សម្តេចកិត្តិសង្គហបណ្ឌិតថ្លែងថា ព្រឹត្តិការណ៍សម្តែងសិល្បៈ «រាត្រីចងចាំ» គឺដើម្បីរំលឹក និងដាស់ តឿនពលរដ្ឋកម្ពុជា សូមចងចាំ និងប្តេជ្ញា ថែរក្សាការពារវប្បធម៌ អរិយធម៌ជាតិ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣

a36-2

a34-4

a39-1

a31-6

a32-4

a33-5

a37-2

a35-3

a38-2

MC. សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានចាត់ទុកការសម្តែងសិល្បៈរាត្រីចងចាំ លើកទី៤ នាព្រះលានជល់ដំរី ក្រុងអង្គរធំ គឺដើម្បីផ្សព្វផ្សាយ និងបណ្តុះទឹកចិត្តប្រជាពលរដ្ឋខ្មែរ ឱ្យកាន់តែស្រឡាញ់វប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់ និងដើម្បីផ្សព្វផ្សាយបន្ថែម នូវសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ មានប្រសាសន៍ក្នុងឱកាសអញ្ជើញជាអធិបតីព្រឹត្តិការណ៍សម្តែងសិល្បៈ «រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣» នៅបរិវេណព្រះលានជល់ដំរី ក្រុងអង្គរធំ នារាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ថា ព្រឹត្តិការណ៍រាត្រីចងចាំ លើកទី៤ ធ្វើឡើងមិនត្រឹមតែក្នុងគោលបំណង ដើម្បីអបអរសាទរខួបលើកទី៣១ឆ្នាំ នៃការដាក់បញ្ជូលរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបិនៃពិភពលោករបស់អង្គការយូណេស្កូប៉ុណ្ណោះទេ មួយវិញទៀត គឺដើម្បីផ្សព្វផ្សាយនិងបណ្តុះទឹកចិត្តប្រជាពលរដ្ឋខ្មែរយើង ឱ្យកាន់តែស្រឡាញ់វប្បធម៌ និងប្រវត្តិសាស្ត្រដ៏យូរលង់ ក៏ដូចជា ដើម្បីផ្សព្វផ្សាយបន្ថែម នូវសក្តានុពលវប្បធម៌ និងទេសចរណ៍របស់កម្ពុជា ទៅកាន់ឆាកអន្តរជាតិ ជាពិសេសលើកស្ទួយពាក្យស្លោក កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយៈ។
សម្តេចកិត្តិសង្គហបណ្ឌិតបន្ថែមថា ចំពោះព្រឹត្តិការណ៍ដែលបានធ្វើនេះ នឹងកាន់តែធ្វើឱ្យប្រាកដឡើង នូវពាក្យស្លោក កោះសន្តិភាព ដែលមានចែងក្នុងបាឋកថានៃរដ្ឋធម្មនុញ្ញកម្ពុជា ក្រោមពាក្យស្លោក អរគុណសន្តិភាព និងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ។  សម្តេចកិត្តិសង្គហបណ្ឌិត មានប្រសាសន៍បន្តទៀតថា ព្រឹត្តិការណ៍នេះប្រាកដណាស់ មានគោលដៅសំខាន់មួយទៀត គឺដើម្បីរំលឹក និងដាស់តឿន ប្រជាពលរដ្ឋកម្ពុជាយើង ក្នុងពេលបច្ចុប្បន្ន និងទៅអនាគត់សូមចងចាំ និងប្តេជ្ញាចិត្ត ថែរក្សា ការពារវប្បធម៌ និងអរិយធម៌ជាតិ ជាពិសេសប្រាង្គប្រាសាទ និងបុរាណដ្ឋានទាំងអស់ ដើម្បីជាការតបស្នង សងគុណដល់បុព្វការីជនគ្រប់ជំនាន់ ទាំងជាតិ និងអន្តរជាតិ ដែលបានខិតខំ កសាង លះបង់កាយចិត្ត ស្មារតីក្នុងការកសាង ថែរក្សា ការពារ និងអភរិក្សរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានប្រវត្តិសាស្ត្រផ្សេងៗ ដែលជាមរតកវប្បធម៌ជាតិ ដ៏មានតម្លៃមហាសាល។
 យើងទាំងអស់គ្នា ត្រូវតែមានមោទកភាព ចំពោះវប្បធម៌និងអរិយធម៌មួយនេះ យើងត្រូវតែការពារបេតិកភណ្ឌនេះ ហើយបង្ហាញថា យើងជាអ្នកស្នងមរតកដ៏ថ្លៃថ្នូរ ក្នុងនាមជាអ្នកបន្តវេននូវប្រទីបមួយនេះ និងជាអ្នកបន្តវេនប្រវត្តិសាស្ត្រ ក៏ដូចជាអ្នកការពារស្មារតី នៃការចងចាំផងដែរ។
សូមជម្រាបផងដែរថា ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រារព្ធពិធីបុណ្យ «រំលឹកគុណអង្គរ» នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ ជាមួយគ្នានេះ ចាប់ពីថ្ងៃទី១៣ ខែធ្នូ រហូតដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាច ដល់ម៉ោង១០យប់ នៅបរិវេណព្រះលានជល់ដំរី នៃក្រុងអង្គរធំ និងខាងមុខប្រាសាទអង្គរវត្ត មានរៀបចំការសម្តែងទស្សនីយភាពសិល្បៈបុរាណជាច្រើនទម្រង់ ជូនសាធារណជនបានទស្សនា និងសិក្សាឈ្វេងយល់ ដោយសេរី។ ក្នុងនោះនៅរាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣នេះ មានការសម្តែងសិល្បៈល្ខោនស្បែកធំ នៅបរិវេណផ្នែកខាងត្បូងនៃប៉ាវីសអង្គរវត្ត។ ចំណែកនៅឯព្រះលានជល់ដំរី នៃក្រុងអង្គរធំវិញ ក៏មានការសម្តែងសិល្បៈចម្រុះ ព្រមទាំងការសម្តែងសិល្បៈ ល្ខោនបុរាណពោលស្រីផងដែរ៕

Comments

Related posts