ប្រធានាធិបតីអេហ្ស៉ីបថា អនាគតរដ្ឋប៉ាឡេស្ទីន គួរតែជា "រដ្ឋគ្មានយោធា"

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a13-9

a12-12

a14-8

អន្តរជាតិ៖ លោក Abdel Fattah al-Sisi ប្រធានាធិបតីអេហ្ស៉ីបបាននិយាយថា អនាគតរដ្ឋប៉ាឡេស្ទីន គួរតែជារដ្ឋមួយគ្មានយោធា និងមានវត្តមានកងកម្លាំងរក្សាសន្តិសុខអន្តរជាតិបណ្ដោះអាសន្នមួយ ដើម្បីផ្ដល់ការធានាដល់ទាំងប៉ាឡេស្ទីន និងអ៉ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Abdel Fattah al-Sisi ធ្វើការកត់សម្គាល់ខាងលើអំឡុងធ្វើសន្និសីទសារព័ត៌មានរួមមួយក្នុងរដ្ឋធានីគែរ ជាមួយលោក Pedro Sanchez នាយករដ្ឋមន្ត្រីអេស្ប៉ាញ និងលោក Alexander De Croo នាយករដ្ឋមន្ត្រីបែលហ្ស៉ិក។ លោកបានបន្តថា "យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ប៉ាឡេស្ទីន ជារដ្ឋគ្មានយោធា និងមានការធានាសន្តិសុខពីកងកម្លាំងអន្តរជាតិដូចជាអង្គការ NATO UN ឬក៏កម្លាំងមកពីបណ្ដារដ្ឋអារ៉ាប់ ឬក៏សហរដ្ឋអាមេរិក រហូតទាល់តែយើងអាចសម្រេចបាននូវសន្តិសុខសម្រាប់រដ្ឋទាំងសងខាង (ប៉ាឡេស្ទីន និងអ៉ីស្រាអែល)"។ លោកបានបញ្ចាក់ថា ដំណោះស្រាយនយោបាយមួយដែលចង់ឱ្យមានការបង្កើតរដ្ឋប៉ាឡេស្ទីនឈរលើមូលដ្ឋានព្រំដែនថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៦៧ ដោយយកទីក្រុងហ៊្សេរុយសាឡិមខាងកើតជារដ្ឋធានី គឺនៅតែមិនអាចសម្រេចបាននោះទេ។ ម្យ៉ាងវិញទៀតអនាគតតំបន់ ហ្កាហ្សាកំពុងស្ថិតក្រោមភាពមិនច្បាស់លាស់ ក្រោយអ៉ីស្រាអែលបញ្ជាក់ថាខ្លួននឹងគ្រប់គ្រងផ្នែកសន្តិសុខលើតំបន់ហ្កាហ្សា បន្ទាប់ពីសង្រ្គាមជាមួយក្រុមហាម៉ាសបិទបញ្ចប់ ប៉ុន្តែសហរដ្ឋអាមេរិកបង្ហាញជំហរជំទាស់ទៅនឹងការគ្រប់គ្រងតំបន់ហ្កាហ្សាឡើងវិញពីសំណាក់អ៉ីស្រាអែល៕

Comments

Related posts