ភ្ញៀវទេសចរជិត៨ម៉ឺននាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែងទសនីយភាពសិល្បៈចម្រុះនានានៃព្រឹត្តិការណ៍រំលឹកគុណអង្គរ


វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣

a5-141

a6-132

a1-141

a8-121

a-113

a3-146

a-114

a2-140

a7-132
MC. រយៈពេល១០ថ្ងៃនៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ភ្ញៀវទេសចរ ប្រមាណ៧៩,៩៨៧នាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានា ខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីនៃក្រុងអង្គរធំ។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងរយៈពេល១០ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត៨ម៉ឺននាក់បាន ចូលមកទស្សនាស្តង់ពិព័រណ៍ និងកម្មសម្តែងទស្សនីយភាពសិល្បៈចម្រុះ នៅខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីនៃក្រុងអង្គរធំ។ ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា រោងពិព័រណ៍របស់អាជ្ញាធរជាតិអប្សរា សរុបចំនួន ៩ ៦៤៣ នាក់ ភ្ញៀវជាតិចំនួន ៤ ៥៩៥ នាក់ (ព្រះសង្ឃ១២៦) និងភ្ញៀវបរទេស ៥០៤៨ នាក់។ កម្មវិធីល្ខោនយីកេមហាជន ល្ខោនស្បែកធំ និងល្ខោនខោលរឿងរាមកេរ្ត៍ នៅខាងត្បូងប្រាសាទអង្គរវត្ត រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ និង ១៦ ខែធ្នូ ឆ្នាំ២០២៣   សរុប ចំនួន ៖  ១,៤៣៩ នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួណ ៦៨៦ នាក់ (ព្រះសង្ឃ១៨អង្គ) និងភ្ញៀវបរទេសចំនួន ៣៥ នាក់។ កម្មវិធីរាត្រីចងចាំ សិល្បៈចម្រុះ ល្ខោនបុរាណពោលស្រី និងប្រដាល់ក្បាច់គុណបុរាណខ្មែរ នៅទីលានជល់ដំរី រយៈពេល០៣ថ្ងៃ ពីថ្ងៃទី១៤ ដល់១៥ និង ១៦ ខែធ្នូ ឆ្នាំ២០២៣ សរុប ចំនួន ៖ ៦៨ ៧៣៥ នាក់ ភ្ញៀវជាតិ ៦៨ ៧០៥ នាក់ (ក្នុងនោះ កម្មវិធីរាត្រីចងចាំ មានភ្ញៀវ ៥៣ ៨២៨នាក់) និងភ្ញៀវបរទេសចំនួន ៣0 នាក់។
អ្នកស្រី វឹត សុខហេង អាយុ៦៣ឆ្នាំ ប្រជាពលរដ្ឋ រស់នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា នេះជាឆ្នាំទី៣ហើយ ដែលអ្នកស្រីបាននាំកូនចៅមកទស្សនាសិល្បៈយីកេនៅតាមទីសាធារណៈបែបនេះដែលពីមុនមកស្ទើរតែមិនធ្លាប់បានឃើញការ             សម្តែងសិល្បៈបែបនេះនៅទីណាឡើយ។ អ្នកស្រីថា ក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ បានលើកយកសិល្បៈពីបុរាណមកសម្តែង ជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាបែបនេះ ពិតជាល្អប្រសើរណាស់ ដើម្បីឱ្យក្មេងៗជំនាន់ក្រោយបានទស្សនា និងបានចូលរួមថែរក្សាស្នាដៃសិល្បៈរបស់ខ្មែរទៅថ្ងៃខាងមុខ។
 នាំកូននាំចៅមកមើល តែមើលនេះ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានស្គាល់ ជំនាន់ក្រោយៗទៀតហ្នឹងណា។ ពីមុនមកខ្ញុំធ្លាប់បានឃើញ តាំងពីតូចៗមកធ្លាប់មើល វប្បធម៌យើង អ៊ីចឹងបានចេះតែនាំកូននាំចៅ ឱ្យមកមើលឱ្យបានឃើញ ។ឥឡូវនេះកម្របានឃើញណាស់ អ៊ីចឹងបានពេលមានបុណ្យទានគេសម្តែងអ៊ីចឹងបាននំាកូនចៅមក។ នេះផ្តល់អត្ថប្រយោជន៍ច្រើនណាស់ ក្នុងសង្គមយើងមួយ ហើយយើងជួយក្នុងការថែរក្សាវប្បធម៌រីកចម្រើន ក្នុងប្រទេសជាតិយើងបានដុះដាល លើកស្ទួយវប្បធម៌យើង រីកចម្រើនទៅមុខទៀត។
ចំណែកអ្នកស្រី ពឹម ពា អាយុ៣៣ឆ្នាំ ប្រជាពលរដ្ឋរស់នៅក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ បានមកទស្សនាព្រឹត្តិការណ៍រាត្រីចងចាំ លើកទី៤ កាលពីរាត្រីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នៅព្រះលានជល់ដំរី ក្រុងអង្គរធំបានឱ្យដឹង នេះជាលើកទីមួយហើយដែលអ្នកស្រី និងគ្រួសារមកទស្សនាព្រឹត្តិការណ៍រាត្រីចងចាំ ដោយផ្ទាល់បែបនេះ។ អ្នកស្រីថា ពិតជាមានមោទនភាពក្នុងនាមជាកូនខ្មែរ ដែលបានទស្សនាស្នាដៃសិល្បៈបុរាណជាច្រើន សម្តែងជូនបងប្អូនប្រជាពលរដ្ឋបានទស្សនាដោយសេរី។ ទាំងនេះ ជាការជំរុញលើកទឹកចិត្ត និងផ្សព្បផ្សាយអំពីអរិយធម៌ វប្បធម៌របស់ខ្មែរ ឱ្យកូនខ្មែរទាំងអស់បានឃើញ និងបន្តថែរក្សា។
និយាយរួមទៅគ្រាន់តែឃើញគេសម ខ្ញុំព្រឺសម្បុរទៅហើយ ទម្រាំងចូលដល់កម្មវិធីសម្តែងមិនដឹងល្អយ៉ាងណា វាអស្ចារ្យយើងមានសំបូរបែបគ្រប់យ៉ាង។ ហើយគាត់ឱ្យយើងមកអង្គុយញ៉ាំអីបានស្រួល ខ្ញុំអរគុណខាងអាជ្ញាធរដែលគាត់អនុញ្ញាតឱ្យយើងចូលមើលដោយមិនគិតថ្លៃ អ្នកណាក៏អាចចូលមើលបាន។
សូមជម្រាបផងដែរថា ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រារព្ធពិធីបុណ្យ «រំលឹកគុណអង្គរ» នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងរយៈពេល១០ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្រៅពីការប្រារព្ធនូវពិធីបែបសាសនា ដើម្បីសម្តែងនូវការដឹងគុណ ចំពោះអង្គព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វការីជនទាំងអស់ ដែលលោកបានខិតខំកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃនេះ ក៏មានកម្មវិធីទស្សនាស្តង់ពិព័រណ៍ស្តីពីសមិទ្ធផលការងាររយៈពេល៣១ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា ការសម្តែងទស្សនីយភាពសិល្បៈបុរាណជាច្រើនទម្រង់ ដើម្បីរួមចំណែកលើកកម្ពស់ស្នាដៃសិល្បៈបុរាណ និងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕

Comments

Related posts