ចម្លាក់តោកជាស្នាដៃដ៏មានតម្លៃយូរអង្វែង ដែលត្រូវរួមគ្នារក្សាកេរ្តិ៍ឈ្មោះនិងគុណតម្លៃវប្បធម៌សម្រាប់ជាតិទាំងមូល

 

 

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ០៩.០១.២០២៤

IMG_7431

IMG_7428

IMG_7423

IMG_7422

IMG_7419

IMG_7420

IMG_7421

 

    ជាងចម្លាក់តោកមួយរូប បានលើកឡើងថា ចម្លាក់តោកជាស្នាដៃដ៏មានតម្លៃយូរអង្វែង ដែលត្រូវរួមគ្នារក្សាកេរ្តិ៍ឈ្មោះនិងគុណតម្លៃវប្បធម៌សម្រាប់ជាតិទាំងមូល បើទោះបីជាបច្ចុប្បន្នមានជួបបញ្ហាទីផ្សារបន្តិចបន្តួចក្តី ។ 

  លោក ព្រេច ពៅ ម្ចាស់សិប្បកម្មចម្លាក់តោកលក្ខណៈគ្រួសារ ស្ថិតនៅភូមិព្រៃទេព ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានមានប្រសាសន៍ ប្រាប់វិទ្យុជាតិកម្ពុជាថា  តោកមានច្រើនប្រភេទ និងរូបរាងខុសៗគ្នាទៅតាមបែបផែនពីបុរាណ  ហើយបច្ចុប្បន្នការផលិតតោកនេះ គឺអាស្រ័យលើការបញ្ជាទិញរបស់អតិថិជន និងទីផ្សារតែប៉ុណ្ណោះ។ លោកបន្តថា ដើម្បីអាចធ្វើចម្លាក់តោកនេះបាន  គឺលោកបានរៀនជំនាញចម្លាក់នេះ ពីសាលានិងអ្នកជំនាញចម្លាក់អស់រយៈពេលជាង១០ឆ្នាំមកហើយ ដោយស្គាល់ ច្បាស់ពីក្បួនខ្នាត ក្បូរក្បាច់ ដែលមានច្រើនប្រភេទ និងរូបរាងខុសៗគ្នាទៅតាមបែបផែនពីបុរាណ។  ជាងនេះទៅទៀត លោកក៏បាន បង្រៀនទៅក្មេងជំនាន់ក្រោយ ឱ្យចេះធ្វើចម្លាក់តោកនេះ ពិសេសនោះគឺទាមទារឱ្យពួកគាត់ត្រូវការអំណត់ណាស់ និងត្រូវការស្រឡាញ់ ទើបអាចបន្តកេរដំណែលប្រពៃណីនេះបាន។  

 «ចម្លាក់តោកនេះគឺមាន ៣ឬ៤ប្រភេទ ដោយមានមូល ជ្រុង និងតោកសារពើសូត្រតាវែង និងសារពើសូត្រ១២ជ្រុង។ ហើយការប្រើប្រាស់ទាំងអស់នេះ គឺប្រើប្រាស់ដូចៗគ្នា ដែលសម្រាប់ដាក់ផ្លែឈើ ដាក់ដង្វាយព្រះក្នុងគ្រឿងសក្ការបូជាផ្សេងៗ ហើយមានតាមសណ្ឋានរបស់អ្នកប្រើប្រាស់។ 

  លោកព្រេច ពៅ បានបង្ហាញពីការកំពុងព្រួយបារម្ភលើការបាត់បង់ទម្រង់ដើម ដោយសារតែការចម្លងស្នាដៃលក់ពាសពេញទីផ្សារ ដោយគ្មានមូលដ្ឋានគ្រឹះត្រឹមត្រូវ ខណៈទាំងសាស្ត្រាចារ្យផ្នែកសិល្បៈ និងអ្នកប្រកបអាជីពនេះ ដែលសុទ្ធតែឆ្លងកាត់ការសិក្សាពីក្បួនខ្នាតក្បាច់ចម្លាក់រាប់ឆ្នាំនោះ យល់ថាការចម្លងដោយគ្មានមូលដ្ឋាននេះ នឹងធ្វើឱ្យប៉ះពាល់ដល់ក្បាច់ និងលក្ខណៈពិសេស របស់តម្លៃវប្បធម៌របស់ជាតិ។

  លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរគ្រប់រូបគាំទ្រផលិតផលខ្មែរ និងជួយជាវវត្ថុសិល្បៈទាំងនេះ ដើម្បីលើកកម្ពស់ស្នាដៃរបស់កូនខ្មែរ។ លោកព្រេច ពៅ ក៏ស្នើដល់ក្រសួងស្ថាប័នពាក់ព័ន្ធបន្តលើកទឹកចិត្ត និងជំរុញការលើកស្ទួយដល់សិប្បករខ្មែរឱ្យបន្តចាប់យកអាជីពនេះបន្តទៀត ក្នុងការរួមចំណែករក្សា កេរ្តិ៍ឈ្មោះ តម្លៃវប្បធម៌ សម្រាប់ជាតិទាំងមូល៕

Comments

Related posts