កសិករគំរូ៣០គ្រួសារនៅខេត្ត ព្រះវិហារអនុវត្តន៍បច្ចេកទេស កសិអេកូទ្បូស៊ីទិន្នផលបានខ្ពស់

 

២៩.១១.២៣ កង.មុន្នីរ៉ា

a20-14

a19-12

a17-28

a18-21

a22-12

a21-16

កសិករគំរូចំនួន៣០គ្រួសារ នៅខេត្តព្រះវិហារ អនុវត្តន៍ដំណាំកសិកម្មតាមបច្ចេកទេសថ្មី ហៅថា កសិអេកូទ្បូស៊ី ទទួលបានទិន្នផលគាប់ប្រសើរជាងធ្វើតាមទម្លាប់ចាស់។
 
   អ្នកស្រី សំ ប៊ុនធឿន រស់នៅក្នុងភូមិបុស្ស ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារប្រាប់ថា បច្ចេកទេស កសិអេកូទ្បូស៊ីពិតជាមានគុណភាពមែន។ អ្នកស្រី អនុវត្តន៍បាន២ឆ្នាំមកនេះឃើញថា ទិន្នផលមានការកើនទ្បើងជាហូរហែលើគម្រោងបច្ចេកទេសនេះ។
សំទ្បេង៖ ឆ្នាំលើកទី២នេះល្អខ្លាំងជាងឆ្នាំទៅស្មៅស៊ីទ្បូ ហើយដើមវានេះខ្ញុំយកគ្រាប់លក់ជូន អង្គការ ហើយដើមវានេះខ្ញុំពោកទុកធ្វើជី។ ខ្ញុំដាំបន្លែជាត្រសក់ សណ្តែកននោង ដើម្បីខ្ញុំបានបន្លែនោះល្អខ្ញុំលក់។ ខ្ញុំបានពីរផ្នែកគ្រាប់នេះក៏ខ្ញុំបានលក់ ដើមវានេះក៏ខ្ញុំធ្វើជី ដីក៏ខ្ញុំបានល្អ។
រស់នៅក្នុងភូមិឃុំតែមួយ លោកពូ ហេងហួរ ប្រាប់ថាដីដំណាំស្រូវរបស់គាត់មាន៣ហិកតា៣០អា ទិន្នផលបានច្រើនជាងមុន។ ពូថា កាលមិនទាន់ធ្វើដំណាំគម្របដី គឺវាខ្សោះជីជាតិណាស់។ ស្រូវមួយហិកតាសឹងមិនបានមួយតោនផង។ តែឥទ្បូវនេះមួយហិកតាកើនរហូតដល់ទៅ១តោនកន្លះ  ឯណោះ។ ពូបន្ថែមថា នៅឆ្នាំនេះ ក្រោយប្រមូលផលស្រូវរួចរាល់ហើយ បន្តធ្វើដំណាំសណ្តែកទៀត។
លោក ស្រី ជន មានចម្ការដំណាំនៅ ក្នុងភូមិដូង ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ប្រាប់ថា ឆ្នាំនេះជាឆ្នាំទី១ដែលលោកអនុវត្តន៍ដំណាំគម្របដី ឃើញផលល្អ រំពឹងថា ដាំដំទ្បូង ប្រាកដជាទទួលបានផលប្រសើរ។
ដំណាំគម្របដី បច្ចេកទេសកសិអេកូទ្បូស៊ី គឺជាប្រព័ន្ធផលិតកម្មកសិកម្ម និងស្បៀងអាហារសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់មនុស្ស និងរក្សាបាននូវគុណភាពបរិស្ថានល្អប្រសើរ។ ផ្តល់តម្លៃ ដល់ជីវ:ចម្រុះ និងដំណើរប្រព្រឹត្តទៅនៃប្រព័ន្ធអេកូទ្បូស៊ីធម្មជាតិ។
 លោកគង់ រ៉ាដា អ្នកសម្របសម្រួលគម្រោងASSSETប្រចាំប្រទេសកម្ពុជា មជ្ឈមណ្ឌលស្រាវជ្រាវកសិកម្ម ដើម្បីសហប្រតិបត្តិការ អន្តរជាតិ ហៅថា CIRAD មាន ប្រសាសន៍ថាដំណាំគម្របដីបានផ្តល់ប្រយោជន៍យ៉ាងច្រើនសម្រាប់កសិករ។
