លោក ពូទីន ប្រាប់ប្រជាជនរុស្ស៊ីថា សង្គ្រាមអ៊ុយក្រែននឹងនៅតែបន្ត លុះត្រាតែទីក្រុងគៀវឈានដល់កិច្ចព្រមព្រៀងមួយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b7-33

អន្តរជាតិ៖ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ីបាននិយាយថា រុស្ស៊ីនឹងបន្តសង្រ្គាមរបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន លុះត្រាតែទីក្រុងគៀវសម្រេចបានកិច្ចព្រមព្រៀងដែលគិតគូរពីកង្វល់សន្តិសុខរបស់ទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក ពូទីន បាននិយាយថា គោលដៅដើមរបស់លោកនៅអ៊ុយក្រែនមិនផ្លាស់ប្តូរទេ ហើយថាកងកម្លាំងរុស្ស៊ីកំពុងកែលម្អជំហររបស់ខ្លួននៅសមរភូមិជួរមុខភាគច្រើន។ លោក ពូទីន បានប្រកាសថា លោកនឹងស្វែងរកអាណត្តិប្រធានាធិបតីរយៈពេលប្រាំមួយឆ្នាំទៀតនៅក្នុងខែមីនា។ លោកបាននិយាយទៀតថា គោលដៅស្នូលរបស់រុស្ស៊ីនៅតែជាការបំផ្លាញរបបណាស៊ីនិយម និងរំសាយអាវុធរបស់អ៊ុយក្រែន ហើយយើង "នឹងមានសន្តិភាពនៅពេលដែលសម្រេចបាននូវគោលដៅរបស់យើង"។ លោកបានបន្ថែមថា "ទាក់ទងនឹងការរំសាយអាវុធ ប្រសិនបើអ៊ុយក្រែនមិនចង់ឈានដល់កិច្ចព្រមព្រៀង នោះយើងត្រូវបានគេបង្ខំឱ្យចាត់វិធានការផ្សេងទៀត រួមទាំងយោធាផងដែរ"៕

Comments

Related posts