ជប៉ុនប្ដេជ្ញាបន្តជំរុញគម្រោងសហប្រតិបត្តិការក្នុងការអភិវឌ្ឍនៅកម្ពុជាបន្ថែមទៀត

 

  វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ ២០២៣

b5-37

b4-41

b6-33

  MC ៖ ជប៉ុនប្ដេជ្ញាបន្តជំរុញគម្រោងសហប្រតិបត្តិការណា ដែលរួមចំណែកនៅក្នុងការអភិវឌ្ឍរបស់កម្ពុជាបន្ថែមទៀត ក្រោមភាពជាដៃគូជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

  ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្តាម-បាត់ដំបង) និងបើកការដ្ឋានកំណាត់ផ្លូវជាតិលេខ៥ (សេរីសោភ័ណ-ប៉ោយប៉ែត) នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានលើក ឡើងថា  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តក្នុងការបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងបានបង្ហាញពីភាពជាអ្នកដឹកនាំ ក្នុងការពង្រឹងអភិបាលកិច្ច ដូចជា ការកែទម្រង់រដ្ឋបាលនិងមុខងារសាធារណៈ កំណែទម្រង់ប្រព័ន្ធយុត្តិធម៌ និងការលើកកម្ពស់វិមជ្ឈការ ទាំងនេះគឺជាវិស័យដែលប្រទេសជប៉ុនបានជួបប្រទះ និងបានប្រមូលទុកយ៉ាងទូលំទូលាយ។ តាមរយៈនេះ ជប៉ុននឹងផ្តល់ចំណេះដឹងរបស់ខ្លួនសម្រាប់ការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ខណៈកន្លងទៅ ជប៉ុនបានចាប់ផ្តើមពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួនរបស់កម្ពុជារួចទៅហើយ។ ឯកអគ្គរាជទូតជប៉ុនបញ្ជាក់ថា ជប៉ុននិងកម្ពុជាកំពុងតែដំណើរការកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗជាច្រើន ដើម្បីធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅបន្ថែមទៀត បន្ទាប់ពីបានក្លាយទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។  ឯកអគ្គរាជទូតជប៉ុនបន្ថែមថា ទំនាក់ទំនងនេះ មិនត្រឹមតែជាបរិមាណទ្វេភាគីឬជាទំនាក់ទំនងដែលភាគីម្ខាងត្រូវធ្វើអ្វីមួយទៀត សម្រាប់ភាគីម្ខាងទៀតនោះទេ ផ្ទុយទៅវិញ គឺត្រូវធ្វើការរួមគ្នាជាដៃគូដើម្បីដោះស្រាយ លើបញ្ហាប្រឈមរួមក្នុងតំបន់ និងសហគមន៍អន្តរជាតិ។ ឯកអគ្គរាជទូតជប៉ុនបន្ថែមទៀតថា ក្រោមភាពជាដៃគូថ្មីនេះ ជប៉ុន និងកម្ពុជា នឹងចូលរួមយ៉ាងសកម្ម និងកិច្ចខិតខំប្រឹងប្រែងដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់ និងអន្តរជាតិ។
« ឆ្នាំនេះបានបង្ហាញពីភាពជោគជ័យដ៏ធំ ដោយវាជាខួប៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងជប៉ុននិងកម្ពុជា កន្លងមកយើងបានរៀបចំព្រឹតិ្តការណ៍ផ្សេងៗជាច្រើន ដែលមានការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា។ ថ្មីៗនេះផងដែរ យើងក៏បានប្រារព្ធខួបអបអរសាទរខួប៧០ឆ្នាំ ដោយបានរៀបចំពិធីបាញ់កាំជ្រួចក្នុងឱកាសនេះ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូន ចំពោះសម្តេចតេជោហ៊ុនសែន សម្ដេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជា អ្នកធុរកិច្ចនិងប្រជាជនកម្ពុជា ដែលបានសហការគ្នាក្នុងការប្រារព្ធកម្មវិធីអបអរសាទរខួប៧០ឆ្នាំនេះដោយជោគជ័យ។ ក្នុងនាមរាជរដ្ឋាភិបាលជប៉ុន យើងមានបំណងធ្វើឱ្យទំនាក់ទំនងរបស់យើងជាមួយរាជរដ្ឋាភិបាលកម្ពុជាកាន់តែស៊ីជម្រៅ លើគ្រប់វិស័យ រួមទាំងវិស័យនយោបាយ សេដ្ឋកិច្ចវប្បធម៌ ស្របពេលដែលមានការសហការជាមួយក្រុមហ៊ុន និងអង្គការឯកជនរបស់ប្រទេសជប៉ុនផងដែរ។»
  ឯកអគ្គរាជទូតជប៉ុនក៏បានលើកឡើងទៀតថា ជប៉ុននឹងបន្តពង្រឹងនិងពង្រីកកិច្ចសហការយ៉ាងជិតស្និទ្ធ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកគំនិតផ្តួចផ្តើម ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ ដោយផ្តោតលើគោលដៅយុទ្ធសាស្ត្ររបស់ប្រទេសកម្ពុជាផងដែរ៕

Comments

Related posts