នាវាចម្បាំងរបស់បារាំងដែលចតលើឆ្នេរសមុទ្រអេហ្ស៉ីប កំពុងជួយព្យាបាលអ្នករបួសមកពីហ្គាហ្សាប្រហែល ១,០០០នាក់

 

វិទ្យុជាតិកម្ពុជា កញ្ញា ខៀវ ណាវីន

a26-27

a24-34

a24-34

អន្តរជាតិ៖ មនុស្សប្រហែល ១,០០០ នាក់មកពីតំបន់ហ្គាហ្សា បានទទួលការព្យាបាលពីនាវាចម្បាំងរបស់បារាំងដែលឈប់សំចតលើឆ្នេរសមុទ្រនៃប្រទេសអេហ្ស៉ីប ខណៈហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងតំបន់រងគ្រោះដោយសង្រ្គាមបានដួលរលំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។ នាវា Dixmude ដែលផ្ទុកឧទ្ធម្ភាគចក្ររបស់បារាំងបានចូលចតនៅកំពង់ផែ El-Arish របស់អេហ្ស៉ីបចម្ងាយ ៥០ គីឡូម៉ែត្រភាគខាងលិចនៃតំបន់ Gaza ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០២៣។ នាវានេះបំពាក់ដោយបន្ទប់ពេទ្យ និងមានបុគ្គលិកពេទ្យចំនួន ៧០នាក់។ លោក Alexandre Blonce ដែលជាកាពីទែនកប៉ាល់បាននិយាយថា អ្នករងរបួសជិត ១២០ នាក់ត្រូវបានបញ្ជូនទៅព្យាបាលក្នុងបន្ទប់ពេទ្យ ខណៈដែលមនុស្សរាប់រយនាក់ទៀតទទួលការពិគ្រោះជំងឺ ដែលរួមមានការពិនិត្យរបួស និងបញ្ហាផ្លូវចិត្ត ហើយនេះជាបេសកកម្មមួយមិនធ្លាប់មានពីមុនមក។ គួរបញ្ជាក់ថា ប្រតិបត្តិការវាយលុកសងសឹងប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា ពីសំណាក់កងកម្លាំងអ៉ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនច្រើនជាង ២៥,០០០ នាក់ ដែលបើតាមមន្រ្តីសុខាភិបាលក្នុងតំបន់នោះថា ភាគច្រើនគឺជាជនស៉ីវិល។ អង្គការសុខភាពពិភពលោកក៏បានឱ្យដឹងផងដែរថា ពលរដ្ឋនៅក្នុងតំបន់ហ្គាហ្សាជួបការលំបាកក្នុងការទទួលបានការថែទាំសុខភាពនៅផ្ទះ ស្របពេលដែលមានមនុស្សរាប់ម៉ឺននាក់បានរងរបួសដោយភាគច្រើននៃមន្ទីរពេទ្យទាំង ៣៦ របស់ហ្គាហ្សាលែងដំណើរការ ហើយសម្រាប់មន្ទីរពេទ្យដែលនៅសល់កំពុងដំណើរការលើសពីសមត្ថភាពរបស់ខ្លួន៕

Comments

Related posts