ការដែលសំខាន់ទាក់ទងទៅនឹងសុខភាពដី និងការធ្វើពិពិធកម្មនៅគ្រប់វិស័យនៅក្នុងផលិតកម្មកសិកម្មរបស់កសិករយើង ដូចជាការដាំដំណាំ ដូចជាការចិញ្ចឹមសត្វ ក៏ដូចជាការធ្វើពិពិធកម្មនៅក្នុងគ្រួសាររបស់គាត់ទាំងមូលធ្វើម៉េចឱ្យសុខភាពដីរបស់គាត់បានល្អ ធ្វើម៉េចធានាបាននូវសន្តិសុខស្បៀង ធានាបាននូវសុវត្ថិភាពចំណីអាហាររបស់គាត់ ធ្វើឱ្យគាត់ទទួលបានចំណូលពីច្រើនមុខរបរ ពីច្រើនមុខផលិតកម្ម ទោះបីជាមានគ្រោះធម្មជាតិ ឬមួយក៏ដូចជាបញ្ហាទីផ្សារធ្លាក់ក៏គាត់នូវអាចទទួលបានប្រាក់ ចំណូលមួយដែលធានាពីដំណើរការនៃការរស់នៅ ការចាយវាយនៅក្នុងគ្រួសាររបស់គាត់។
លោកបន្តថា បច្ចេកទេសកសិអេកូទ្បូស៊ីមានកសិករបង្គោល អនុវត្តន៍ចំនួន៣០គ្រួសារ និង ប្រមាណ ២០០-៣០០គ្រួសារបានចូលរួមសកម្មភាពផ្សព្វផ្សាយ។
លោកស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ មានប្រសាសន៍ថា ទាំងមន្ទីរ ក៏ដូចជាខាងគម្រោងបានបន្តផ្សព្វផ្សាយជំរុញឱ្យកសិករផ្សេងៗទៀតបានចូលរួមអនុវត្តន៍បច្ចេក ទេសថ្មីនេះ ។ តែប្រសិទ្ធភាពបំផុតនោះមានតែកសិករ ដែលទទួលបានជោគជ័យ។
 ក្នុងកម្រិតនេះ យើងបញ្ជ្រាបមិនអាចថាយកកម្មវិធីទាំងមូលទៅជះគ្រប់កន្លែងបានទេយើងត្រូវទាមទារពេលវេលាដើម្បីផ្សព្វផ្សាយ ហើយចំណុចសំខាន់មួយទៀតដែរពាក់ព័ន្ធការអនុវត្តនេះ គឺយើងបានជ្រើសរើសកសិករគំរូសម្រាប់អនុវត្តន៍ដំណាំកសិអេកូទ្បូស៊ីនេះ គាត់ហើយដែលជួយជំរុញផ្សព្វផ្សាយបន្តដល់កសិករដទៃ ទៀត។ ព្រោះអីមន្រ្តីបច្ចេកទេសបានមកផ្សព្វផ្សាយ ធ្វើបទបង្ហាញទេ មិនបានអនុវត្តន៍ផ្ទាល់ទេ អញ្ចឹងគាត់អត់ចាប់អារម្មណ៍ជាមួយយើងទេ ប៉ុន្តែបើគ្នាគាត់អនុវត្តន៍ជោគជ័យគាត់ចាប់អារម្មណ៍ច្រើនជាង។
សូមបញ្ជាក់ថា៖ ដំណាំគម្របដី បច្ចេកទេសកសិអេកូទ្បូស៊ី ជាផ្នែកមួយនៃដំណាំសរីរាង្គ។ ជាប្រភេទដំណាំស្មៅស្ទីទ្បូ , ចង្រ្កងស្វាស្លឹកតូច ,ចង្រ្កងស្វាស្លឹកធំ និង ប្រភេទដំណាំ   សណ្តែកផ្សេងៗទៀត ប្រើប្រាស់លើដំណាំគ្រប់ប្រភេទ និងគ្រប់សណ្ឋានដី ល្អបំផុតសម្រាប់ដំណាំស្រូវ និងដំណាំកសិឧស្សាហ កម្ម។
គម្រោងASSET បច្ចេកទេសកសិអេកូទ្បូស៊ី អនុវត្តន៍នៅក្នុងស្រុករវៀង និងពង្រីកទៅដល់ស្រុកផ្សេងៗទៀត នៃខេត្តព្រះវិហារ  ឆ្នាំ២០២១- ឆ្នាំ២០២៥៕

Comments

Related posts