សម្តេចធិបតី ហ៊ុន ម៉ាណែត សុខចិត្ដឲ្យគេចោទថា ជាបុគ្គលផ្ដាច់ការ ដើម្បីធានារក្សាសន្ដិភាពនៅកម្ពុជា 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា
កោះកុង៖សម្តេចធិបតី ហ៊ុន ម៉ាណែត សុខចិត្ដឲ្យគេចោទថា ជាបុគ្គលផ្ដាច់ការ ដើម្បីធានារក្សាសន្ដិភាពនៅកម្ពុជា មិនឲ្យប្រទេសធ្លាក់ចូលក្នុងសង្គ្រាម មានប្រជាពលរដ្ឋស្លាប់ រងទុក្ខវាទនា និងមិនឲ្យប្រទេសដើរថយក្រោយដែរ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំងខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ។
សម្តេចមហាបវរធិបតីបានបញ្ជាក់ថា ការការពារនូវសុខសន្តិភាពមិនឲ្យប្រជាពលរដ្ឋស្លាប់ មិនឲ្យប្រទេសដើរថយក្រោយនោះ សម្តេចសុខចិត្តឲ្យក្រុមមួយក្តាប់តូចចោទសម្តេចថា ជាមេដឹកនាំផ្តាច់ការទៅចុះ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពប្រជាពលរដ្ឋខ្មែរឲ្យកាន់តែល្អប្រសើរបន្ថែមទៀតក្រោមម្លប់សន្តិភាព។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អះអាងបែបនេះ ដើម្បីឆ្លើយតបទៅកាន់ជនមួយចំនួនដែលជាបក្សពួកដែលកំពុងរត់ចោលស្រុកនោះ ចោទប្រកាន់ថាសម្ដេចជាជនផ្តាច់ការ ពេលដែលសម្តេចប្តេជ្ញាការពារសន្តិភាពជូនប្រជាពលរដ្ឋ ។
សម្តេចធិបតី នាយករដ្ឋមន្រ្តី បន្ថែមថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះមានភារកិច្ចដ៏ធំបំផុត គឺទទួលខុសត្រូវក្នុងការជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចឲ្យដើរទៅមុខជានិច្ច។ ជាងនេះទៅទៀត រាជរដ្ឋាភិបាលនឹងទទួលខុសត្រូវលើការអភិវឌ្ឍទាំងឡាយ គិតគូរអំពីផលប៉ះពាល់ទៅដល់មូលដ្ឋាន ទាំងបរិស្ថាន មនុស្ស និងសត្វផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត« បានប្រាប់ទៅកាន់ក្រុមប្រឆាំងទាំងនោះថា អ្នកដែលចោទខ្ញុំឲ្យតែរដ្ឋាភិបាលនិយាយពីសុខសន្តិភាពគឺស្មើនឹងផ្ដាច់ការ…ហើយឲ្យតែយើងនិយាយថា យើងត្រូវតែខិតខំថែរក្សាសន្តិភាព ស្ថិរភាពឲ្យបានទោះក្នុងតម្លៃណាក៏ដោយនោះគេតែងតែថា នេះគឺជាការផ្ដាច់ការទៅវិញ។តែទោះជាយ៉ាងណា បើថាហៅខ្ញុំផ្ដាច់ការ ដោយសារខ្ញុំប្ដេជ្ញាចិត្តការពារសន្តិភាព មិនឲ្យប្រជាពលរដ្ឋស្លាប់ មិនឲ្យប្រទេសដើរថយក្រោយដូចពេលដែលយើងបាត់សន្តិភាពដូចកាលពីមុននោះ ខ្ញុំសុខចិត្តទទួលយកទៅចុះ»៕photo_2023-11-30_08-19-03

Comments

Related posts