លោកជំទាវបណ្ឌិតសភាចារ្យ៖ ការប្រារព្ធពិធីរំលឹកគុណអង្គរ នឹងក្លាយជាយុទ្ធនាការរួមមួយ ជួយជំរុញឱ្យមានការឧបត្ថម្ភគាំទ្របន្ថែមពីវិស័យឯកជន សម្រាប់ដំណើរការអភិរក្សបេតិកភណ្ឌជាតិ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣

IMG_4464

IMG_4463

IMG_4460

IMG_4448

IMG_4450

IMG_4449

IMG_4455

IMG_4454

 

MC. លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានថ្លែងថា ពិធីបុណ្យរំលឹកគុណអង្គរ គឺជាការរំលឹកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា ដែលជាស្នាដៃបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ មិនអាចកាត់ថ្លៃបាន។

 លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ពិធីបុណ្យរំលឹកគុណអង្គរ ដែលបានប្រារព្ធឡើង ក្នុងគោលបំណង ដើម្បីអបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ក៏ដូចជា ដើម្បីរំលឹកនឹកគុណដល់បុព្វការីជន ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា បន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើន បម្រើនូវគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ច ជូនប្រជាជនកម្ពុជានាពេលកន្លងមក នាពេលបច្ចុប្បន្ន នាអនាគត។ លោកជំទាវថា បន្ទាប់ពីពិធីបើកជាផ្លូវការនៅព្រឹកថ្ងៃទី០៧ ខែធ្នូនេះ ពិធីបុណ្យរំលឹកគុណអង្គរឆ្នាំ ២០២៣នេះ ក៏នឹងរួមបញ្ចូលផងដែរ នូវការរៀបចំតាំងពិព័រណ៍សមិទ្ធផល របស់អាជ្ញាធរជាតិអប្សរា ការទស្សនាសារមន្ទីរ ការចុះទស្សនាការដ្ឋាននានាក្នុងរមណីយដ្ឋានអង្គរ និងការសម្តែងសិល្បៈទស្សនីយភាព ព្រមទាំងកម្មវិធីសំខាន់ៗមួយចំនួនទៀត ដូចជា៖ ការហែក្បួនព្យុហយាត្រា ដោយសិស្សានុសិស្ស ចំនួនជាង១,២៥០នាក់ ក្រោមប្រធានបទអរគុណអង្គរ អរគុណសន្តិភាព។ ការសម្តែងសិល្បៈល្ខោនយីកេមហាជន ការសម្តែងសិល្បៈល្ខោនបុរាណពោលស្ត្រី។ ការសម្តែងសិល្បៈទស្សនីយភាពនៃព្រឹត្តិការណ៍រាត្រីចងចាំ លើកទី៤ ដោយសិល្បករ សិល្បការិនី ក្នុងនិងក្រៅប្រព័ន្ធ  និងការសម្តែងសិល្បៈល្ខោនស្បែកធំ ដោយក្រុមសិល្បៈវត្តរាជបូរណ៍ ឧបត្ថម្ភគាំទ្រដោយ សម្តេចព្រះ ព្រហ្មរតនមុនី ពិន សែម ព្រមទាំងការសម្តែងសិល្បៈល្ខោនចម្រុះជាច្រើន។

លោកជំទាវបណ្ឌិតសភាចារ្យ មានក្តីសង្ឈឹមថា ការប្រារព្ធពិធីរំលឹកគុណអង្គរ នាពេលនេះ នឹងក្លាយជាយុទ្ធនាការរួមមួយ ក្នុងការជួយជំរុញឱ្យមានការជួយឧបត្ថមគាំទ្របន្ថែមពីវិស័យឯកជន សម្រាប់ជាគុណប្រយោជន៍ដល់កិច្ចការទូទៅក្នុងសង្គម ជាពិសេសការអភិរក្សបេតិកភណ្ឌជាតិ។

 យើងខ្ញុំសង្ឃឹមថា ការប្រារព្ធពិធីរំលឹកគុណអង្គរនាពេលនេះ នឹងក្លាយជាយុទ្ធនាការរួមមួយ ក្នុងការជួយជំរុញឱ្យមានការជួយឧបត្ថម្ភគាំទ្របន្ថែមពីវិស័យឯកជន សម្រាប់ជាគុណប្រយោជន៍ដល់កិច្ចការទូទៅក្នុងសង្គម ក៏ដូចជាកិច្ចការអភិរក្សបេតិកភណ្ឌជាតិ ដែលការចូលរួមនេះ គឺជាកាយវិការដ៏ថ្លៃថ្លា និងក្លាយជានិមិត្តរូបនៃមិត្តភាព សាមគ្គីភាព ទាំងជាតិ និងអន្តរជាតិផងដែរ សម្រាប់ការងារវប្បធម៌ និងសង្គម។

សូមបញ្ជាក់ថា ពិធីបុណ្យរំលឹកគុណអង្គរ សម្រាប់ឆ្នាំ២០២៣នេះ បានប្រព្រឹត្តទៅរយៈពេល១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី០៧ រហូតដល់ថ្ងៃ ទី១៦ ខែធ្នូ ឆ្នាំ២០២៣។ នេះជាឆ្នាំទី៣ហើយ ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរជាតិអប្សរា បានរៀបចំព្រឹត្តិការណ៍នេះឡើង។ ក្នុងរយៈពេល២ឆ្នាំកន្លងទៅ ពិធីរំលឹកគុណអង្គរ ទទួលបានការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់សាធារណជនគ្រប់ទិសទី ចូលមកទស្សនាកម្សាន្ត៕

Comments

Related posts