កប៉ាល់ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងត្រូវហាមឃាត់ពីការចូលចតនៅម៉ាឡេស៉ី

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a4-148

a5-144

អន្តរជាតិ៖ លោក Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានប្រកាសថា រាល់កប៉ាលទាំងអស់ដែលមានដោតទង់ជាតិអ៉ីស្រាអែល នឹងមិនអនុញ្ញាតឱ្យចូលចតក្នុងប្រទេសម៉ាឡេស៉ីនោះទេ ចាប់ពីពេលនេះទៅ ហើយកប៉ាល់ទាំងឡាយណា ដែលធ្វើដំណើរទៅកាន់អ៉ីស្រាអែលក៏នឹងត្រូវហាមឃាត់មិនឱ្យផ្ទុកទំនិញនៅកំពង់ផែម៉ាឡេស៉ីដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA។ លោក Anwar បានបញ្ជាក់ថា "ការរឹតបន្តឹងទាំងនេះគឺជាការឆ្លើយតបទៅនឹងសកម្មភាពរបស់អ៉ីស្រាអែល ដែលមិនអើពើគោលការណ៍មនុស្សធម៌ជាមូលដ្ឋាន និងបំពានច្បាប់អន្តរជាតិតាមរយៈការសម្លាប់ជាបន្តបន្ទាប់ និងសកម្មភាពប្រឆាំងប្រជាជនប៉ាឡេស្ទីន"។ លោក Anwar បានឱ្យដឹងទៀតថា រដ្ឋាភិបាលមានទំនុកចិត្តលើការសម្រេចចិត្តនេះ ថានឹងមិនប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មរបស់ម៉ាឡេស៉ីនោះទេ។ លើសពីនេះទៀតរដ្ឋាភិបាលបានសម្រេចចិត្តបិទផ្លូវក្រុមហ៊ុនដឹកជញ្ជូន ZIM ដែលមានមូលដ្ឋាននៅអ៉ីស្រាអែលពីការចូលចតនៅកំពង់ផែណាមួយក្នុងប្រទេសម៉ាឡេស៉ីចាប់ពីពេលនេះតទៅ។ គួរបញ្ជាក់ថា ម៉ាឡេស៉ីគឺជាអ្នកគាំទ្រយ៉ាងខ្លាំងចំពោះបុព្វហេតុប៉ាឡេស្ទីន និងមិនមានទំនាក់ទំនងការទូតជាមួយអ៉ីស្រាអែល។ កាលពីខែតុលា មនុស្សជាង ១៦,០០០ នាក់ដែលរួមមានទាំង លោក Anwarផង បានរៀបចំការជួបគ្នាទ្រង់ទ្រាយធំមួយ ខណៈម៉ាឡេស៉ីចង់បង្ហាញការគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន ចំពោះមុខសង្រ្គាមដែលកំពុងបន្តនៅតំបន់ហ្គាហ្សា៕

Comments

Related posts