ក្រសួងបរិស្ថាន ប្រកាសអនុវត្តវិធានប្រតិបត្តិពាក់ព័ន្ធការកាត់បន្ថយការបញ្ចេញកាបូនក្នុងបរិយាកាស

Narith | ថ្ងៃទី 11 ខែ មករា ឆ្នាំ 2024

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១១ ០១ ២០២៤

a12-108

a16-58

a14-86

a15-68

a13-93

a17-51

  ក្រសួងបរិស្ថាន បានប្រកាសអនុវត្តវិធានប្រតិបត្តិមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ បន្ទាប់ពី ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាន ប្រកាសទៅកាន់ពិភពលោកថា កម្ពុជាបានរៀបចំខ្លួនរួចរាល់ហើយក្នុងការធ្វើពាណិជ្ជកម្មកាបូន។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការអនុវត្តនូវវិធានប្រតិបត្តិនៃកិច្ចព្រមព្រៀងនេះ គឺធ្វើតាមរយៈការអនុវត្តផែនការជាក់លាក់ក្នុងយុទ្ធសាស្រ្តាចក្រា ដែលផ្តោតលើមុំអាទិភាពចំនួន៣ គឺស្អាត បៃតង និងចីរភាព ដែលក្នុងនោះមុំទី២ គឺការអភិរក្សនិងគ្រប់គ្រងព្រៃឈើដោយនិរន្តរភាព។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រសួងបរិស្ថាន បានដាក់ចេញវិធានការអាទិភាពចំនួន៤ ក្នុងការទប់ស្កាត់បទល្មើសព្រៃឈើ ដោយអនុវត្តតាមច្បាប់មិនលើកលែង និងយុទ្ធនាការផ្តល់កូនឈើចំនួន១លានដើម ជូនប្រជាពលរដ្ឋដាំដោយឥតថ្លៃ ចាប់ពីឆ្នាំ២០២៤នេះ ដើម្បីបង្កើនគម្រប ព្រៃឱ្យបាន៦០ភាគរយ នៅឆ្នាំ២០៥០ ក្នុងគ្រាដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរអាទិភាពលើវិស័យបរិស្ថាន ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅ សម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីពេលថ្មីៗនេះ បានគាំទ្រ និងអនុម័តវិធានប្រតិបត្តិនូវមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ដែលការណ៍នេះបានជំរុញ និងលើកទឹកចិត្តដល់កម្ពុជា ក្នុងការធ្វើអាជីវកម្មកាបូន ប្រកបដោយតម្លាភាព គណនេយ្យភាព និងស្របតាមស្តង់ដារអន្តរជាតិ។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា «វិធានប្រតិបត្តិមានប្រយោជន៍ខ្លាំងណាស់សម្រាប់កម្ពុជា ហើយក៏ជាការចូលរួមចំណែកសំខាន់របស់កម្ពុជាជាមួយពិភពលោក ក្នុងការកាត់បន្ថយការកើនឡើងកម្តៅលើភពផែនដី និងការប្រែប្រួលអាកាសធាតុ ដែលជាបញ្ហាសកល»។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា កន្លងមកកម្ពុជាបានអនុវត្តអាជីវកម្មកាបូនតាមរយៈការស្មគ្រចិត្ត។ ដូច្នេះតាមរយៈមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស គឺអនុញ្ញាតឱ្យកម្ពុជាកាន់តែពង្រឹងខ្លួនបានខ្លាំងថែមទៀត លើការធ្វើពាណិជ្ជកម្មទ្វេភាគី រវាងរដ្ឋាភិបាលនិងរដ្ឋាភិបាល ស្របនឹងលក្ខខ័ណ្ឌនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ ហើយក៏ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តខ្ពស់របស់កម្ពុជា និងអំពីតម្លាភាព ដែលកម្ពុជា អនុវត្តបាន យ៉ាងខ្ជាប់ខ្ជួននៃកិច្ចព្រមព្រៀងនេះ។
កញ្ញា Shomi Kim តំណាងវិទ្យាស្ថានកំណើនបៃតងសកល ដែលសរសេរជាអក្សរកាត់ថា GGGI (GLOBAL GREEN GROWTH INSTITUTE) បង្ហាញទស្សនៈវិជ្ជមានចំពោះកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព។ តំណាង GGGI ប្រចាំកម្ពុជារូបនេះ បានថ្លែងថា កម្ពុជាជាប្រទេសទី១ នៃសមាជិក GGGI ដែលបានគាំទ្រវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា កម្ពុជា ជារដ្ឋភាគីនៃក្របខ័ណ្ឌអនុសញ្ញាស្តីពីការប្រែប្រួលអាកាសធាតុ ដែលមានប្រទេសចំនួន១៩៧។ កិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអកាសធាតុ ត្រូវបានអនុម័ត នៅក្នុងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ នាកិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុ COP25 នៅទីក្រុងប៉ារីស៍ប្រទេសបារាំង។
ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ មានវិធានប្រតិបត្តិចំនួន២៩ប្រការ ក្នុងនោះប្រការទី៦ បានសង្កត់ធ្ងន់លើពាណិជ្ជកម្មកាបូន(Carbon Trading) ដើម្បីចូលរួមកាត់បន្ថយ និងបន្ស៉ាំនៃការប្រែប្រួលអាកាសធាតុ។
កម្ពុជាមានសុទិដ្ឋិនិយមថា ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីការប្រែប្រួលអាកាសធាតុ នឹងចូលរួមកាត់បន្ថយការបញ្ចេញកាបូន ពីវិស័យថាមពលនិងឧស្សាហកម្ម ការជំរុញប្រសិទ្ធភាពថាមពល ការដឹកជញ្ជូននិរន្តរភាព ការគ្រប់គ្រងនិងកែច្នៃសំណល់ ការអនុវត្តកសិកម្ម ដែលបញ្ចេញកាបូនទាប ក៏ដូចជាការកៀរគរ ហិរញ្ញប្បទានបៃតង និងនវានុវត្តន៍៕