ម្ចាស់ហាងកីមាស បានយកសំឡីគ ត្បាញធ្វើជាអំបោះកំណាត់ដែលអាចយកមកឆ្នៃធ្វើជាសម្លៀកបំពាក់ និងកម្រាលបែបទំនើបបានយ៉ាងស្រស់ស្អាត

វិទ្យុជាតិកម្ពុជា៖ លោកស្រី ប៉ុង សុភាវី ៣ មករា ២០២៤

IMG_6828

IMG_6835

IMG_6829

IMG_6832

IMG_6834

IMG_6833

IMG_6836

IMG_6837

IMG_6838

MC៖ អ្នកស្រី តិច ស៊ីមហ៊ាង ម្ចាស់ហាងកីមាស បានយកសំឡីគត្បាញធ្វើជាអំបោះចេញជាកំណាត់ ដែលអាចយកមកឆ្នៃជាធ្វើជាសម្លៀកបំពាក់ កម្រាលបែបទំនើបបានយ៉ាងស្រស់ស្អាត ហើយទទួលបានការ គំាទ្រយ៉ាងច្រើន ពីប្រជាពលរដ្ឋ។
អ្នកស្រី តិច ស៊ីមហ៊ាង ម្ចាស់ហាងកីមាស បានប្រាប់អ្នកយកព័ត៌មានរបស់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ផ្លែគ មានអត្ថប្រយោជន៍ច្រើនមិនត្រឹមតែជាសំឡីសម្រាប់ជាខ្នើយកើយប៉ុណ្ណោះទេ តែអាចយកមកកែច្នៃជាអំបោះត្បាញចេញជាកំណាត់ ដើម្បីជាការរួមចំណែកក្នុងការចូលរួមថែរក្សាបរិស្ថាន និងមានវត្ថុធាតុដើមក្នុងស្រុកផងដែរ។ អ្នកស្រី បានបន្ដថា ការសាកល្បង យកសំឡីគរំជាអំបោះត្បាញចេញជាកំណាត់នេះ អាចធ្វើសម្លៀកបំពាក់ កម្រាលព្រំ កម្រាលតុ កម្រាលសាឡុង ដើម្បីអភិវឌ្ឍន៍ផលិតផលក្នុងស្រុកដែលមានស្រាប់ ជួយដល់កសិករ និងសង្គមជាតិ តាមរយៈកែច្នៃផលិតផលដែលមានគុណភាពសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ 
អ្នកស្រីម្ចាស់ហាងកីមាស បានបន្ថែមថា ការឆ្នៃកំណាត់ចេញពីសំឡីគ ដោយគ្រាន់តែយកមកបញ្ចូលក្នុងឧបករណ៍រហាត់រវៃ ដើម្បីឱ្យចេញជាអំបោះ សម្រាប់ត្បាញធ្វើជាកំណាត់ បន្ទាប់មកយកទៅជ្រលក់ល័ក្ដខ្មែរ ដើម្បីទទួលបានពណ៌រឹតតែស្អាត និងមានគុណភាពល្អ។
«សម្រាប់គុណភាពគឺប្រើបានយូរ ប្រើល័ក្តធម្មជាតិ សរសៃគធម្មជាតិគ្មានជាតិគីមី នៅពេលដែលយើងប្រើនៅក្នុងផ្ទះរបស់យើងគឺល្អ។ ហើយបើសិនជាយើងគិតពីហានិភ័យ គគឺគ្មានហានិភ័យដូចជ័រដែរ យើងប្រើសម្រាប់សាឡុង កម្រាលផ្សេងៗគឺល្អ។ ប្រសិនបើយើងគិតពីបរិស្ថានវាមិនមានប៉ះពាល់ គ្មានជាតិពុលដល់បរិស្ថាន ពីព្រោះរាល់ថ្ងៃផែនដីមិនធំ មនុស្សកាន់តែច្រើនកើនឡើងៗបើយើងជួយកាត់បន្ថយការប្រើប្រាស់គីមីរបស់ដែលមានជាតិពុលដែលប៉ះពាល់ដល់បរិស្ថាន ការរស់នៅ ប៉ះពាល់ដល់ខ្យល់ដកដង្ហើមជាដើម វាជាការល្អដែលខាងអន្តរជាតិគេពេញចិត្ត និងទទួលស្គាល់»។
អ្នកស្រីបានបន្ថែមថា ហាងកីមាស បានបង្កើតឡើងតាំងពីឆ្នាំ២០១៥ មានលក់ ហូល ផាមួង សូត្រលាយគ សូត្រ សុឹងប៉ាក់ សុឹងលាត និងសុឹងក្រនៀវ បច្ចុប្បន្នមានទីតាំងលក់និងឆ្នៃម៉ូតនៅផ្សារទំនើបសូរិយា ជាន់ទី៤ និងមានអ្នកផលិតនៅតាមបណ្ដាខេត្តតាកែវ កោះដាច់ បន្ទាយមានជ័យ បាត់ដំបង សៀមរាប និងខេត្តព្រៃវែង ដែលជាចំណែកមួយផ្តល់ការងារដល់ស្រ្តីនៅក្នុងតំបន់ផង និងសាងកេរ្តិ៍ឈ្មោះផលិតផលខ្មែរ ដែលមានគុណភាពសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិផង៕

Comments

Related posts