អ្នកជំនាញកំពុងជួយសង្រ្គោះប្រាសាទជមឱ្យរឹងមាំឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូស

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤

IMG_7733

IMG_7732

IMG_7737

IMG_7741

IMG_7739

IMG_7747

IMG_7744

IMG_7742

MC.អាជ្ញាធរជាតិអប្សរា សហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF)កំពុងជួសជុលប្រាសាទជម ដែលមានទីតាំងស្ថិតនៅបរិវេណនៃក្រុងអង្គរធំ ដែលទទួលរងការខូចខាតធ្ងន់ធ្ងរឱ្យរឹងមាំឡើងវិញតាមបច្ចេកទេសអាណាស្ទីឡូស(Anastylosis) រុះរើតួរបស់ប្រាសាទដើម្បីជួសជុលពង្រឹងគ្រឹះ ពង្រឹងរចនាសម្ព័ន្ធពាក់ព័ន្ធផ្នែកខាងក្រោម ព្រមទាំងជួសជុលថ្មដែលបាក់ខូច និងរៀបផ្គុំតួប្រាសាទជាថ្មីឡើងវិញ ដោយរក្សាឱ្យបាននូវទម្រង់ដើមទាំងស្រុង។
  អ្នកយកព័ត៌មានយើងប្រចាំខេត្ត សៀមរាបធ្វើសេចក្តីរាយការណ៍!
   លោក ថៃ យ៉ាម៉ង់ ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរាឱ្យដឹងថា គម្រោងជួសជុលប្រាសាទជម បានចាប់ផ្តើមនៅឆ្នាំ២០១៩ ដោយជំហានដំបូងបានធ្វើកំណាយស្រាវជ្រាវ វាយតម្លៃការខូចខាត ធ្វើសម្រង់ប្លង់និងស្វែងរករកឯកសារ និងរូបភាពចាស់ៗសម័យបារាំង ព្រមទាំងរុះរើថ្មតាមបច្ចេកទេសអាណាស្ទីឡូស ដោយបែងចែកជា២ដំណាក់កាល។ ថ្មដែលរើមានចំនួន៣៥ស្រទាប់ ដោយថ្មភក់ចំនួន៣៥៨០ដុំ និងថ្មបាយក្រៀមមាន៤១០០ដុំ។ លោក យ៉ាម៉ង់ ឱ្យដឹងទៀតថា ចំពោះការពង្រឹងគ្រឹះដែលស្រុតឱ្យរឹងមាំឡើងវិញ នៅតាមកន្លែងខូចខាតនានាត្រូវផ្លាស់ប្ដូរថ្មបាយក្រៀមថ្មី និងបច្ចុប្បន្ននេះ កំពុងរៀបសាកល្បងកម្រាល ដើម្បីឈានទៅដល់ការរៀបផ្គុំខឿនរបស់ប្រាសាទទាំងមូលឡើងវិញ។
ស្ថាបត្យកររូបនេះបញ្ជាក់ទៀតថា ថ្មដែលរលុះធ្លាក់ផ្នែកខាងលើបានរកឃើញប្រមាណ៣០ភាគរយ ហើយថ្មមួយចំនួនបានរងការខូចខាតដែលទាមទារការជួសជុល និងព្យាបាលដោយយកចិត្តទុកដាក់។ ជាមួយគ្នានេះដែរ ការស្វែងរកថ្មនៅប្រាសាទជម មានការលំបាកក្នុងការផ្គុំឡើងវិញ ដោយសារគំនរថ្មខ្លះមានលាយឡំគ្នាជាមួយថ្មប្រាសាទផ្សេងទៀតដែលនៅជុំវិញ។
ក្នុងការងារជួសជុលយើងមានការលំបាកខ្លះដូចជា នៅរដូវភ្លៀងពេលភ្លៀងមកធ្វើឱ្យអាក់ខាន សកម្មភាពការងារ ដែលធ្វើឱ្យផែនការមិនអាចហើយទៅតាមពេលកំណត់ ផលលំបាកមួយទៀតគឺពិបាករកថ្មសម្រាប់ផ្គុំឡើងវិញ ហើយថ្មខ្លះលាយគ្នាជាមួយប្រាសាទជុំវិញ ដែលយើងពិបាកបែងចែកថ្មណាជារបស់ប្រាសាទជម ថ្មណាជារបស់ប្រាសាទតាទួត ហើយនឹងប្រាសាទដូននាវ។
លោក ថៃ យ៉ាម៉ង់ បានបន្ថែមទៀតថា ស្ថានភាពរបស់ប្រាសាទជម ផ្នែកកំពូលនៃប្រាសាទត្រូវបានរលុះធ្លាក់ កន្លែងខ្លះទៀតហែកក្រៀក ថ្មស្ទើរតែបាត់បង់រូបរាងដើម បណ្តាលមកពីអាយុកាលនៃសំណង់ កត្តាសង្រ្គាម កត្តាកង្វះការថែទាំយូរអង្វែង និងកត្តាធម្មជាតិ ដូចជាឫសឈើចាក់បំបែករចនាសម្ព័ន្ធរបស់ប្រាសាទរហូតទៅដល់ដីគ្រឹះ ធ្វើឱ្យទឹកភ្លៀងហូរចូល នាំឱ្យដីគ្រឹះចុះខ្សោយនិងធ្វើឱ្យស្រុតចុះ ថែមទាំងទ្រេតចំនួន៦ដឺក្រេ។ សូមបញ្ជាក់ថា  គម្រោងជួសជុលប្រាសាទជម អាចនឹងបញ្ចប់នៅឆ្នាំ២០២៥ខាងមុខ៕

Comments

Related posts