ប្រធានគណៈមេប្រយោគនៃការប្រកួតទូក «ង» ណែនាំឱ្យទូកទាំងអស់ចូលរួម ពិធីកាត់ព្រ័ត្រ ឱ្យបានគ្រប់ៗគ្នា

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២៦ ១១ ២០២៣

IMG_3298

IMG_3299

IMG_3300

IMG_3301

ភ្នំពេញ ៖ ប្រធានគណៈមេប្រយោគនៃការប្រកួតទូក «ង»  ឱ្យដឹងថា ឆ្នាំនេះតម្រូវឱ្យទូកទាំងអស់ចូលរួម ពិធីកាត់ព្រ័ត្រឱ្យបានគ្រប់ៗគ្នា ព្រោះព្រះរាជពិធីកាត់ព្រ័ត្រនឹងត្រូវធ្វើឡើង ក្រោយពេលព្រះករុណាព្រះ មហាក្សត្រយាងទតការប្រណាំងទូកង ទូកមួង ទូកចែវ ព្រមទាំងប្រោសព្រះរាជទានរង្វាន់ជានិមិត្តរូប ដល់កីឡាករ កីឡាការិនីទូក ដែលទទួលបានជ័យលាភី នៅថ្ងៃបញ្ចប់នៃព្រះរាជពិធីបុណ្យអុំទូក នាព្រះពន្លាជ័យ ខាងមុខព្រះបរមរាជវាំងរួចហើយ។

ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡានិងជាអនុប្រធាននៃអនុគណៈកម្មការ បច្ចេកទេស និងជាប្រធានគណៈមេប្រយោគនៃការប្រកួតទូក «ង»  បានមានប្រសាសន៍ប្រាប់វិទ្យុជាតិ កម្ពុជាឱ្យដឹងថា ដោយសារតែព្រះរាជពិធីបុណ្យអុំទូក មានចរិតលក្ខណៈជាសមយុទ្ធនៃកងទ័ពជើងទឹក សម័យបុរាណ ហេតុនេះហើយទើបជាចុងបញ្ចប់នៃព្រះរាជពិធីបុណ្យនេះ តែងមានពិធីដ៏សំខាន់មួយ គឺពិធីកាត់ព្រ័ត្រ។
ឯកឧត្តម បានបន្តថា ពិធីកាត់ព្រ័ត្រនេះ ក៏ជាសិល្បៈនៃកីឡាករ កីឡាការិនីអុំទូកខ្មែរបុរាណ មួយបែប ដែលមានន័យជា អត្ថប្បដិរូប ភ្ជាប់ទៅនឹងយុទ្ធវិធីគ្រប់គ្រងដឹកនាំ ថែរក្សា ការពារអាយុជីវិត ការពារ បូរណភាពទឹកដី បេតិកភណ្ឌជាតិ សម្បត្តិវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ អត្តសញ្ញាណជាតិ និង បង្ហាញពីមហិច្ឆតារបស់ពួកខ្មាំងសត្រូវ ដែលមានបំណងអាក្រក់ក្នុងការឈ្លានពាន ដណ្ដើមយកទឹកដី អច្ឆរិយៈរបស់យើង តាមរយៈល្បែងចាប់កូនខ្លែង ។
ឯកឧត្តម ប៊ូ ជុំសេរី ក៏បានណែនាំដល់កីឡាករទាំងអស់ ត្រូវចូលរួមពិធីកាត់ព្រ័ត្រនិងចាប់កូនខ្លែងឱ្យបាន គ្រប់ៗគ្នា ដោយសារតែពិធីនេះមានសារៈសំខាន់ ជានិម្មិតសញ្ញានៃឆន្ទៈដ៏មុតស្រួតរបស់កងកម្លាំង ដ៏ក្លៀវក្លាពោរពេញដោយថាមពល របស់អ្នកអុំទូកដែលជាតំណាង កងទ័ពជើងទឹក ដែលបានធ្វើសមយុទ្ធ តាមជំនាញក្នុងយុទ្ធវិធីការពារបូរណភាពទឹកដីប្រកបដោយភាពជោគជ័យក្នុងសមរភូមិ។
 « ខ្ញុំបានពន្យល់ហើយ ពន្យល់ទៀតឱ្យបងប្អូនទាំងអស់មេត្តាយកចិត្តទុកដាក់ អំពីការចូលរួម ក្នុងពិធីកាត់ព្រ័ត្រនេះ។ ខ្ញុំបាននិយាយរហូតដល់ថា យើងត្រូវគោរពអ្វីដែលជាកាតព្វកិច្ចជាប្រជាពលរដ្ឋ ម្នាក់ ក្នុងនាមជាកីឡាករ នូវអ្វីដែលបទបញ្ជាបានកំណត់វាជាការគ្រប់គ្រាន់ហើយ។ ក្នុងនាមយើងជាអ្នកស្នេហាជាតិមួយចូលរួមកសាងជាតិមួយ អ៊ីចឹងខ្ញុំបានពន្យល់គាត់ច្រើនសង្កត់ធ្ងន់ លើរឿងហ្នឹង »។
សូមបញ្ជាក់ថា បើតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា ពិធីកាត់ព្រ័ត្រគឺជាពិធីមួយ ដែលបង្ហាញពី លទ្ធផល នៃព្រះរាជពិធីប្រណាំងទូក បន្ទាប់ពីបានប្រព្រឹត្តទៅអស់ រយៈពេលបីថ្ងៃ គឺ ថ្ងៃ១៤កើត ១៥កើត និងថ្ងៃ១រោច នៃខែកត្តិក។ ខ្សែព្រ័ត្រដែលចងលាតសន្ធឹងយ៉ាងវែង ភ្ជាប់ពីទូកមួយទៅទូកមួយ ទៀត នៅកណ្តាលទន្លេ ស្ថិតនៅចំព្រះភក្ត្រព្រះមហាក្សត្រ និងមន្ត្រីអ្នកមុខអ្នកការ នាព្រះពន្លាជ័យ ត្រូវបាន កាត់ផ្តាច់ដោយដាវជ័យ (ព្រះខ័នរាជ) ជាគ្រឿងសាស្ត្រាវុធដ៏ពិសិដ្ឋ ដែលបញ្ជាដឹកនាំដោយទូក​ក្រុមអាចារ្យ​បារគូ និងទូកមួយទៀតជាតំណាង នៃមេទ័ពខ្មែរ ដែលប្រដាប់ដោយ សម្លៀកបំពាក់ស័ក្តិសមជាមេទ័ព ដ៏មានមហិទ្ធិឫទ្ធិ ។
ទូកអុំ ទូកចែវ ទាំងឡាយដែលហែហមតាមក្រោយ បានលើកច្រវាឡើង ដោយសប្បាយរីករាយ ហាក់បី ដូចជាសម្រែក ស្រែកសន្ធាប់បំបាក់ស្មារតីខ្មាំងសត្រូវ។ សម្រែកដ៏សន្ធាប់ដោយលាយឡំនឹងជ័យឃោសនេះ ធ្វើឱ្យខ្មាំងសត្រូវបាក់ខ្លបខ្លាចអំណាចចេស្ដា នៃកម្លាំងមហាសាមគ្គីរបស់យើង ។
ចំពោះការចាប់កូនខ្លែងវិញ វាជាល្បែងប្រជាប្រិយមួយបែប ដែលចាស់បុរាណរបស់យើងរៀបចំឡើង សម្រាប់កម្សាន្តសប្បាយនៅពេលពិធីបុណ្យចូលឆ្នាំថ្មី តែគេលេងនៅលើគោក ។ ល្បែងនេះវាបង្ហាញពីវិធីការពារទ័ព(កូនមាន់) មេទ័ព(មេមាន់)។ ល្បែងប្រជាប្រិយខ្មែរចាប់កូនខ្លែងនេះ ប្រៀបបានទៅនឹងយុទ្ធសាស្ត្ររវាងមេទ័ព និងកម្លាំងទ័ព ដែលមានយុទ្ធវិធី និងមានសិល្បៈខ្ពស់ ក្នុងការ បង្កើនស្មារតីប្រុងប្រយ័ត្ន និងភាពស្ទាត់ជំនាញរបស់មេកោយ ដែលចេះដឹកនាំបញ្ហាគ្រប់គ្រងបាន ល្អ អាចការពារកូនចៅរបស់ខ្លួនប្រកបដោយជោគជ័យ ។ ទាំងនោះគឺដោយសារ ស្មារតីសាមគ្គីធម៌របស់ កងកម្លាំង ដែលស្ដាប់បទបញ្ជារបស់មេកោយ ប្រកបដោយ ភាពមានវិន័យ និងមិនប្រមាថមើលស្រាល គូសត្រូវ ។
ដោយហេតុល្បែងចាប់កូនខ្លែង មានន័យទាក់ទងទៅ នឹងការគ្រប់គ្រងដឹកនាំផ្នែកកម្លាំងប្រយុទ្ធបែបនេះ ហើយ ទើបបុរាណខ្មែរយើងលើកយកល្បែងចាប់កូនខ្លែងនេះ មកភ្ជាប់ជាមួយព្រះរាជពិធីកាត់ព្រ័ត្រ ក្នុងពេលបញ្ចប់ នៃព្រះរាជពិធីបុណ្យអុំទូក ៕

Comments

Related posts