អនុប្រធានទី១ព្រឹទ្ធសភាកម្ពុជា និងភាគីចិន ឯកភាពគ្នាគាំទ្រការកំណត់យកឆ្នាំ២០២៤ជា“ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសទាំងពីរ

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

ភ្នំពេញ៖អនុប្រធានទីព្រឹទ្ធសភាកម្ពុជានិងអនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិននៃសាធារណរដ្ឋប្រជាមានិតចិនបានគាំទ្រការកំណត់យកឆ្នាំ២០២៤ជា “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន ខណៈដែលឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតប្រទេសទាំងពីរ និងជា”ឆ្នាំមិត្តភាពចិន-កម្ពុជា”ទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំងពីរបានឈានដល់កម្រិតខ្ពស់បំផុត។

កាលពីនារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា អនុប្រធានទី១ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោកជំទាវ សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជា-មានិតចិន ក្នុងឱកាសលោកជំទាវដឹកនាំគណៈប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា បានស្វាគមន៍ និងចាត់ទុកដំណើរទស្សនកិច្ចជាផ្លូវការរបស់គណៈប្រតិភូនាពេលនេះ ពិតជាមានសារៈសំខាន់ដល់ការថែរក្សាពូនជ្រំ ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងព្រះរាជាណាចក្រកម្ពុជា  និងសាធារណរដ្ឋប្រជាមានិតចិន និងរវាងសភាទាំងពីរ ឱ្យកាន់តែរឹងមាំគង់វង្សស្ថិតស្ថេរ ដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-ចិន ទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។

ក្នុងឱកាសនោះ លោកជំទាវ សិន យេយេ បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ   នាពេលនេះ ដើម្បីពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត។

ក្នុងឱកាសដ៏ល្អប្រពៃនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនគ្នាលើបញ្ហាទ្វេភាគី និងកង្វល់រួមរបស់ប្រទេសទាំងពីរ។ ក្នុងនោះ ភាគីទាំងពីរបានឯកភាពនិងវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព ទំនាក់ទំនងនិងកិច្ចសហ-ប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ដែលបន្តរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ រហូតត្រូវបានលើកកម្ពស់ទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” និងត្រូវបានប្រសិទ្ធនាមជា “មិត្តដែកថែប”។

ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានគូសបញ្ជាក់ថា កម្ពុជានិងចិន គឺជាអ្នកជិតខាងល្អ ជាមិត្តល្អ បងប្អូនល្អ និងជាដៃគូល្អ ហើយជាគំរូទំនាក់ទំនងរវាងរដ្ឋនិងរដ្ឋ។ កម្ពុជាបន្តគាំទ្រក្របខណ្ឌ និងយន្តការកិច្ចសហប្រតិបតិ្តការអន្តរជាតិ និងគំនិតផ្តួចផ្តើមនានារបស់ចិន ដែលដើរតួនាទីយ៉ាងសំខាន់ សម្រាប់បម្រើឱ្យការអភិវឌ្ឍរួម និងកិច្ចសហប្រតិបតិ្តការឈ្នះ-ឈ្នះ។ កម្ពុជាប្រកាន់ខ្ជាប់ជានិច្ចនូវ “គោលនយោបាយចិនតែមួយ”។

ជាមួយគ្នានោះ ព្រឹទ្ធសភាកម្ពុជាបន្តគាំទ្រដោយពេញលេញរាល់សេចក្តីសម្រេចនានា ដែលធ្វើឡើងដោយរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ចិន ក្នុងក្របខណ្ឌយុទ្ធសាស្រ្ត កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។ ព្រឹទ្ធសភាកម្ពុជាត្រៀមខ្លួន និងប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅបន្ថែមទៀតរវាងស្ថាប័ននីតិប្បញ្ញតិ្ត នៃប្រទេសទាំងពីរ។

ក្នុងក្របខ័ណ្ឌទ្វេភាគី ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អររវាងសភានៃប្រទេសទាំងពីរ តាមរយៈការបន្តផ្លាស់ប្តូរទស្សនកិច្ច និងមានជំនួបរវាងគ្នាទៅវិញទៅមក។ ក្នុងក្របខ័ណ្ឌពហុភាគីសភានៃប្រទេសទាំងពីរបានបន្តគាំទ្រគ្នាទៅវិញទៅមក ដើម្បីនាំមកនូវផលប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរនិងរួមចំណែកដល់សន្តិភាពស្ថិរភាព វិបុលភាពក្នុងតំបន់ និងអន្តរជាតិ៕

photo_2023-11-22_18-24-04

Comments

Related posts