វិទ្យុជាតិកម្ពុជា ប្ដេជ្ញាបង្កើតកម្មវិធីថ្មីៗ និងពង្រឹងកម្មវិធីដែលមានស្រាប់ ដើម្បីបម្រើមិត្តអ្នកស្ដាប់

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ២៩ ធ្នូ ២០២៣

c-15

c1-19

c2-20

c3-19

c4-16

c7-15

c9-10

c8-12

c6-15

c5-14

MC៖ លោកស្រី សំអាង គុទារិយា អគ្គនាយិការងនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានបញ្ជាក់ថា វិទ្យុជាតិកម្ពុជា បានប្ដេជ្ញាបង្កើតកម្មវិធីថ្មីៗ និងពង្រឹងកម្មវិធីដែលមានស្រាប់ ដើម្បីបម្រើមិត្តអ្នកស្ដាប់ឱ្យកាន់តែទូលំទូលាយបន្ថែមទៀត។
  នៅក្នុងកម្មវិធី «ជំហានដំបូង» នៃវិទ្យុជាតិកម្ពុជាAM918KHz និងវិទ្យុវត្តភ្នំ  FM 105.70 MHz លោកស្រី សំអាង គុទារិយា អគ្គនាយិការងនៃអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា បានឱ្យដឹងថា វិទ្យុជាតិកម្ពុជាបានចាប់កំណើត តាំងពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ១៩៤៧ ។វិទ្យុជាតិកម្ពុជាដំណើរការផ្សាយ៧ថ្ងៃក្នុងមួយសប្តាហ៍ ចាប់ពីម៉ោង ៥:០០ ព្រឹករហូតដល់ម៉ោង២៤យប់ក្នុងមួយថ្ងៃ ហើយការផ្សាយជាសំឡេងនៅក្នុងវិទ្យុមាន៣ គឺវិទ្យុជាតិកម្ពុជា AM 918 KHz និងវិទ្យុវត្តភ្នំFM ១០៥.៧០MHz និងវិទ្យុ FM ៩៦ MHz។
លោកស្រី បន្ដថា បច្ចុប្បន្នវិទ្យុជាតិកម្ពុជា មានកម្មវិធីផ្សាយសម្បូរបែបជាច្រើនដូចជា កម្មវិធីសន្ទនាមតិ ជីវិតយើងសង្គមយើង បទយកការណ៍ ព័ត៌មានជាតិ អន្ដរជាតិ ការអប់រំ ជាភាសាខ្មែរ បារាំង អង់គ្លេស ព្រមទាំងមានកម្មវិធីសិល្បៈបុរាណសម័យ និងកម្មវិធីជាច្រើនទៀត។ ដោយឡែក សម្រាប់ឆ្នាំថ្មី វិទ្យុជាតិកម្ពុជានឹងខិតខំប្រឹងប្រែង ធ្វើកម្មវិធីដែលមានស្រាប់សព្វថ្ងៃនេះឱ្យកាន់តែរស់រវើកថែមទៀត ហើយនឹងខិតខំថានឹងស្រាវជ្រាវរកកម្មវិធីថ្មីៗពាក់ព័ន្ធនឹងការកែច្នៃ ប្រភេទសត្វកម្រ បរិស្ថាន កសិកម្ម សង្គម សេដ្ឋកិច្ច គោលនយោបាយ និងផែនការយុទ្ធសាស្ត្រជាដើម ដើម្បីឱ្យប្រជាពលរដ្ឋបានស្ដាប់ និងទទួលបានដំណឹងទាន់ហេតុការណ៍។
