អភិបាលរាជធានីភ្នំពេញបានផ្ដាំផ្ញើដល់កីឡាករកីឡាការិនីអុំទូកទាំងអស់ ត្រូវរក្សាកម្លាំងដើម្បីប្រកួតយកជ័យជំនះ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២៣.១១.២០២៣

b7-31

b10-12

b11-11

b8-25

b9-20

អភិបាលរាជធានីភ្នំពេញ បានផ្ដាំផ្ញើដល់កីឡាករកីឡាការិនីអុំទូកទាំងអស់ ត្រូវរក្សាកម្លាំងដើម្បីប្រកួតយកជ័យជំនះ ដោយអ្នកគ្រប់គ្រងចំណុះទូកទាំងអស់ក៏ត្រូវមើលថែកីឡាករ កុំឱ្យគាត់ដើរលេងយប់ជ្រៅ ហូបចុកគ្រឿងស្រវឹង ដែលធ្វើឱ្យប៉ះពាល់ដល់កម្លាំងក្នុងពេលប្រកួត ។
ការផ្តាំផ្ញើរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងពិធីបួងសួងសុំសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ខណៈឯកឧត្តម និងលោកជំទាវ អញ្ជើញជាអធិបតីភាព ក្នុងពិធីនេះ នាព្រឹកថ្ងៃទី២៣ ខែវិច្ជិកា ឆ្នាំ២០២៣ នៅរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ  ។
ក្នុងឱកាសនោះ ឯកឧត្តម បានផ្ដាំផ្ញើទៅដល់កីឡាករកីឡាការិនីអុំទូកទាំងអស់នៅក្នុងអំឡុងនៃការប្រកួតអុំទូកនៅក្នុងព្រះរាជពិធីអុំទូកអកអំបុកសំពះព្រះខែខាងមុខនេះ ហាមដាច់ខាតមិនឱ្យមានអំពើហិង្សាកើតឡើង។
ឯកឧត្តមបានបន្តថា សម្រាប់កីឡាករ ឆ្នាំនេះចាញ់គេ ឆ្នាំក្រោយមិនប្រាកដថាចាញ់ទេ យើងត្រូវតែប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត នោះនឹងទទួលបានជោគជ័យ។ សម្រាប់កីឡាករកីឡាការិនីទាំងអស់ សូមរក្សាកម្លាំងដើម្បីប្រកួតយកជ័យជំនះ ហើយអ្នកគ្រប់គ្រងចំណុះទូកទាំងអស់ក៏ត្រូវតែមើលថែកីឡាករ កុំឲ្យគាត់ដើរលេងយប់ជ្រៅ ហូបចុកគ្រឿងស្រវឹងដែលធ្វើឲ្យប៉ះពាល់ដល់កម្លាំង។
ឯកឧត្តមបន្ថែមថា ពិធីបុណ្យអុំទូកធ្វើឡើងដើម្បីរំលឹកទៅដល់គុណបុព្វបុរសខ្មែរយើងពីជំនាន់ដើម ពិសេសរំលឹកទៅដល់កងទ័ពជើងទឹក ដែលបានការពារមហានគររបស់យើងបានរឹងមាំនាសម័យនោះ ។ ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំ២០២៣នេះ គឺជាឆ្នាំទី១នៃអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្ដេច មហាបវរធិបតីហ៊ុនម៉ាណែត ក្រោយប្រទេសកម្ពុជាយើងទទួលជោគជ័យយ៉ាងធំធេងលើ ការគ្រប់គ្រងជំងឺរាលកូវីដ-១៩ ។
ជាងនេះទៅទៀត អនុវត្តតាមអនុសាសន៍ការណែនាំរបស់សម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមរួចរាល់ហើយ ក្នុងការរក្សាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដែលមកលេងបុណ្យអុំទូកនៅឆ្នាំនេះ ពោលគឺធ្វើយ៉ាងណាឲ្យព្រះរាជពិធីបុណ្យអុំទូកនេះ ទទួលបាន នូវភាពរលូននិងជោគជ័យ ។នេះជាសមិទ្ធផលដ៏ធំធេង កើតចេញពីប្រទេសមានសន្តិភាពពេញលេញ ក្រោយពីកម្ពុជាបានបាត់បង់ជាង ៥០០ឆ្នាំមកហើយនោះ។
   ក្រៅពីការសំណេះសំណាលជាមួយកីឡាករ កីឡាការិនីអុំទូក ឯកឧត្តម ឃួង ស្រេង ក៏បាននាំនូវអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនកីឡាករ កីឡាការិនី ចំណុះទូកទាំង៤៤ទូក ដែលក្នុងកីឡាករម្នាក់ ទទួលបានអាវនិងមួកពីរកំផ្លេ ជាមួយនឹងថវិកា៣ម៉ឺនរៀល ៕

Comments

Related posts