ព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ នឹងទាក់ទាញទេសចរចិន មកកម្ពុជាកាន់តែច្រើន

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

ភ្នំពេញ៖ កម្ពុជា-ចិននឹងរៀបចំព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅបរិវេណព្រះលានជល់ដំរី  ខេត្តសៀមរាប។
ព្រឹត្តិការណ៍«ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤» នេះ រៀបចំដោយក្រសួង ទេសចរណ៍ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ  ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភាគីចិន ក្រោមអធិបតីភាព ឯកឧត្តម លី សូឡី(Li Shulei) សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រី ឃោសនាការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្ដចិននិងសម្តេចពិជ័យសេនាទៀ បាញ់ ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តម ទិត្យ ថាវរិទ្ធ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានប្រាប់ឱ្យដឹងថា បើយោងតាមការ ប្រជុំគណៈកម្មការអន្តរក្រសួងដែលដឹកនាំដោយក្រសួងទេសចរណ៍ បានអនុញ្ញាតឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈត្រៀមរៀបចំសម្តែងរបាំ និងការប្រគំតន្ត្រីរួមគ្នាជាមួយភាគីចិន។
សំឡេង៖ «របាំទី១គឺរបាំទេពមនោរម្យ ការប្រគំតន្ត្រីរួមគ្នារវាងតន្ត្រីករ កម្ពុជា និងចិន ការសម្តែងបទ ចម្រៀងមួយចំនួនទៀតដោយកុមារចំនួន៥០នាក់។  ចំពោះការយល់ឃើញរបស់ខ្ញុំ ការរៀបចំ ព្រឹត្តិការណ៍នេះ មានសារសំខាន់ណាស់សម្រាប់ប្រទេសចិន និងកម្ពុជា ។ កម្ពុជាយើងកំពុងត្រូវការវត្តមានរបស់ទេសចរឡើងវិញឱ្យមកកម្ពុជាកាន់តែច្រើន។  ហើយការផ្សព្វផ្សាយ ទៅកាន់ប្រទេសចិនគឺជារឿងមួយសំខាន់សម្រាប់កម្ពុជា ព្រោះចិនមានប្រជាជនច្រើនរហូតដល់រាប់លាន      នាក់ អ៊ីចឹងបើផ្សព្វផ្សាយដល់ប្រជាជនចិនឱ្យមកលេងអង្គរវត្តយើងកាន់តែច្រើន ជាការល្អប្រសើរ សម្រាប់ វិស័យទេសចរណ៍ សេដ្ឋកិច្ច វិនិយោគ ដោយផ្ទាល់ និងដោយប្រយោល។  ព្រឹត្តិការណ៍នេះ គឺជាការផ្សព្វ ផ្សាយពីវប្បធម៌កម្ពុជាដែរ ព្រោះក្រសួងវប្បធម៌មិនមែនធ្វើតែកិច្ចការវប្បធម៌តែម្យ៉ាងទេ គឺយើងបានធ្វើការ ជំរុញឱ្យសេដ្ឋកិច្ចទេសចរណ៍ផង និងវប្បធម៌ផង គឺយើងធ្វើការរួមគ្នា។ អ៊ីចឹងខ្ញុំគិតថា មានសារសំខាន់ ណាស់សម្រាប់ប្រទេសយើងទាំងពីរ  ។ »
ឯកឧត្តម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ឱ្យដឹងដែរថា គិតត្រឹម ថ្ងៃទី៨ខែមករា ឆ្នាំ២០២៤ ក្រុមការងារពាក់ព័ន្ធបានត្រៀមលក្ខណៈរួចរាល់ហើយ ក្នុងព្រឹត្តិការណ៍ឆ្នាំនៃការ ផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤នេះ។
