ព្រឹទ្ធសភាអាមេរិក នឹងបោះឆ្នោតលើកញ្ចប់ថវិកាសម្រាប់អ៊ុយក្រែន និងសន្តិសុខព្រំដែននៅសប្តាហ៍ក្រោយ

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

b21

អន្តរជាតិ៖ លោក Chuck Schumer ប្រធានសំឡេងភាគច្រើននៃព្រឹទ្ធសភាសហរដ្ឋអាមេរិកបាននិយាយថា ព្រឹទ្ធសភានឹងបោះឆ្នោតលើកញ្ចប់ជំនួយយោធាសម្រាប់អ៊ុយក្រែន និងអ៊ីស្រាអែល នៅសប្តាហ៍ក្រោយ ខណៈកិច្ចចរចាជុំវិញការផ្លាស់ប្តូរគោលនយោបាយសន្តិសុខព្រំដែនអាមេរិក ដែលអាចប៉ះពាល់ទៅដល់ការផ្តល់កញ្ចប់ជំនួយសម្រាប់អ៊ុយក្រែននៅតែបន្តធ្វើឡើង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ លោក Schumer បាននិយាយថា ព្រឹទ្ធសភានឹងពន្យារពេលសម្រាកវិស្សមកាលរបស់ខ្លួនដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃសុក្រ ហើយកោះប្រជុំនៅថ្ងៃចន្ទសប្តាហ៍ក្រោយដើម្បីផ្តល់ពេលវេលាដល់ក្រុមអ្នកចរចាសម្រេចឱ្យបាននូវកិច្ចព្រមព្រៀងមួយ។ លោកបានបន្តថា "យើងបានជាប់គាំងជាច្រើនលើកលើកិច្ចការបស់យើង។ យើងដឹងថាពិភពលោកកំពុងចាំមើល"។ គួរបញ្ជាក់ថា លោក ចូ បៃដិន បាននិងកំពុងជំរុញឱ្យសមាជិកសភាអនុម័តកញ្ចប់ជំនួយបន្ថែម ដើម្បីផ្តល់ជំនួយសន្តិសុខថ្មីសម្រាប់អ៊ុយក្រែនប្រយុទ្ធជាមួយរុស្សី ក៏ដូចជាជួយអ៉ីស្រាអែលក្នុងសង្រ្គាមជាមួយក្រុមហាម៉ាស។ លោក Mike Johnson ប្រធានសភាតំណាងរាស្រ្តមកពីគណបក្សសាធារណរដ្ឋ និងសមាជិកសភាតំណាងរាស្ត្រសាធារណរដ្ឋផ្សេងទៀតបាននិយាយម្តងហើយម្តងទៀតថា ពួកគេនឹងបោះឆ្នោតគាំទ្រសម្រាប់ការផ្តល់ជំនួយនោះប្រសិនបើវាសមស្របនឹងលក្ខខណ្ឌថ្មីនៃការគ្រប់គ្រងព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក៕

Comments

Related posts