អភិបាលខេត្តសៀមរាប កោត សរសើរ បងប្អូនក្រុមអ្នកអនាម័យទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ធ្វើអនាម័យ បរិស្ថានល្អប្រសើរ នៅក្នុងពិធីបុណ្យអុំទូក

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣

A13-55

A12-69

A10-72

A11-73

A9-95

A15-36

A14-48

MC. អភិបាលខេត្តសៀមរាប កោតសរសើរ និងថ្លែងអំណរគុណ បងប្អូនក្រុមអ្នកអនាម័យទាំងអស់ ដែលបានយកចិត្តទុកដាក់ខ្ពស់ ធ្វើអនាម័យ បរិស្ថានបានល្អប្រសើរ នៅក្នុងឱកាសនៃពិធីបុណ្យអុំទូក រយៈពេល៤ថ្ងៃ ដោយទទួលបានការកោតសរសើរពីភ្ញៀវទេសចរជាតិ ដែលចូលមកលេងកម្សាន្ត។
ក្រោយពិធីបុណ្យអុំទូក  នៅដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ក្នុងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២៥ ដល់ទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ចប់ប្រកបទៅដោយជោគជ័យនោះ  នៅព្រឹកថ្ងៃទី ២៩ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្ត បានជួបសំណេះ សំណាល ជាមួយបងប្អូនអ្នកអនាម័យ ចំនួន១៧៦នាក់  មកពី៥អង្គភាព មានមន្ទីរបរិស្ថានខេត្ត ,ក្រុមហ៊ុន Gaea.plc ,ក្រុមហ៊ុន Cintri  ក្រុមហ៊ុន Active Green ,និងគ្រឹះស្ថានអង្គរ ដែលបានបំពេញការងារយ៉ាងយកចិត្តទុកដាក់ នៅក្នុងពិធីនេះ លើការងារផ្គត់ផ្គង់បង្គន់អនាម័យចល័ត ការសម្អាត ប្រមូលទុកដាក់ ដឹកជញ្ជូនសំរាម សំណល់រាវ និង ការងារផ្សព្វផ្សាយអប់រំបរិស្ថាន នៅដងស្ទឹងសៀមរាប ។
មានប្រសាសន៍ក្នុងឱកាសនេះ ឯកឧត្តម ប្រាក់ សោភណ្ឌ អភិបាលខេត្តសៀមរាប បានកោតសរសើរចំពោះបងប្អូន អ្នកអនាម័យទាំងអស់ និងថ្លែងអំណរគុណ ដល់បងប្អូន ដែលបានចូលរួមក្នុងការធ្វើអនាម័យ បរិស្ថាន ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ នៅក្នុងពិធីបុណ្យអុំទូក  ដោយមិនគិត ពីភាពនឿយ ហត់នោះឡើយ ។ ឯកឧត្តមបានបន្តថា ស្មារតីយកចិត្តទុកដាក់ខ្ពស់ ក្នុងការងារសម្អាតនៅតាមដងផ្លូវនានា និង ក្នុងបរិវេណនៃអង្គពិធី សំខាន់លើអនាម័យ បរិស្ថានក្នុងដងស្ទឹងសៀមរាប របស់បងប្អូនអ្នកអនាម័យទាំងអស់គ្នា ដោយបានលះបង់ពេលវេលាធ្វើការ សម្អាត មិនឲ្យប៉ះពាល់ដល់អារម្មណ៍ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ដែលចូលមកទស្សនាកម្សាន្តឡើយ ថែមទាំងទទួលបានការកោតសសើរពីភ្ញៀវជាតិ និងអន្តរជាតិមិនដាច់ពីមាត់ អំពីអនាម័យបរិស្ថានដ៏ស្រស់ស្អាតនៃក្រុងសៀមរាប។ ឯកឧត្តមបន្តថា  ក្នុងរយៈពេល៤ថ្ងៃ នៃកម្មវិធីនេះ បានធ្វើឲ្យកំណើនភ្ញៀវកើនឡើង ធ្វើឲ្យកិត្យានុភាពរបស់ខេត្តប្រវត្តិសាស្ត្រមួយនេះ កាន់តែទាក់ទាញនូវអារម្មណ៍របស់ប្រជាពលរដ្ឋ ភ្ញៀវទេសចរ កាន់តែមានភាពជឿជាក់ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្ននេះ។
 ឃើញការចោលសំរាម គឺការទុកដាក់ ពិតមែនថាធុងសំរាមយើងវាមិនទាន់គ្រប់ ប៉ុន្តែគាត់បានគរ ជាពំនូកៗឱ្យយើងស្រួលសម្អាត ក្រៅពីថ្ងៃកម្មវិធីក៏ក្រុងយើងស្អាតដែរ ជាប្រចាំយើងមានភ្ញៀវកើនឡើងច្រើន រយៈពេល៨ទៅ៩ខែចុងក្រោយនេះ ជាពិសេសថ្ងៃអុំទូកយើងមានដល់ទៅ៣០ម៉ឺននាក់ជាងដែលចូលរួម អ៊ីចឹងភ្ញៀវច្រើន ក្រុងស្អាត មានន័យថា បងប្អូនទាំងអស់គ្នាសកម្ម សម្អាតបានល្អ។ ខ្ញុំនៅតែកោតសសើរអ៊ីចឹង ព្រោះកន្លងមក ក្នុងនាមយុវជន កន្លងមកនៅពេលរៀបចំក្រុមការងារយុវជនចុះសម្អាតក្រុងហ្នឹង យើងមាន៣០០ទៅ៥០០នាក់ ក៏ប៉ុន្តែធ្វើយ៉ាងណាក៏មិនស្អាតដូចបងបងដែរ។
ឯកឧត្តមអភិបាលខេត្តសៀមរាប ក៏បានជំរុញលើកទឹកចិត្តបន្ថែមទៀត ដល់បងប្អូនក្រុមអ្នកអនាម័យទាំង ៥អង្គភាព រួមមាន៖ មន្ទីរបរិស្ថានខេត្ត, ក្រុមហ៊ុន Gaea.plc, ក្រុមហ៊ុន Cintri, ក្រុមហ៊ុន Active Green និងគ្រឹះស្ថានអង្គរ សូមចូលរួមបន្តទៀត ក្នុងការងារសម្អាតបរិស្ថាន ការប្រមូលសំរាមនៅក្នុងទីក្រុងសៀមរាប ឲ្យបានស្អាតបន្ថែមទៀត ហើយក៏សង្ឃឹមថា សោភ័ណភាពទីក្រុង នឹងកាន់តែស្រស់ស្អាត ដើម្បីជាការទាក់ទាញដល់អ្នកទេសចរគ្រប់ជាតិសាសន៍ ចូលមកកម្សាន្តកាន់តែច្រើនឡើង៕

Comments

Related posts