គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាទៅចូលរួមកិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិកលើកទី៣១ នៅហ្វីលីពីន

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ២២ ១១ ២០២៣

g-4

g2-4

g1-4

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែវិច្ឆិកានេះ បាន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចាកចេញពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់ទីក្រុងម៉ានីល សាធារណរដ្ឋហ្វីលីពីន  ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក(APPF) លើកទី៣១។
កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ឆ្នាំនេះ ធ្វើឡើងក្រោមមូលបទ«ភាព ជាដៃគូមានភាពធន់ ដើម្បីសន្តិភាព វិបុលភាព និងនិរន្តរភាព» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣។  
សេចក្តីប្រកាសព័ត៌មានរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា នៅក្នុងអំឡុងពេលចូលរួម កិច្ចប្រជុំប្រចាំឆ្នាំនេះ  ឯកឧត្តម ជាម យៀប នឹងចូលរួមថ្លែងបទអន្តរាគមន៍ក្នុងកិច្ចប្រជុំជាផ្លូវការ លើប្រធានបទ«ការប្រយុទ្ធប្រឆាំងទៅនឹងបទឧក្រិដ្ឋឆ្លងដែន»។ គណៈប្រតិភូសភាកម្ពុជា ក៏គ្រោង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាលក្ខណៈទ្វេភាគី ជាមួយប្រធាន គណៈប្រតិភូសភាឡាវ វៀតណាម ថៃ និង ប្រធានសភាហ្វីលីពីន ដែលជាម្ចាស់ផ្ទះ ព្រមទាំងគ្រោងជួបជាមួយអគ្គនាយកវិទ្យាស្ថាន ស្រាវជ្រាវដំណាំស្រូវអន្តរជាតិ(IRRI)។ ចំណែកសមាជិកគណៈប្រតិភូដទៃទៀតនឹងចូលរួមកិច្ចប្រជុំជាច្រើនរបស់ APPF ស្របតាមកម្មវិធីដែល បានរៀបចំ។
កិច្ចប្រជុំប្រចាំឆ្នាំនៃវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី៣១ មានគណៈកម្មាធិការ ចំនួន៤គឺ៖ ១-កិច្ចប្រជុំសមាជិកសភាជាស្ត្រី ២-គណៈកម្មាធិការស្តីពីនយោបាយ និងសន្តិសុខ ៣-គណៈកម្មាធិការ ស្តីពីសេដ្ឋកិច្ច និងពាណិជ្ជកម្ម ៤-គណៈកម្មាធិការកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងកិច្ចពិភាក្សា តុមូល សម្រាប់សមាជិកសភាវ័យក្មេង។
វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក ដែលមានឈ្មោះពេញ ជាភាសាអង់គ្លេស “The Asia-Pacific Parliamentary Forum” ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយអតីតនាយករដ្ឋមន្រ្តីជប៉ុន ឯកឧត្តម Yasuhiro Nakasone ក្នុងឆ្នាំ១៩៩៣ ដើម្បីជំរុញយន្តការសភាក្នុងការកសាងសុខសន្តិភាព ការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងពិភពលោក ដោយចីរភាព។
សភានៃព្រះរាជាណាចក្រកម្ពុជាបានចូលជាសមាជិកនៅក្នុងឆ្នាំ១៩៩៥ និងបានធ្វើជាម្ចាស់ផ្ទះ រៀបចំ កិច្ចប្រជុំប្រចំាឆ្នាំ APPF លើកទី២៧  កាលពីខែមករា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។ បច្ចុប្បន្ន APPF មានសមាជិកពេញសិទ្ធិចំនួន ២៨ប្រទេស៕

Comments

Related posts