មហាជនយ៉ាងច្រើនកុះករ បានមកចូលរួមគាំទ្រការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ ដើម្បីអបអរសាទរ ព្រឹត្តិការណ៍រំលឹកគុណអង្គរ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣

IMG_5089

IMG_5090

IMG_5088

IMG_5087

IMG_5078

IMG_5080

IMG_5081

IMG_5082

IMG_5083

MC. នារាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣ ជាថ្ងៃទី៣នៃព្រឹត្តិការណ៍
«រំលឹកគុណអង្គរ» មានកម្មវិធីសម្តែងទស្សនីយភាពសិល្បៈបុរាណជូនសាធារណជនបានទស្សនាដោយសេរី នាបរិវេណខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ ក្នុងនោះ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ បានអញ្ជើញមកទស្សនា ការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ ដែលអ្នកទស្សនាគ្រប់រូបបានស្ងើចសរសើរមិនដាច់ពីមាត់អំពីការ សម្តែងសិល្បៈមួយនេះ។
    កញ្ញា ស្រីនាង អាយុ២០ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប បានរង់ចាំទស្សនាការសម្តែងសិល្បៈល្ខោនស្រមោលស្បែកធំ នាបរិវេណខាងមុខប្រាសាទអង្គរវត្ត បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិថា ប្អូនពិតជាសប្បាយរីករាយណាស់ ដែលបានមកទស្សនាការសម្តែងល្ខោនស្រមោលស្បែកធំ ដែលជាសិល្បៈមួយបែប កម្រនឹងបានឃើញមានសម្តែងនៅទីណាមួយណាស់។ កញ្ញាថា ល្ខោនស្បែកធំ គឺជាសិល្បៈអរូបីពីបុរាណ បន្សល់ទុកតាំងពីដូនតាមក កូនចៅជំនាន់ក្រោយត្រូវតែចូលរួមលើកតម្កើង តាមរយៈការសិក្សា និងចូលរួមគាំទ្រនៅពេលមានការសម្តែងម្តងៗ។ 
 ផ្ទាំងទស្សនីយភាពនេះគឺល្អមែនទែន ធ្វើឱ្យយើងយល់ដឹងច្រើនអំពីប្រវត្តិសាស្ត្រ ដូចល្ខោនស្បែកធំ គឺសម្តែងអំពីរឿងរាមកេរ្តិ៍ អ៊ីចឹងអាចឱ្យយើងដឹងសាច់រឿងហ្នឹងកាន់តែច្រើន ហើយយើងគួរតែនាំគ្នាគាំទ្រ សម្បត្តិបេតិកភណ្ឌជាតិរបស់យើង។ ខ្ញុំមានអារម្មណ៍ថា សប្បាយចិត្ត មិនងាយទេដែលមានព្រឹត្តិការណ៍ មកសម្តែងល្ខោនឱ្យយើងទស្សនា ហើយក៏ធ្លាប់មានភ្ញៀវទេសចរគាត់និយាយថា គាត់មិនងាយនឹងបានទស្សនា ដូចយើងអ្នកនៅសៀមរាបទេ អាចមួយឆ្នំាមួយទៅពីរដង ដែលគេសម្តែងឱ្យយើងទស្សនា។ ខ្ញុំគិតថា អ្នកខេត្តសៀមរាបគឺសំណាងណាស់ បើសិនយើងមិនឆ្លៀតទេ កាន់តែធ្វើឱ្យឱកាសហ្នឹងខកខាន ព្រោះមិនងាយទេ។
ព្រះតេជគុណ ភឿន កុយ គង់នៅវត្តរាជបូណ៌ក្រុងសៀមរាប មានពុទ្ធ ដីកាថា ល្ខោនស្បែកធំ ជាសម្បត្តិអរូបីរបស់មនុស្សជាតិ មានតម្លៃជា
មហាសាល ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងមានអាយុកាលជាយូរឆ្នាំណាស់មកហើយ។ ព្រះអង្គមានពុទ្ធដីកាទៀតថា ការលើកយកសិល្បៈដ៏កម្របែបនេះ មកសម្តែងជាសាធារណៈ ឱ្យមហាជនបានទស្សនា ពិតជាល្អប្រសើរ នឹងធ្វើកូនខ្មែរជំនាន់ក្រោយបានស្គាល់អំពីស្នាដៃបន្សល់ទុកពីដូនតា និងសិក្សាស្វែងយល់បន្ថែម។
 ដោយសារតែល្ខោននេះចាប់ផ្តើមកើតនៅមុនសម័យអង្គរទៀត អ៊ីចឹងរបស់ទាំងហ្នឹងអភិរក្សទៅអត់ប៉ះពាល់ដល់សម្បត្តិជាតិ កិត្តិយសជាតិទេ មានតែលើក តម្កើងជាតិ ឱ្យស្គាល់ល្ខោនស្បែកធំ ដោយសារល្ខោនស្បែកធំលេងទាក់ទងនឹងរឿងរាមកេរ្តិ៍ អ៊ីចឹងរឿងរាមកេរ្តិ៍ក៏ចូលជាកម្មវិធីសិក្សាជាតិដែរ អ៊ីចឹងបើសិនមានកម្មវិធីធំៗ យើងគួរតែយកមកបង្ហាញ ដើម្បីឱ្យកូនខ្មែរបានស្គាល់ពីអត្តសញ្ញាណអរូបីរបស់ជាតិ។ តាមមតិយោបល់អាត្មា កូនខ្មែរគួរតែរក្សាទុកប្រពៃណីវប្បធម៌ណាវាជាប្រយោជន៍ ជាសារៈសំខាន់ដែលធ្វើឱ្យយើងមានស្មារតី ដោយសារល្ខោនស្បែកធំបើយើងមើលពីទិដ្ឋភាពជាក់ស្តែងទៅ បើយើងយល់ពីអត្ថន័យគឺល្អ ជាជំនឿដែរជំនឿមានប្រយោជន៍ មិនប៉ះពាល់ដល់សម្បត្តិជាតិ ឬវប្បធម៌ទេ យើងគួររក្សាទុក។
សូមជម្រាបផងដែរថា  ព្រឹត្តិការណ៍សម្តែងទស្សនីយភាពសិល្បៈបុរាណជាច្រើនទម្រង់ នៅមិនទាន់បញ្ជប់ឡើយ ព្រោះថា នៅរាត្រីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងមានការសម្តែងល្ខោនខោល រឿងរាមកេរ្តិ៍ ក្នុងឈុត(ចម្បាំងកុម្ភិការណ៍) នៅបរិវេណផ្នែកខាងត្បួងនៃប៉ាវីសអង្គរវត្ត និងការបង្ហាញក្បាច់គុនបុរាណខ្មែរ ដែលនឹងប្រព្រឹត្តទៅចំនួន២ថ្ងៃ គឺថ្ងៃទី១៦-១៧ ខែធ្នូ ឆ្នាំ២០២៣ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ។ ការសម្តែងសិល្បៈជូនសាធារណជន បានទស្សនានេះ ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅក្នុងព្រឹត្តិការណ៍ «រំលឹកគុណអង្គរ» នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានរយៈពេល១០ថ្ងៃចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣៕

Comments

Related posts