គ្មានទេអាថ៌កំបាំងសម្រាប់គម្រោងសាងសង់ព្រែកជីកហ្វូណន់តេជោ

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២២ ១២ ២០២៣

w15

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកក្រម្ពុជា បានថ្លែងថា គ្មានទេអាថ៌កំបាំងសម្រាប់គម្រោងសាងសង់ព្រែកជីកហ្វូណន់តេជោ  គឺការសាងសង់នេះដើម្បីបម្រើសក្តានុពលសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះ។
ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកក្រម្ពុជា បានមានប្រសាសន៍ថា គម្រោងសាងសង់នូវ ព្រែកជីកហ្វូនណន់តេជោ គ្មានអ្វីអាថ៌កំបាំងដូចការលើកឡើងរបស់ក្រុមប្រឆាំងនោះឡើយ ផ្ទុយទៅវិញការសាងសង់នូវគម្រោងនេះ នឹងធ្វើឱ្យសក្តានុពលសេដ្ឋកិច្ចកម្ពុជា កាន់តែរីកចម្រើនបន្ថែមទៀត ជាពិសេសគឺការផ្លាស់ប្តូរនូវទំនិញតែម្តង។
សម្តេចធិបតី បានបន្តថា គ្មានហេតុផលណាមួយដែលត្រូវបានលាក់លៀមនោះទេ ចំពោះគម្រោងសាងសង់នូវផ្លូវនាវាចរណ៍ ព្រែកជីកហ្វូណន់តេជោ ខណៈគម្រោងនេះនឹងតភ្ជាប់ពីប្រព័ន្ធទន្លេ និងផ្លូវសមុទ្រ ដើម្បីបម្រើដល់ការដឹកជញ្ជូននៅប្រទេសកម្ពុជាឱ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតនោះ។
សំឡេង « ខ្ញុំសូមប្រាប់គ្មានអ្វីអាថ៌កំបាំងទេ ប្រជាពលរដ្ឋអត់មានអីអាថ៌កំបាំងទេការអភិវឌ្ឍនៅក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹកនេះ គឺដើម្បីបម្រើសក្តានុពលសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទាំងអ្នកនៅតាមបណ្តោយ អ្នកនៅក្នុងតំបន់ជាមួយគ្រប់កន្លែងទាំងអស់ដែលត្រូវការ ការសម្រួលដោយវិស័យពាណិជ្ជកម្មនិងដឹកជញ្ជូនផ្លូវទឹក អ៊ីចឹងនេះហើយគឺជាគោលដៅសំខាន់ »។
សូមបញ្ជាក់ថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់ «ព្រែកជីកហ្វូណនតេជោ» ត្រូវបានរាជរដ្ឋាភិបាលអនុម័តកាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៣កន្លងទៅនេះ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីពេញអង្គក្នុងវិមានសន្តិភាព។ គម្រោងដឹកជញ្ជូនទំនិញ និងអ្នកទេសចរតាមផ្លូវទឹករបស់កម្ពុជាមួយនេះនឹងត្រូវការទុនវិនិយោគប្រមាណ១ ៧០០លានដុល្លារអាម៉េរិក។
គម្រោង«ព្រែកជីកហ្វូណនតេជោ»នេះ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនផ្សេងទៀត ដល់ចរន្តសេដ្ឋកិច្ចកម្ពុជា ដូចជាការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត, ការជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យជាដើម៕

Comments

Related posts