សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបលោកជំទាវអនុប្រធាន សភាប្រឹក្សានយោបាយប្រជាជនចិន

photo_2023-11-23_15-28-16

នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១០:០០នាទី នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកជំទាវ សិន យេយេ អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលលោកជំទាវដឹកនាំគណៈ-ប្រតិភូអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះ សម្តេចប្រធានព្រឹទ្ធសភាបានស្វាគមន៍ដ៏កក់ក្តៅចំពោះគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជានាពេលនេះ។ ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ បានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សា ពូនជ្រំ និងអភិវឌ្ឍចំណងមិត្តភាព សាមគ្គីភាព កិច្ចសហ-ប្រតិបត្តិការរវាងប្រជាជន ប្រទេស និងសភាទាំងពីរ។ ជាមួយគ្នានោះ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងមានអត្ថន័យដ៏ជ្រាលជ្រៅចូលរួមអបអរសាទរខួបលើកទី៦៥ឆ្នាំ  នៃថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដែលប្រទេសទាំងពីរបាននិងកំពុងប្រារព្ធពិធីអបអរសាទរដ៏ឱឡារិក។

លោកជំទាវ សិន យេយេ បានជម្រាបជូនសម្តេចប្រធានព្រឹទ្ធសភាជ្រាបថា ដំណើរទស្សនកិច្ចរបស់      គណៈប្រតិភូនាពេលនេះ គឺដើម្បីអនុវត្តជាក់ស្តែងនូវមតិឯកភាពរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងការជំរុញមិត្តភាព ទំនាក់ទំនងទ្វេភាគី និងជំរុញការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់និងផ្លូវ ដើម្បីផលប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ។

ក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានោះ ភាគីទាំងពីរបានយល់ស្របគ្នា និងបានចាត់ទុកប្រទេសទាំងពីរ ជាបងប្អូនល្អ មិត្តភក្តិល្អ ដៃគូល្អ និងជាអ្នកជិតខាងល្អ និងមានសហប្រតិបតិ្តការល្អលើគ្រប់វិស័យ។ ទន្ទឹមគ្នានោះ សម្តេចប្រធានព្រឹទ្ធសភា ក៏បានបញ្ជាក់ដែរថា ប្រទេសកម្ពុជាបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវ “គោលនយោបាយចិនតែមួយ”។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” កាន់តែទូលំទូលាយ និងស៊ីជម្រៅរវាងប្រទេសទាំងពីរ ដែលទទួលបានលទ្ធផលជាក់ស្តែង ជាពិសេសឈានដល់ការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបតិ្តការសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និង “កិច្ចសហប្រតិបត្តិការត្បូងពេជ្រ” លើវិស័យអាទិភាពទាំង៦ ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពគ្នា។

ភាគីទាំងពីរបានអបអរសាទរចំពោះការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន “កម្ពុជា-ចិន” ដែលត្រូវបានប្រកាសរួមគ្នាដោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ និងមានជំនឿថា អ្នកវិនិយោគទុនចិន និងអ្នកទេសចរចិននឹងមកវិនិយោគ និងទស្សនានៅកម្ពុជាកាន់តែច្រើនឡើងថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភាបានវាយតម្លៃខ្ពស់ចំពោះសកម្មភាពអាទិភាពចំនួន ០៨ ដែលឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានដាក់ចេញក្នុងវេទិកា ខ្សែក្រវ៉ាត់និងផ្លូវ លើកទី៣ និងយន្តការផ្សេងទៀត ព្រមទាំងគំនិតផ្តួចផ្តើមនានារបស់ចិន ដែលបានបម្រើដល់ការអភិវឌ្ឍ និងការកសាងសន្តិភាព ស្ថិរភាពនៅក្នុងតំបន់ និងអន្តរជាតិ។

សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងការជួយគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជាយ៉ាងឆាប់រហ័ស។

ជាមួយគ្នានោះ លោកជំទាវ សិន យេយេ បានថ្លែងនូវការកោតសសើរចំពោះការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា ក្រោមព្រះរាជដឹកនាំរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។ លោកជំទាវបានគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបតិ្តការសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ប្រទេសចិនត្រៀមខ្លួនក្នុងការជំរុញកិច្ចសហ-ប្រតិបតិ្តការជាមួយប្រទេសកម្ពុជា ដើម្បីពង្រឹងទំនុកចិត្តនយោបាយ និងការអភិវឌ្ឍជាក់ស្តែង។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងព្រឹទ្ធសភាកម្ពុជា និងសភាប្រឹក្សានយោបាយប្រជាជនចិន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ទន្ទឹមគ្នានោះ សម្តេចប្រធានព្រឹទ្ធសភាបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុតចំពោះជំនួយដ៏ថ្លៃថ្លារបស់រដ្ឋាភិបាល និងសភាប្រឹក្សានយោបាយ ប្រជាជនចិន ដែលបានជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ចាប់តាំងពីនីតិកាលទី១របស់ព្រឹទ្ធសភារហូតមកដល់បច្ចុប្បន្ននេះ។

សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនលោកជំទាវ សិន យេយេ និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងបេសកកម្ម និងទទួលបានភាពរីករាយក្នុងការស្នាក់នៅព្រះរាជាណាចក្រកម្ពុជា៕

photo_2023-11-23_15-28-09

 

Comments

Related posts