សម្ដេចធិបតី ផ្ដល់អនុសាសន៍ឱ្យវិស័យសុខាភិបាល ផ្តោតលើអាទិភាពសំខាន់ជាងគេបំផុត គឺធនធានមនុស្ស និងឱសថ

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០១.១២.២០២៣

IMG_3822

IMG_3823

IMG_3828

IMG_3825

IMG_3824

IMG_3830

សម្ដេចធិបតី បានផ្ដល់អនុសាសន៍ឱ្យវិស័យសុខាភិបាល ផ្តោតលើអាទិភាពសំខាន់ជាងគេបំផុត គឺធនធានមនុស្ស និងឱសថ ក្នុងនោះធនធានមនុស្សត្រូវពង្រីកបរិមាណនិងពង្រឹងគុណភាព ព្រមទាំងគិត គូរពីកម្រិតជំនាញ និងវិធីសាស្ត្រក្នុងការរក្សាធនធានមនុស្ស ខណៈធនធានឱសថ ត្រូវគិតពីគុណភាពនិងប្រើឱ្យចំនឹងជំងឺ។
កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) នាព្រឹកថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍ឱ្យក្រសួងសុខាភិបាលសិក្សាឱ្យបានច្បាស់លាស់អំពីប្រភេទជំងឺនៅក្នុងភូមិ ឃុំ ដើម្បីបែងចែកថ្នាំឱ្យចំគោលដៅ ។
របាយការណ៍វឌ្ឍនភាពនៃការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងចំណោមគោលនយោបាយអាទិភាពចំនួន៦ ដែល សម្ដេចធិបតី ប្រកាសដាក់ឱ្យអនុវត្តក្នុងសម័យ ប្រជុំដំបូងគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ អាទិភាពទី១ គឺ «ពង្រីកសេវាថែទាំសុខភាព ឆ្ពោះ ទៅរកការគ្របដណ្តប់សុខភាពជាសាកល»។
ជាមួយនឹងអាទិភាពនេះ វិធានការគន្លឹះចំនួន ៣ ត្រូវបានដាក់ចេញ ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល ដោយផ្តោតជាចម្បងលើការពង្រឹងសមត្ថភាពផ្តល់សេវាសុខភាព បឋមនៅមូលដ្ឋាន រួមមាន៖ ទី១-ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកដោយ យកចិត្តទុកដាក់លើការពង្រាយបុគ្គលិកគ្រប់ចំនួនដែលមានក្រមសីលធម៌ល្អ និងទទួលការបណ្តុះបណ្តាលត្រឹមត្រូវ ការផ្គត់ផ្គង់ឱសថ សម្ភារបរិក្ខារ និងការបំពាក់ឧបករណ៍ពេទ្យ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន/សុខាភិបាលឌីជីថល។ ទី២-ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោម ជាតិក្នុងការគ្រប់គ្រងធនធានមនុស្ស និងហិរញ្ញវត្ថុ ការងារនិយ័តកម្ម ការឆ្លើយតបនឹងការគំរាមកំហែងសុខភាព សាធារណៈ និងគ្រោះអាសន្នសុខភាព និងការផ្តល់សេវាថែទាំសុខភាពឱ្យកាន់តែមានភាពឆ្លើយតបប្រកបដោយ សមធម៌ និងគណនេយ្យភាពខ្ពស់ ព្រមទាំងការលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចដំណើរការមុខងារសា្ថប័ន និង ទី៣-ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធារណៈ និងឯកជន ដើម្បីធានាឱ្យប្រជាជនទទួល បានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ក្រសួងសុខាភិបាល បានអនុវត្តវិធានការ គន្លឹះទាំង ៣ នេះដោយសម្រេចបានលទ្ធផលការងារយ៉ាងធំធេងគួរឱ្យកត់សម្គាល់។
ឈរលើមូលដ្ឋានខាងលើនេះ ក្រសួងសុខាភិបាល បានដាក់ចេញសកម្មភាពសំខាន់ៗចំនួន ៨ ដើម្បីឱ្យវិធាន ការគន្លឹះទាំង ៣ បន្តសម្រេចបានវឌ្ឍនភាពថ្មីៗបន្ថែមទៀត ដែលរួមមាន៖ ទី១-បន្តពង្រឹងយន្តការវាយតម្លៃនិងកែលម្អ គុណភាពសេវាសុខាភិបាលនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកម្រិត១/២/៣ ដោយប្រើប្រាស់ឧបករណ៍វាយ តម្លៃកម្រិត២ ។ ទី២-ពង្រីកសេវាជំងឺឡើងសម្ពាធឈាម និងជំងឺទឹកនោមផ្អែមនៅមណ្ឌលសុខភាព។ ទី៣-ពង្រឹង កិច្ចដំណើរការនៃគណៈកម្មការគ្រប់គ្រងមណ្ឌលសុខភាព និងក្រុមទ្រទ្រង់សុខភាពភូមិនៅក្នុងតំបន់ទទួលខុសត្រូវ របស់មណ្ឌលសុខភាពនីមួយៗ។ ទី៤-ពង្រឹងសមត្ថភាពផ្តល់សេវាសង្គ្រោះបន្ទាន់ និងសេវាសល្យសាស្ត្រ(វះកាត់) នៅមន្ទីរពេទ្យបង្អែកកម្រិត១/២/៣។ ទី៥-ពង្រឹងប្រព័ន្ធបញ្ជូនអ្នកជំងឺរវាងមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែក។ ទី៦-បង្កើនសមត្ថភាពបច្ចេកទេសគ្លីនិកដល់បុគ្គលិកមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកកម្រិត១/២/៣។ ទី៧- អភិវឌ្ឍសមត្ថភាពស្ថាប័ន និងទី៨-បន្តពង្រឹងការគ្រប់គ្រងសេវាសុខាភិបាលទាំងសាធារណៈ និងឯកជន ឱ្យមាន អនុលោមភាពជាមួយច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ៕

Comments

Related posts