គម្រោងជួសជុលខឿនរួតបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ត្រូវបានបញ្ចប់

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤

a2-165

a5-165

a4-170

a3-172

a-140

a1-166

MC. ក្រុមអ្នកជំនាញអាជ្ញាធរជាតិអប្សរាបាន បញ្ជាក់ថា ដំណើរការជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត ក្នុងដំណាក់កាលទី៣ បានបញ្ចប់ជាស្ថាពរហើយ ដោយក្រុមអ្នកជំនាញបានខិតខំអស់កម្លាំងកាយចិត្ត ដើម្បីធ្វើឱ្យផ្នែកនៃខឿននេះ មានសភាពរឹងមាំឡើងវិញ។
  លោក ឃាម មុនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរាបានឱ្យដឹងថា មន្ត្រីជំនាញបានបញ្ចប់ការងារជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទ អង្គរវត្ត ក្នុងដំណាក់កាលទី៣នេះ មួយរយភាគរយហើយ នៅលើផ្នែករចនាសម្ព័ន្ធនៃប្រាសាទ ខណៈបានចាប់ផ្ដើមការងារជួសជុលតាំងពីដើមខែមករា ឆ្នាំ២០២៣មក។
លោកថា ក្នុងគម្រោងជួសជុលខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទអង្គរវត្ត គឺក្រុមការងារបានជួសជុលថ្មបែកបាក់ចំនួន២៩២ដុំ ដែលរុះរើពីតាមផ្នែកនៃជ្រុងនីមួយៗ បានចែកចេញជា៦ផ្នែក ឱ្យល្អរឹងមាំរួចហើយ រៀបចំទៅតាមកន្លែងដើមឡើងវិញ។
លោកបន្ថែមថា ពីលើការជួសជុលថ្មបែកបាក់ពីតាមផ្នែកនៃជ្រុងនីមួយៗឱ្យរឹងមាំ រួចហើយរៀបចំទៅតាមកន្លែងដើមឡើងវិញនោះ ក្រុមការងារបច្ចេកទេសក៏បានជួយសង្គ្រោះការខូចខាតជាច្រើនកន្លែងផ្សេងទៀតឱ្យប្រសើរឡើងវិញដែរ ដូចជា រុញថ្មដែលញែកចេញពីគ្នាឱ្យចូលគ្នា ពង្រឹងរចនាសម្ព័ន្ធរបស់ប្រាសាទទាំងមូលឱ្យរឹងមាំឡើងវិញដែរ។ លោកថា ខឿនបាកាណ ប៉ែកអាគ្នេយ៍ នៃប្រាសាទ អង្គរវត្ត ដែលមានអាយុកាលនៃសំណង់យូរលង់មកហើយ បានរងការខូចខាត ដោយសារតែកត្តាជាច្រើន ក្នុងនោះដើមឈើដុះចាក់
ឫសចូលតាមថ្នេរថ្មខឿន និងចូលទៅក្នុងគ្រឹះធ្វើឱ្យថ្មរហែកញែកចេញពីគ្នា រួមផ្សំនឹងកត្តាទឹកភ្លៀងហូរចូលតាមចន្លោះថ្ម ទៅក្នុងគ្រឹះផងបណ្តាលឱ្យគ្រឹះខ្សោយនិងស្រុត។
 រួតបាកាណ ជ្រុងអាគ្នេយ៍នេះ គឺមានសភាពទ្រុឌទ្រោមខ្លាំងណាស់ ដោយសារការសិក្សា និងការស្រាវជ្រាវរបស់យើង ទាំងក្រុមផ្នែកស្ថាបត្យកម្ម ក្រុមផ្នែកជួសជុល អភិរក្សថ្ម យើងបានសិក្សារួមគ្នាទាំងអស់គ្នាហ្នឹង ឃើញថាថ្មទាំងអស់ហ្នឹង វាខ្ទេចខ្ទាំ ទីមួយវាបាក់វាបែក វាពុក វាផុយ ហើយការពុកផុយនេះ វាបំផ្លាញដោយធម្មជាតិខ្លះ ជាពិសេសគឺមនុស្សគាត់បំផ្លាញ គាស់ទម្លាក់តាមជ្រុងមួយៗ។ អ៊ីចឹងធ្វើឱ្យប្រាសាទនេះ មិនមែនធ្លាក់ឥឡូវ បន្តិចម្តងៗវានឹងធ្លាក់ជាបន្តបន្ទាប់ បើយើងមិនពង្រឹងមិនសិក្សាឱ្យទាន់ពេលវេលាទេ វានឹងទទួលដោយចៃដន្យ ឬភាពជាយថាហេតុណាមួយវានឹងធ្លាក់មកក្នុងថ្ងៃណា អ៊ីចឹងហើយបានជាយើងលើកគម្រោងហ្នឹងជាបន្ទាន់ ដើម្បីសង្រ្គោះប្រាង្គខឿនបាកាណនេះ រួតអាគ្នេយ៍នេះទាន់ពេលវេលា។ ជាក់ស្តែងអ្នកមកលេងអង្គរវត្ត លោកមកម្តងទៀត នឹងឃើញថាប្រាសាទអង្គរវត្តនេះ ពីមុនយ៉ាងម៉េច មកបច្ចុប្បន្ននេះយើងជួសជុលពង្រឹងវាយ៉ាងម៉េច។
ក្រុមអ្នកបច្ចេកទេសរំពឹងថា ក្រោយពីបញ្ចប់ការជួសជុលខឿនបាកាណ របស់ប្រាសាទអង្គរវត្ត ជាទីតាំងសំខាន់ដែលធ្វើឱ្យភ្ញៀវទេសចរឆ្លងកាត់ឥតដាច់ ដូច្នេះហើយ បានជាអ្នកជំនាញត្រូវយកចិត្តទុកដាក់ថែរក្សាបេតិកភណ្ឌដ៏មហស្ចារ្យមួយនេះឱ្យបានល្អ ដើម្បីរួមចំណែកក្នុងការលើកតម្លៃក្នុងតំបន់នេះផង និងអាចបង្កើនកន្លែងទស្សនាដល់ទេសចរឱ្យកាន់តែមានជម្រើសច្រើនផង៕

Comments

Related posts