាន និងជាពិធីករអត្ថាធិប្បាយ នៅមន្ទីរព័ត៌មានខេត្តតាកែវ បានឱ្យដឹងថា ក្រោយពីបានចូលរួមក្នុងសិក្ខាសាលា ស្ដីពីការលើកកម្ពស់របបអាហារមានសុខភាពល្អ និងការកាត់បន្ថយ ជាតិអំបិលរួចមក គឺបានទទួលនូវចំណេះដឹងច្រើនពីវាគ្មិនជំនាញៗ ពីព្រោះប្រភេទជំងឺមិនឆ្លងនេះ មិនសូវ មានអ្នកចាប់អារម្មណ៍ តែវាបណ្តាលឲ្យស្លាប់ ដែលត្រូវទាមទារឱ្យមានការចូលរួម និងយកចិត្តទុកដាក់ពី គ្រប់ភាគីពាក់ព័ន្ធ។
លោកបន្ដថា ក្នុងនាមជាអ្នកផ្សព្វផ្សាយព័ត៌មាន នឹងខិតខំរំលេចសារទាក់ទងទៅនឹងសុខភាព ជាពិសេស ជំងឺមិនឆ្លងឱ្យបានច្រើន ដើម្បីឱ្យប្រជាពលរដ្ឋ ឈ្វេងយល់ពីរបបអាហារ ណាដែលទទួលទានហើយ មាន សុខភាពល្អ និងមិនល្អធ្វើឱ្យប៉ះពាល់ដល់សុខភាព។
 «ខ្ញុំតែងតែរំលេចឡើងពាក់ព័ន្ធនឹងបញ្ហាការពារសុខភាពជាប្រចាំជាពិសសចាប់តាំងពីជំងឺកូវីដ កើតឡើង  ។ តែមកដល់ពេលនេះខ្ញុំនឹងរំឫកអំពីការកាត់បន្ថយជាតិអំបិល ព្រោះអំបិលក៏សំខាន់អ៊ីចឹងក្នុងកម្មវិធីអត្ថាធិប្បាយ ទាក់ទងសុខភាព  ក៏ដូចជាព័ត៌មានចម្រុះ គឺខ្ញុំតែងរំលេចសារអំពីសុខភាព ដល់ប្រជាពលរដ្ឋ»។
រីឯប្អូនស្រីម៉េង ចាន់ណា មន្ត្រីសារព័ត៌មាននៅមន្ទីរព័ត៌មានខេត្តកែបក៏បានលើកឡើងថា៖ នេះជាចំណេះដឹងល្អមួយ ដែលយើងអាចយកទៅអនុវត្តន៍ក្នុងការទទួលទានអាហារប្រចាំថ្ងៃ ដោយចាប់ផ្ដើមពីខ្លួនយើង និងគ្រួសារយើងជាមុនសិន។
 «ខ្ញុំយកទៅប្រាប់ម៉ាក់ខ្ញុំព្រោះម៉ាក់ខ្ញុំជាចុងភៅនៅក្នុងគ្រួសារ ហើយគាត់ចូលចិត្តបរិភោគប្រៃផងដែរ ។ ហើយពេលយើងទៅញ៉ាំអាហារខាងក្រៅ យើងគួរតែកាត់បន្ថយនូវការ ថែមគ្រឿងទេសផ្សេងៗចូលបន្ថែមទៀត»។
លោកវេជ្ជបណ្ឌិត ឃឹម សំអាត មន្ត្រីបច្ចេកទេសជំងឺមិនឆ្លង និងការលើកកម្ពស់សុខភាពនៃអង្គការសុខភាពពិភពលោក បានមានប្រសាសន៍ថា ការចូលរួមផ្សព្វផ្សាយ ការបំផុសសារខ្លីៗ របស់អ្នកសារព័ត៌មាន គឺជាកត្ដាសំខាន់ ដែលអាចធ្វើឱ្យប្រជាពលរដ្ឋ បានងាកមកចាប់អារម្មណ៍នឹងបញ្ហាប្រឈមជាច្រើន ដែលបណ្ដាលមកពីការទទួលទានអាហារមិនល្អ ទទួលទានលើសកម្រិតជាតិប្រៃនិងផ្អែម ព្រមទាំងការទទួលទានជាតិខ្លាញ់មិនល្អ ងាកមកទទួលទានទឹកស្អាត បន្លែ ផ្លែឈើឱ្យបានគ្រប់គ្រាន់ ដើម្បីកាត់បន្ថយអត្រាមរណៈភាព ពិការភាព ជំងឺបេះដូង លើសឈាម ដាច់សរសៃឈាមខួរក្បាល ទឹកនោមប្រៃ និងទឹកនោមផ្អែមជាដើម។
 «របាយការណ៍ចុងក្រោយ របស់អង្គការសុខភាពពិភពលោកបានបង្ហាញថា ប្រជាជនកម្ពុជាបានស្លាប់ដោយសារជំងឺមិនឆ្លង ប្រមាណ៦៤ភាគរយ បើប្រៀបធៀបទៅនឹងមូលហេតុនៃការស្លាប់ដទៃទៀតហើយអ្នកស្លាប់ គឺស្លាប់មុនអាយុកាលកំណត់។ តាមការស្រាវជ្រាវប្រជាពលរដ្ឋកម្ពុជាយើងរស់បានយូរត្រឹម ខ្ទង់អាយុ៧០ឆ្នាំ អ៊ីចឹងស្លាប់មុនអាយុកាល សំដៅឃើញថា បើសិនយើងទទួលទានអាហារអត់សុខភាពប្រៃពេក ផ្អែមពេក ខ្លាញ់ពេក ដែលកើតជាជំងឺទឹកនោមផ្អែម លើសសំពាធឈាម មហារីកជាដើម»។
សូមជម្រាបថា ជម្ងឺមិនឆ្លងអាចសំដៅលើជំងឺរ៉ាំរ៉ៃដែលមានរយៈពេលយូរហើយវិវឌ្ឍលូតលាស់យឺត ៗ ដូចជាជំងឺទឹកនោមផ្អែម ទឹកនោមប្រៃ ជំងឺមហារីក ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជំងឺបេះដូង ជំងឺលើសសំពាធឈាម។ល។ប្រភេទជំងឺមិនឆ្លងដែលមានអត្រាមរណៈខ្ពស់ជាងគេគឺ ជំងឺសរសៃឈាមបេះដូង , ជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ ,មហារីក និងជំងឺទឹកនោមផ្អែម។  ជំងឺមិនឆ្លង អាចបង្ការបានរហូតទៅដល់ ៨០% តាមរយៈការបង្ការ និងការពារ ដោយគ្រាន់តែ រួមគ្នាដោះស្រាយកត្តាហានិភ័យ រួមចំនួន ៤ ធំៗ គឺ៖ឈប់ប្រើប្រាស់ថ្នាំជក់ ឈប់ទទួលទានគ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ របបអាហារដែលមិនមានផាសុខភាព និងការអនុវត្តកាយវប្បកម្មឱ្យបានត្រឹមត្រូវជាប្រចាំ៕

Comments

Related posts