ប្រជាពលរដ្ឋខេត្តសៀមរាបថ្លែង អំណរគុណ និងចងចាំជានិច្ច ថ្ងៃកំណើតរណសិរ្ស២ធ្នូ ដែលបានរំដោះ និងសង្គ្រោះជីវិតប្រជាជនកម្ពុជា

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣

a13-57

a12-71

a14-50

a15-38

MC. នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៣នេះ នាបរិវេណមន្ទីរគណបក្សប្រជាជនកម្ពុជា ខេត្ត សៀមរាប បានរៀបចំមីទ្ទិញ អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអ្នកឧញ៉ា សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ខេត្តសៀម រាប។ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត អនុប្រធានគណៈកម្មាធិការនៃគណបក្សខេត្ត និងជាអនុប្រធានគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ព្រមទាំងសមាជិក សមាជិកជាច្រើនរូបទៀត។
  លោក អឿន យ៉ូន អតីតយុទ្ធជន ពិការភាព រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប បានលើកឡើងក្នុងឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាថា ក្នុងនាមប្រជាពលរដ្ឋមួយរូប លោកពិតជាចងចាំជានិច្ច ថ្ងៃបង្កើតរណសិរ្សសាមគ្គី២ធ្នូ  ដើម្បីជួយសង្រ្គោះ និងរំដោះប្រជាជនកម្ពុជា ឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត ទើបកម្ពុជាអាចទទួលបានសន្តិភាព ប្រជាជនបានរស់នៅជួបជុំក្រុមគ្រួសារ រហូតមកដល់ថ្ងៃសព្វថ្ងៃ។
 ប្រជាពលរដ្ឋបច្ចុប្បន្នការរំលឹកនឹកឃើញពីអតីតកាល រយៈពេលប៉ុន្មានឆ្នាំមករហូត យើងគិតមើល៤៥ឆ្នំាហើយ គឺអរគុណ និងនឹករលឹកនូវខួបថ្ងៃ២ធ្នូនេះ ប្រជាពលរដ្ឋមានការចូលរួមច្រើន ដូចជាមានសិស្សហើយចាស់ៗក៏ច្រើន បើនិយាយទៅខ្ញុំឃើញចាស់ៗច្រើន គឺសល់ពីជំនាន់៣ឆ្នាំ៨ខែ ជំនាន់ខ្ញុំនេះនៅសល់ច្រើន។
ចំណែកលោក ណាន់ នួន ប្រជាពលរដ្ឋរស់នៅភូមិជ្រៃ សង្កាត់ទឹកវិល ក្រុងសៀមរាប បានឱ្យដឹងដែរថា បើគ្មានថ្ងៃការបង្កើតរណសិរ្ស ២ធ្នូ ដើម្បីរំដោះប្រជាជន ពីរបបប្រល័យពូជសាសន៍ ក៏មិនអាចមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យបានដូចសព្វថ្ងៃឡើយ។ ក្នុងនាមប្រជាពលរដ្ឋមួយរូប លោកសូមថ្លែងអំណរគុណ ស្ថាបនិកដឹកនាំកំពូលៗមានសម្តេចអគ្គមហាសេនាបតី តេជោហ៊ុន ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ចំពោះការអភិវឌ្ឍ និងរក្សាបានសុខសន្តិភាពសម្រាប់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប។
សំឡេង៖ ខ្ញុំបាទសូមថ្លែងអំណរគុណដល់ថ្ងៃ២ធ្នូ ក៏អត់មានថ្ងៃនេះដែរ ដើម្បីប្រទេសជាតិយើងរីកចម្រើនអភិវឌ្ឍន៍គ្រប់វិស័យ។ ថ្ងៃនេះជាថ្ងៃដ៏វិសេសវិសាលបំផុត។ ខ្ញុំសូមអរគុណថ្នាក់ដឹកនាំកំពូលៗ ជាពិសេសសម្តេចតេជោ និងបវរធិបតី ហ៊ុន ម៉ាណែត រាល់ថ្ងៃលោកប្រឹងប្រែងណាស់ ឱ្យកូនចៅបានចម្រុងចម្រើនលើគ្រប់វិស័យ។
សូមជម្រាបថា រណសិរ្សសង្រ្គោះជាតិកម្ពុជា ត្រូវបានកើតឡើង ដោយកម្លាំងមហាសាមគ្គីប្រជាជនទាំងមូល ទាំងក្នុង និងក្រៅប្រទេស ដែលមានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវីរជនស្នេហាជាតិជាច្រើនរូបទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី៧ មករា ឆ្នាំ ១៩៧៩។
«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» បច្ចុប្បន្នត្រូវបានដូរឈ្មោះជា «រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលជាអង្គការចាត់តាំងមហាជនមួយឈានមុខ របស់គណបក្សប្រជាជនកម្ពុជា បានបដិសន្ធិឡើងនៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨៕

Comments

Related posts