សំឡេង៖ «ការងាររបស់យើងមានការឯកភាពគ្នាជាគោលការណ៍អស់ហើយ ។ ក្រុមការងារបច្ចេកទេស ទាំងអស់ បានចាប់ដៃគ្នានៃស្ថាប័នពាក់ព័ន្ធទាំងអស់នោះ ។ យើងក៏រំពឹងថា នឹងមានភ្ញៀវទេសចរចិន បានមកទស្សនាប្រទេសយើងកាន់តែច្រើន ឱ្យមានកំណើនឱ្យដូចមុនកូវីដ-១៩ឡើងវិញ ។ 
សំខាន់ការងារទាំងអស់យើងបានត្រៀមរួចហើយ ទាំងហេដ្ឋារចនាសម្ព័ន្ធទូទៅ ទាំងកិច្ចការងារផ្សេងៗ ដែលអាជ្ញាធរជាតិអប្សរាកំពុងបំពេញនោះគឺយើងត្រៀមរួចរាល់អស់ហើយ » ។
លោកស្រី ឆាយ ស៊ីវលីន ប្រធានទីភ្នាក់ងារទេសចរណ៍កម្ពុជាបានចាត់ទុកថា  ព្រឹត្តិការណ៍នៃការផ្លាស់ប្ដូរ ប្រជាជននិងប្រជាជនកម្ពុជា-ចិន២០២៤នេះ គឺមានសារៈសំខាន់ណាស់សម្រាប់ប្រជាជននៃប្រទេស ទាំងពីរ បានស្វែងយល់ ចែករំលែកបទពិសោធន៍ ព័ត៌មានទៅវិញទៅមក និងបង្កើនភាពស្និទ្ធស្នាលគ្នា កាន់តែខ្លាំងឡើង។ ហើយឆ្លុះបញ្ចាំងពីភាពរឹងមាំពីមិត្តដែកថែប ដែលចិនតែងតែនៅជាមួយកម្ពុជាក្នុងគ្រា លំបាកបំផុត។ 
សំឡេង៖ « យើងសង្ឃឹមថា មិត្តចិននឹងរាប់ចាប់តាំងពីព្រឹត្តិការណ៍ ហើយជំរុញប្រជាជនរបស់ខ្លួនឱ្យមក កម្ពុជា ឱ្យដូចមុនវិបត្តិកូវីដ-១៩ ព្រោះថាទេសចរចិនបានដើរតួនាទីសំខាន់ ក្នុងការធ្វើឱ្យមានកំណើន ភ្ញៀវទេសចរដែលចូលមកកម្ពុជា  ក៏ដូចជាជួយសេដ្ឋកិច្ចជាតិឱ្យមានកំណើន»
ការរៀបចំព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤នេះ ស្របទៅនឹងការ ឯកភាពគ្នារបស់ប្រមុខរដ្ឋាភិបាលទាំងពីរកម្ពុជា-ចិនកាលពីខែតុលាឆ្នាំ២០២៣ ក្នុងការជំរុញនូវគោល នយោបាយគន្លឹះនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ការលើកកម្ពស់វិស័យទេសចរណ៍ និងគោលដៅ អាទិភាពក្នុងការជំរុញទេសចរចិនមកលេងកម្ពុជា ។ វាក៏ស្របតាមផែនការយុទ្ធសាស្ត្រគន្លឹះ «ទស្សនាអង្គរ ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះផងដែរ។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍នេះ នឹងមានគណៈប្រតិភូជាន់ខ្ពស់ អ្នកវិនិយោគ ធុរជន សិល្បករ សិល្បការិនី និងភ្ញៀវទេសចរចិនប្រមាណ១០០០នាក់  អញ្ជើញមកបំពេញទស្សនកិច្ចនៅតំបន់រមណីយដ្ឋានអង្គរ ខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ ក៏នឹងមាន ការផ្លាស់ប្ដូរវប្បធម៌រវាងគ្នា ដែលជាការបង្ហាញនូវសាមគ្គីភាពល្អ ចំណងមិត្តភាពដ៏ប្រសើរ និងការរួមបញ្ចូលគ្នារវាងទស្សនីយភាព  សិល្បៈដ៏អស្ចារ្យ ដើម្បីផ្តិតយករូបភាពដ៏ប្រណិតទៅផ្សព្វផ្សាយដល់ប្រជាជនចិន ក៏ដូចជាប្រទេសក្នុងតំបន់ និងទៅកាន់ពិភពលោកផងដែរ៕

photo_2024-01-08_20-42-06

Comments

Related posts