អាជ្ញាធរជាតិអប្សរាកំពុងជួសជុលខឿនព្រះលានជល់ដំរីឱ្យរឹងមាំឡើងវិញ

 

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤

IMG_7986-1

IMG_7987-2
IMG_7993

IMG_7991

IMG_7992-1

IMG_7989-1

IMG_8006

 

MC. ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ(KOICA) តាមរយៈមូលនិធិបេតិកភណ្ឌកូរ៉េ(KCHF) កំពុងដំណើរការជួសជុលរចនាសម្ព័ន្ធមួយចំនួន របស់ព្រះលានជល់ដំរី ដែលរងការខូចខាតឱ្យប្រសើរឡើងវិញ។

   លោក PARK JIMIN អ្នកគ្រប់គ្រងគម្រោងមូលនិធិបេតិកភណ្ឌកូរ៉េ មានប្រសាសន៍ថា ការជួសជុលព្រះលានជល់ដំរីកំពុងធ្វើនៅលើទីតាំងចំនួន២ផ្សេងគ្នា គឺមួយស្ថិតនៅផ្នែកខាងជើង ប្រវែង២០ម៉ែត្រ និងមួយទៀត នៅផ្នែកខាងត្បូង មានប្រវែង១៥ម៉ែត្រ។ លោកថា ក្នុងដំណើរការជួសជុលក្រុមអ្នកបច្ចេកទេសផ្តោតការអនុវត្តលើការងារសំខាន់ៗមួយចំនួនដូចជា ពង្រឹងគ្រឹះ ពង្រឹងរចនាសម្ពន្ធពាក់ព័ន្ធផ្នែកខាងក្នុង និងខាងក្រោម ព្រមទាំងរៀបផ្គុំជញ្ជាំងនៃខឿនដែលទ្រេត និងថ្មពុកផុយឱ្យល្អឡើងវិញទៅតាមទម្រង់ដើម។

លោកបានឱ្យដឹងទៀតថា តាមការរកឃើញនៅទីតាំងទាំងពីរនេះ មានសភាពប្រហាក់ប្រហែលគ្នា គឺផ្ទៃជញ្ជាំងបានទ្រេតខ្លាំង អាចនឹងរលំ ព្រមទាំងថ្មបាយក្រៀម និងថ្មភក់ខ្លះបានពុកផុយបណ្ដាលមកពីអាយុកាល និងទឹកភ្លៀងហូរច្រោះខាងក្រោមធ្វើឱ្យគ្រឹះខាងក្រោមបាត់បង់លំនឹង។

   ចំណែកលោក ព្រំ ទិត្យឆពណ្ណរិទ្ធ ស្ថាបត្យករ និងជាក្រុមការងារបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរាមានប្រសាសន៍ថា ដំណើរការការដ្ឋានជួសជុលនៅទីនេះបានចាប់តាំងពីដើមឆ្នាំ២០២២មក ទៅតាមដំណាក់ជាបន្តបន្ទាប់ មូលហេតុសំខាន់ៗមួយចំនួន ដែលធ្វើឱ្យគ្រឹះជញ្ជាំងស្រុត និងទ្រេតខ្លាំង ដោយសារតែគ្រឹះខាងក្រោម មានកន្លែងខ្លះស្រុត បណ្ដាលមកពីឫសឈើដុះចាក់ចូលទៅក្នុងរចនាសម្ព័ន្ធ ធ្វើឱ្យថ្មមួយចំនួនរំកិលចេញពីទីតាំងដើម បង្កើតបានជាប្រហោងនៅតាមចន្លោះថ្ម ជាហេតុធ្វើឱ្យទឹកហូរច្រោះចូលទៅតាមប្រហោងថ្មនាំល្បាយដីខ្សាច់ចេញមកក្រៅជាដើម។

 អ្វីដែលប្រឈម ដែលយើងឃើញផ្ទាល់នឹងភ្នែកតែម្តងគឺ ជញ្ជាំងផ្នែកខាងលើ គឺចាប់ផ្តើមពីពាក់កណ្តាលទៅលើ គឺមានសភាពទ្រេតខ្លាំងមកខាងមុខ គឺហានិភ័យដែលអាចនឹងដួលរលំនៅថ្ងៃណាមួយ ហើយពីមុនក៏មានការទល់ទ្រសង្រ្គោះបឋម ពីនាយកដ្ឋានអភិរក្សដែរ ដើម្បីចៀសវាងការដួលរលំមក បន្ទាប់មកដោយសារយើងឃើញអ៊ីចឹងហើយ បានយើងរុះរើឈើទល់ទ្រហ្នឹង ចាប់ផ្តើមសិក្សាគម្រោងហើយ ក៏ចាប់ផ្តើមរៀបជញ្ជាំងឡើងវិញ។ ហើយទាក់ទងនឹងជញ្ជាំងវាទ្រេតមកមុខហើយ បញ្ហាគ្រឹះខាងក្រោមផង ព្រោះគ្រឹះខាងក្រោមមានកន្លែងខ្លះវាខ្សោយ ធ្វើឱ្យស្រុត អ៊ីចឹងនៅពេលគ្រឹះខាងក្រោមស្រុត ជញ្ជាំងខាងលើក៏វាទ្រេតមកខាងមុខ ដល់អ៊ីចឹងយើងបានសិក្សាហើយជំនួសនូវថ្មបាយក្រៀមថ្មី ដែលជាគ្រឹះខាងក្រោម ហើយយើងចាប់ផ្តើមរៀបជញ្ជាំងឡើងវិញដើម្បីឱ្យបានត្រង់ ចៀសវាងហានិភ័យដែលដួលរលំនៅថ្ងៃក្រោយ។

សូមជម្រាបថា រយៈពេលជាច្រើនខែមកនេះ ដែលក្រុមអ្នកជំនាញបានរើថ្មកម្រាល និងជញ្ជាំងខឿនមួយផ្នែកដែលក្រៀកចេញ ដើម្បីពិនិត្យមើលស្ថានភាពជញ្ជាំងថ្មបាយក្រៀម និងរៀបថ្មភក់ ថ្មបាយក្រៀមទាំងនោះទៅតាមកន្លែងដើមឡើងវិញ ហើយចំពោះកន្លែងខ្លះដែលថ្មខូច គឺព្យាយាមជួសជុល ប៉ុន្តែ បើនៅតែមិនអាចជួសជុលបានទេ គឺត្រូវដាក់ថ្មថ្មីតិចតួចដើម្បីជំនួស៕

Comments

Related posts