មន្ត្រី ក.ប.ប អំពាវនាវអាជីវកររក្សាសុចរិតភាពលើមុខទំនិញ សម្រាប់ថ្ងៃអុំទូក និងបណ្តែតប្រទីប


វិទ្យុជាតិកម្ពុជា ៖ វ៉ាង ភក្តី ២៨ ១១ ២០១៩

a-25

a9-22

a1-40

a2-42

a3-39

a4-38

a5-35

a6-34

a7-29

a8-28
មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ហៅកាត់ ក.ប.ប អំពាវនាវអាជីវកររក្សាសុចរិតភាពលើមុខទំនិញម្ហូបអាហារ ក៏ដូចជាផលិតផលផ្សេងទៀត ដែលបាននិងកំពុងដាក់លក់ជូនប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។
ការអំពាវនាវនេះ បានធ្វើឡើងជាថ្មីម្តងទៀត ខណៈក្រុមការងារ ក.ប.ប  សាខារាជធានីភ្នំពេញ ចុះស្រាវជ្រាវរកទំនិញខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ក្នុងផលិតផលម្ហូបអាហារ នៅទីតាំងសួនច្បារមុខវត្តបុទម នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក សំដៅការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលចូលមកកម្សាន្តក្នុងពិធីបុណ្យប្រពៃណីជាតិខ្មែរមួយនេះ។
លោក ហេង ម៉ាលី ប្រធាន ក.ប.ប សាខារាជធានីភ្នំពេញ មានប្រសាសន៍ថា ក្រុមជំនាញនៅតែបន្តធ្វើតេស្តរកទំនិញ ខូចគុណភាព និងមានសារធាតុគីមីហាមឃាត់ និងក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទ ដើម្បីទប់ស្កាត់ប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។
លោកបានបញ្ជាក់ប្រាប់ក្រុមការងារព័ត៌មានរបស់វិទ្យុជាតិកម្ពុជាថា ទំនិញដែលត្រូវផ្តោតការយកចិត្តទុកលើការត្រួតពិនិត្យរកសារធាតុគីមីហាមឃាត់ ឬខូចគុណភាព និងក្លែងបន្លំស្លាកសញ្ញា និងផុតកំណត់កាលបរិច្ឆេទនេះ គឺមានប្រភេទភេសជ្ជៈកំប៉ុង គ្រឿងបរិភោគ ចំណីអាហារដាក់លើរាន គ្រឿងសម្អាង ជាដើម សំដៅបង្កើនជំនឿទុកចិត្ត និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ពិសេសចូលរួមទប់ស្កាត់ និងជួយបង្ការនូវជំងឺផ្សេងៗ ដែលបណ្តាលមកពីការបរិភោគចំណីអាហារមានមេរោគចម្លង និងលាយសារធាតុគីមីពុលនៅក្នុងនោះ។ លោក ហេង ម៉ាលី បញ្ជាក់៖ «ពាក់ព័ន្ធទៅនឹងផលិតផលដែលយើងធ្វើការត្រួតពិនិត្យនោះគឺទៅលើម្ហូបអាហារ មានដូចជាពពួកប្រហិត ពពួកសាច់ក្ដាម ជើងមាន់ ជើងទា និងផលិតផលផ្សេងទៀតដែលជាម្ហូបអាហារ។ ក្នុងករណីរកឃើញថា ផលិតផលនោះមិនអនុលោមភាពផ្នែកគុណភាព ទៅលើស្លាកសញ្ញាផ្សេងផ្សេង សមត្ថកិច្ចរបស់ក.ប.ប នឹងធ្វើការអប់រំណែនាំ ឬក៏អាចថាមានការប្រើប្រាស់សារធាតុគីមីនឹងធ្វើការដកហូត ដើម្បីឱ្យបងប្អូនយើងយល់ពីបញ្ហាសុវត្ថិភាពចំណីអាហារ»។
  លោកបន្តថា អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នៅតែបន្តចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារនៅទូទាំងប្រទេស ដើម្បីត្រួតពិនិត្យ ស្រាវជ្រាវ និងទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ទំនិញផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងទំនិញផ្ទុកសារធាតុគីមីហាមឃាត់ ដើម្បីធានាដល់សុខភាពប្រជាពលរដ្ឋ។
  សូមបញ្ជាក់ថា កម្ពុជា បានដាក់ឱ្យដំណើរការនៃកម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីជាយន្តការឈានទៅទប់ស្កាត់ និងបង្រ្កាបផលិតផលក្លែងបន្លំ និងធ្វើឱ្យប៉ះពាល់សុខភាពដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព ខណៈកម្ពុជាបាននិងកំពុងខិតខំពង្រឹងគុណភាពផលិតផលក្នុងស្រុក ដោយអនុលោមតាមស្តង់ដារផ្នែកអនាម័យ និងការវេចខ្ចប់ ដើម្បីប្រកួតប្រជែងលើទីផ្សារនាំចេញ។
          កម្មវិធីជាតិស្តីពីកិច្ចការពារអ្នកប្រើប្រាស់នៅកម្ពុជា ដែលត្រូវបានប្រកាសដាក់ឱ្យអនុវត្ត គឺអមជាមួយនឹងឯកសារគតិយុត្តផ្សេងទៀតមានដូចជា៖ ប្រកាសស្តីពីកិច្ចសន្យាមិនសុចរិត, ប្រកាសស្តីពីកំឡុងពេលដកខ្លួនពីកិច្ចសន្យា, និងគោលការណ៍ណែនាំស្តីពីគម្រោងលក់បែបពីរ៉ាមីដ ខណៈកម្ពុជា គឺជាប្រទេសចុងក្រោយក្នុងចំណោមសមាជិកអាស៊ានទាំង១០ ដែលបានអនុម័តច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់៕

Comments

Related posts