 «វិទ្យុជាតិកម្ពុជាមានកម្មវិធីផ្សាយសម្បូរបែប គឺមានរហូតដល់ជាង ៣០កម្មវិធី ក្នុងនោះសូមលើកយកកម្មវិធីសំខាន់ៗ ដូចជា កម្មវិធីសន្ទនាមតិ ជីវិតយើងសង្គមយើង បទយកការណ៍ ព័ត៌មានភាសាខ្មែរ បារាំង អង់គ្លេស ព្រមទាំងមានកម្មវិធីសិល្បៈ បុរាណសម័យ។ បានផលិតព័ត៌មានពាក់ព័ន្ធទៅនឹងការអប់រំ ផ្ដល់ព័ត៌មានលើគ្រប់វិស័យទាំងអស់ ជូនដល់មិត្តអ្នកស្ដាប់ ហើយមិនតែប៉ុណ្ណោះ វិទ្យុជាតិកម្ពុជាបានដកស្រង់យកនូវមតិ ខ្លឹមសារសំខាន់ៗ គន្លឹះសំខាន់ៗ របស់ថ្នាក់ដឹកនាំកំពូលៗ ដើម្បីយកមកធ្វើជាព័ត៌មាន ឱ្យបងប្អូនសាធារណជនបានជ្រាបពីគោលដៅយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាលថែមទៀតផង»។
  លោក សំណាង រស់នៅខេត្តស្វាយរៀង ជាប្រិយមិត្តអ្នកស្ដាប់វិទ្យុជាតិកម្ពុជា តាំងពីឆ្នាំ ២០០០ ដែលពេលនោះ លោកទើបតែមានអាយុ១៣ឆ្នាំតែប៉ុណ្ណោះ។ លោកអរគុណ វិទ្យុជាតិកម្ពុជា ដែលបានពង្រីកការផ្សាយព្រមទាំងមានសំឡេងច្បាស់ល្អ ជាពិសេសថែមទាំងមានផ្សព្វផ្សាយតាមរយៈហ្វេសប៊ុកទៀតផង ដែលធ្វើឱ្យលោកកាន់តែងាយស្រួលក្នុងការទទួលបានដំណឹងល្អ ពិត បន្ថែមទៀត។
 «វិទ្យុជាតិយើង គឺការផ្សាយមកមួយម៉ោងយើងស្ដាប់ចប់មួយម៉ោង យើងបានយល់ដឹង។ ហើយមួយទៀត គឺវិទ្យុជាតិ មានទាំងថ្មីមានទាំងចាស់ មានទាំងគ្រប់ដំណាក់កាលទាំងអស់ ពិសេសគឺម៉ោងបិទការផ្សាយ នេះម៉ោង ១២ មានភ្លេងកំដររាត្រី ស្ដាប់ហើយស្រណោះ ទៅដល់បុព្វបុរសយើងនិងក៏ស្រណោះដែរ ទៅដល់ក្រុមការងារវិទ្យុជាតិកម្ពុជាទាំងអស់ជារៀមច្បងដែលបានចូលនិវត្តន៍ រៀមច្បងខ្លះលោកក៏បានទទួលអនិច្ចកម្ម ដែលធ្វើឱ្យមិត្តអ្នកស្ដាប់ ក៏ដូចជាខ្ញុំបាទជាយុវជនជំនាន់ក្រោយ ស្ដាប់ហើយមានអារម្មណ៍ក្ដុកក្ដួល ដោយសារថាកម្ពុជារបស់យើងមានវិទ្យុជាតិ ដូចប្រទេសដទៃដែរ។ ហើយវិទ្យុជាតិរបស់កម្ពុជា គឺទៀងទាត់ ផ្សាយព័ត៌មានដែលពិត ហើយស្អាតស្អំ នេះគឺជាទស្សនៈរបស់ប្អូន»។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា មិនត្រឹមតែផ្សាយជារលកសំឡេងនៅក្នុងវិទ្យុជាតិកម្ពុជា AM 918 KHz វិទ្យុវត្តភ្នំFM ១០៥.៧០MHz និងវិទ្យុ FM ៩៦ MHzប៉ុណ្ណោះទេ ថែមទាំងផ្សព្វផ្សាយតាមរយៈហ្វេសប៊ុកផេក ប្រព័ន្ធTelegram របស់ អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា , ព្រមទាំង Appនិងហ្វេសប៊ុកផេករបស់វិទ្យុជាតិកម្ពុជា ទៀតផង ដើម្បីបង្កើនសន្ទុះការងារផ្សព្វផ្សាយឱ្យកាន់តែទំនើប និងរីកចម្រើនទៅមុខជាបន្តទៀត ៕

Comments

Related posts