ក្រសួងវប្បធម៌បានលើកយកល្ខោនអាប៉េដើម្បីសម្ដែងអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានៅវិមានឈ្នះ ឈ្នះ

 

វិទ្យុជាតិកម្ពុជា៖លោក ជួន បូណា

a27-13

a24-24

a25-19

a26-19

ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួបលើកទី២៥នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ
ចាប់ពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២៣ នៅវិមានឈ្នះឈ្នះ
នាយកដ្ឋានសិល្បៈទស្សនីយភាពនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានលើកយកល្ខោនអាប៉េមកសម្ដែង និងផ្សព្វផ្សាយ ដើម្បីថែរក្សាវប្បធម៌ និងបង្ហាញនូវទម្រង់សិល្បៈបែបកំប្លែងមួយនេះដល់មហាជនបានស្គាល់ បានទស្សនាដោយសេរីក្រោមដំបូលសុខសន្តិភាព។
 
   ប្រាប់អ្នកសារព័ត៌មានវិទ្យុជាតិកម្ពុជានៅក្នុងពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាម ស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះ ឈ្នះ និងខួប៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះ ស្ថិតនៅបរិវេណវិមានឈ្នះឈ្នះ លោក ស៊ុ ចាន់ធឿន គ្រូល្ខោនអាប៉េ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ការលើកយកទម្រង់ល្ខោននេះមកសម្តែង គឺមានគោល បំណងថែរក្សាវប្បធម៌ជាតិឱ្យបានគង់វង្សព្រោះ ទម្រង់ល្ខោនបុរាណមួយប្រភេទនេះ បានបាត់បង់ជាយូរលង់ណាស់មកហើយ និងមិន បានសម្ដែងនៅតាមទីសាធារណៈបានទូលំទូលាយនោះទេ។
  លោកបន្ដថា ល្ខោនអាប៉េនេះ មានលក្ខណៈបែបកំប្លុកកំប្លែងប្រជាប្រិយ ដែលជារបស់ដូនតាខ្មែរបានបន្សល់ទុក ដើម្បីបង្កលក្ខណៈសប្បាយរីករាយនៅក្នុងកម្មវិធីបុណ្យរបស់ជាតិ  ប្រពៃណី និងសាសនាជាដើម។
លោកបានបញ្ជាក់ថា ការសម្ដែងក្នុងពិធីអបអរសាទរខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យននយោបាយឈ្នះ ឈ្នះ និងខួប ៥ឆ្នាំ នៃការកសាងវិមានឈ្នះ ឈ្នះនេះ គឺមានកិត្ដិយសធំធេងណាស់ ដោយក្រុមលោកបានចូលរួមសម្ដែងឱ្យប្រជាពលរដ្ឋបានទស្សនា និងចងចាំសម្រាប់ថែរក្សាបន្ដដល់កូនចៅជំនាន់ក្រោយ។
លោកបានបន្ថែមថា ក្រសួងវប្បធម៌ និងអ្នកសិល្បៈ នឹងខិតខំសម្ដែង និងនិពន្ធល្ខោនអាប៉េឱ្យរស់ឡើងវិញ ដើម្បីបម្រើឱ្យសង្គម ប្រពៃណី និងសាសនាផងដែរ។

សូមបញ្ជាក់ថា ដោយសារតែសង្គ្រាមដ៏រ៉ាំរ៉ៃនៅកម្ពុជាកន្លងមកបានធ្វើឱ្យ ល្ខោនអាប៉េនេះត្រូវបានបាត់បង់ស្ទើរតែមិនសូវមានអ្នកស្គាល់ឡើយ  ប៉ុន្តែសម័យសន្តិភាពនេះ វិស័យសិល្បៈគ្រប់ទម្រង់មានការរស់ឡើងវិញជាក់ស្តែង ល្ខោនអាប៉េនេះ ត្រូវបានមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានគាស់រំលើងយកមកចងក្រងសម្តែងឡើងវិញ បន្ទាប់អាក់ខានមិនបានសម្តែងតាំងតែពីយូរយារណាស់មក ហើយ ៕

Comments

Related posts