ចិននិយាយថា យោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ឯកភាពគ្នាលើបទឈប់បាញ់បណ្ដោះអាសន្ន

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b17

b19

b18

អន្តរជាតិ៖ ចិនបាននិយាយថា ខ្លួនបានជួយសម្របសម្រួលឱ្យមានបទឈប់បាញ់បណ្ដោះអាសន្នមួយនៅក្នុងការវាយប្រយុទ្ធគ្នារវាងកងកម្លាំងរបបសឹកមីយ៉ាន់ម៉ា និងកងកម្លាំងប្រដាប់អាវុធជាតិភាគតិចនៅតំបន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា ជាប់ព្រំដែនជាមួយចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានឱ្យដឹងថា កិច្ចពិភាក្សាថ្មីរវាងយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចក្រោមការសម្របសម្រួលពីចិនបានឈានដល់ការសម្រេចបានការឯកភាពគ្នាជាច្រើន ក្នុងនោះរួមមានទាំងបទឈប់បាញ់បណ្ដោះអាសន្ន និងការរក្សាកិច្ចសន្ទនា។ លោកស្រីក៏បានបញ្ជាក់បន្ថែមដែរថា "ជម្លោះក្នុងតំបន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ាកំពុងឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹង ហើយនេះមិនផ្ដល់ផលចំណេញដល់តែភាគីពាក់ព័ន្ធក្នុងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយធានាផងដែរនូវសន្តិភាព និងភាពសុខសាន្តនៅតំបន់ព្រំដែនចិន-មីយ៉ាន់ម៉ា"។ គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទចិនក៏បាននិយាយដែរថា កិច្ចចរចាសន្តិភាពមួយត្រូវបានធ្វើឡើង និងសម្រេចបានលទ្ធផលវិជ្ជមានមួយចំនួន តែមិនបានលើកឡើងពីបទឈប់បាញ់នោះទេ។ ចំណែកយោធាមីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីនៅឡើយដែរពាក់ព័ន្ធនឹងបទឈប់បាញ់៕

Comments

Related posts